ដោយ អាំងជូលាន
គ្រាន់តែយើងក្រឡេកភ្នែកមួយភ្លែតទៅលើចម្លាក់នៅរោងទងខាងក្រៅនៃប្រាសាទបាយ័ន្តនេះ (រូបលេខ១) ក៏អាចយល់បានភ្លាមថារាងកាយមនុស្សអាចដឹកនាំពាំយកអ្វីៗបានច្រើនណាស់ ត្បិតរបៀបប្រើរាងកាយនោះខុសៗគ្នាទៅតាមវត្ថុឬក៏អ្វីទៀតដែលខ្លួនអាចផ្ទុកហើយដូរទីកន្លែង។ ស្រីនេះទូលអ្វីមួយនៅលើក្បាលដោយយកដៃឆ្វេងជួយទប់វត្ថុនោះលើកឡើងទៅលើ ។ គាត់ក៏មានទៃមួយពាក់នៅលើស្មាដែរប្រហែលជាអង្ករក៏មិនដឹង ត្បិតដំណើរនេះទំនងទៅទីឆ្ងាយឬក៏ទីណាមួយដែលមិនស្គាល់មុន។ បានជាពោលដូច្នេះពីព្រោះផ្ទាំងរូបទូទៅបង្ហាញពីទ័ពដែលគេលើកក្នុងទេសកាលអ្វីមួយដែលយើងមិនដឹង។ ជំនាន់ដើមកាលណាមានសង្គ្រាមគេតែង “លើកទ័ព” ត្បិតក្រៅពីកងពលពិសេសខ្លះនោះឥតមានកងទ័ពជាប្រចាំសម្រាប់ប្រទេសឡើយ។អ្នកដែលត្រូវលើកជាទ័ពនោះជួនកាលនាំប្រព័ន្ធកូនទាំងគ្រួៗទៅតាមខ្លួន។
លុះដៃឆ្វេងយកទៅប្រើដូច្នេះហើយ ដៃស្តាំក៏មិននៅទំនេរ គឺយកទៅប្រើបានពីរមុខ គឺពកូន កណ្តៀតចង្កេះ ហើយឆ្លៀតកាន់លំពែងឱ្យប្តីទៀតផង។ នេះបង្ហាញថាមនុស្សយករាងកាយខ្លួនមកប្រើគ្រប់បែបយ៉ាងដើម្បីដឹកជញ្ជូន។ រូបដែលខ្ញុំនឹងបង្ហាញតទៅនេះ ច្បាស់ជាមិនគ្រប់សព្វទេ ពោលគឺគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ដែលរំលឹកយើងថាខ្មែរប្រើប្រាស់រាងកាយខ្លួនរបៀបណាខ្លះ។ ម៉្យាងវិញទៀតខ្ញុំនឹងបង្ហាញតែការដឹកជញ្ជូនតែឥវាន់របស់របរប៉ុណ្ណោះ ពុំនិយាយពីការដឹកជញ្ជូនមនុស្សដោយប្រីរាងកាយផ្ទាល់ រាប់តាំងពីការពឬបីកូនជាដើមឡើយ។ កាយវិការខ្លះសាមញ្ញជាពន់ពេក ដូចការកាន់របស់អ្វីនៅដៃមួយ (រូបលេខ ២) ឬក៏យួរជាដើម។ បើដំណើរឆ្ងាយបន្តិច គេនិយមពុន (រូបលេខ ៣) ហើយបើរបស់នោះធ្ងន់ឬទំហំធំជាងនោះគឺគេរែក មានន័យថាឈើដែលពាក់លើស្មាវែងជាងឈើពុន ហើយហៅថាដងរែក (រូបលេខ៤-៦) ។ រូបលេខ៧ បង្ហាញពីមនុស្សម្នាក់កំពុងលើក អម្រែកឡើង ចំណែកឯ រូបលេខ៨គឺមនុស្សម្នាក់ទៀតទើបនឹងដាក់អម្រែកចុះ ដោយមានមនុស្សម្នាក់នៅពីក្រោយឃាត់។ ជួនកាលឈើដែលពាក់លើស្មាពុំប្រើជាដងរែករបៀបនេះសម្រាប់មនុស្សម្នាក់ទេ គឺកាលណាវត្ថុនោះធ្ងន់ គេយកមកពាក់នៅកណ្តាល ដោយមនុស្សពីរនាក់សែងសងខាង( រូបលេខ ៩-១២) ។
ជួនកាលវត្ថុនោះមិនធ្ងន់អ្វីប៉ុន្មានឡើយ ប៉ុន្តែដោយសារទំហំក៏អាចសែងដែរ (រូបលេខ១៣)។ រូបលេខ ១៤ បង្ហាញការរែកនឹងការសែងទៅតាមតម្រូវការនៃការដឹកជញ្ជូននីមួយៗ។ បើរបស់ណាទ្រង់ធ្ងន់បន្តិច គេច្រើនលី (រូបលេខ ១៥) តែប្រការនេះក៏មិនទៀងឡើយ ត្បិតជួនកាលគេអាចលីផ្គាក់ដើម្បីជៀសវាងកុំឲ្យខ្លួនប៉ះនឹងផ្លែឧបករណ៍នោះ (រូបលេខ ១៦-១៧) ។ ជួនកាលទម្ងន់ល្មមៗក៏យកមក កណ្តៀតវិញក៏មាន។ ឧទាហរណ៍រូបស្រូវមួយកញ្ជើ នៅរូបលេខ១៥ អម្បាញ់មិញ រូបលេខ១៨បង្ហាញឲ្យឃើញថាមានគេកណ្តៀតទៅវិញ។បើវត្ថុស្រាលដូចជានៅរូបលេខ១៩ជាដើម ឃើញថាគេកណ្តៀតជាធម្មតា។ ជួនការវត្ថុនោះស្រាលទេ តែច្រងេងច្រងាង គេក៏ត្រកងឡើង។ ដូចជានៅរូបលេខ២០ យើងឃើញថាស្រីម្នាក់យកដៃស្តាំកាន់ស្រូវពីរកណ្តាប់ រីឯស្រូវជាច្រើនកណ្តាប់ទៀតដែលគាត់កាន់មិនបានក៏ត្រកងនឹងដៃឆ្វេង។ គេអាចទូលវត្ថុនានានៅលើក្បាល ជួនកាលមកពីត្រូវទៅទីឆ្ងាយ ហើយណាមួយវត្ថុនោះអាចឆ្ងន់ផង (រូបលេខ២១ )។
ជួនកាលទៀតឥតមានទាក់ទងនឹងទម្ងន់ទេគឺមកពីទំហំវត្ថុនោះធំ (រូបលេខ២២) ។ ម៉្យាងទៀតគឺការស្ពាយ។ ធ្វើរបៀបនេះគឺដៃទាំងពីរអាចនៅទំនេរធ្វើអ្វីទៀតបាន (រូបលេខ ២៣-២៤) ។ តាមឆ្លាប់សង្កេតតមក ខ្មែរមិនឃើញមានស្ពាយដោយដាក់វត្ថុនៅចំកណ្តាលខ្នងឡើយ ពុំដូចជនជាតិភាគតិចខ្លះ ដូចជាពួក “ជ្រាយ” ជាដើមដែលស្ពាយរបស់របរនៅក្នុង “កាផា” ខ្លួន (រូបលេខ២៥-២៦)។
ចំពោះវត្ថុ”បុគ្គលជាទីសក្ការៈ “មួយក៏មានតួនាទីជាទីសក្ការៈក្នុងមួយរយៈ គេតែងតែធ្វើម្តេចឲ្យខ្ពស់ជាងធម្មតា។ នៅរូបលេខ២៧ គឺគេទូលផ្កាក្នុងឱកាសហែនាគមកវត្តពេលបួស មិនខុសអ្វីពីរូបលេខ២៨ ដែលបង្ហាញពីស្រីចាម្បទូលរណ្តាប់របស់គេក្នុងពិធីបុណ្យមួយដែរ។ រូបលេខ២៩ បង្ហាញពីបាយបិតបូរដែលដូនជីនេះទូលយកទៅដាក់ក្នុងព្រះវិហារ។ ពុំនោះទេគឺគេសែងតែម្តង ដូចជាការសែងទេវរូបនៅរូបលេខ៣០ ការសែងហែព្រះភ្លើងនៅរូបលេខ៣១-៣២។
នៅរូបលេខ៣៣ យើងឃើញគេសែងម្ឈូស ឯរូបលេខ៣៤ គឺគេសែងសាកសពដែលគេរុំកន្ទេល។ នៅរូបលេខ៣៥ យើងឃើញឥតមានសត្វពាហនៈណាអូសរទេះដែលព្រះសង្ឃនេះគង់ឡើយ គឺអ្នកស្រុកលើករទេះនោះសែងតែម្តង។ រូបនេះគួរយកទៅប្រៀបនឹងរូបលេខ៣៦ ដែលគេសែងរទេះដែរ។ រូបលេខ៣៧ បង្ហាញពីពិធីមួយទៀតដែលគេសែងព្រះសង្ឃ ហើយដែរគួរយកទៅប្រៀបនឹងរូបលេខ៣៨ ដែលយើងឃើញគេសែងឧបសកនិង ឧបសិកាពីរនាក់នៅលើគ្រែមួយ។ គ្រែស្នែងហាក់ដូចជាគេនិយមខ្លាំងណាស់នៅសម័យបុរាណ ដូចមាននៅរូបលេខ៣៩ស្រាប់។
សម័យបច្ចុប្បន្ន ទាល់តែឱកាសពិសេសខ្លាំងណាស់ទើបមាន ដូចជានៅរូបលេខ៤០ ដែលយើងឃើញព្រះករុណាជាអម្ចាស់គង់លើគ្រែស្នែងក្នុងពិធីឡើងគ្រងរាជ្យ។ យើងមិនដឹងថាស្ត្រីនៅរូបលេខ៤១នេះជិះអង្រឹងស្នែងក្នុងឱកាសអ្វីទេ ប៉ុន្តែរូបលេខ៤២ គឺជាមេហួដែលជិះអង្រឹងស្នែងក្នុងពិធីច្រត់ព្រះនង្គ័ល។