ដោយ អាំង ជូលាន
គេដឹងថាចិនជាអ្នកបង្កើតរំសេវ ប៉ុន្តែអ្នកដែលយករំសេវនោះទៅប្រើប្រាស់ជាគ្រឿងសព្វាវុធមុនគេគឺពួកអឺរ៉ុប មានន័យថាកាំភ្លើងខ្លី, កាំភ្លើងវែង, កាំភ្លើងធំហៅថាកាណុងជាដើមនោះគឺជនជាតិអឺរ៉ុបជាអ្នកបង្កើត។
ខ្ញុំពុំដឹងថាចំណេះធ្វើរំសេវចូលមកប្រទេសកម្ពុជានៅជំនាន់ណាទេ គ្រាន់តែសង្ស័យថាការបរបាញ់សត្វដោយប្រើកាំភ្លើងធ្វើអាយ, គ្រឿងផ្ទុះនិងឆេះដូចជាកាំជ្រួចជាដើម ប្រហែលជាមានយូរមកដែរហើយ។ ម្យ៉ាងទៀត អ្នកការទូតចិនឈ្មោះជីវតាក្វាន់ដែលបានទុកកំណត់ហេតុយ៉ាងល្បីល្បាញមួយពីរាជធានីអង្គរនៅចុងស.វ.ទី១៣ក៏មាននិយាយពីការអុជកាំជ្រួចនៅមុខព្រះរាជវាំងអង្គរធំដែរ។
នៅសម័យថ្មី បើយកប្រទេសលាវដែលជាប្រទេសជិតខាងមកនិយាយ មានបុណ្យមួយជាប្រពៃណីហូរហែរយូរមកហើយនៅតាមវត្ត ដែលគេចាត់ទុកថាជាទំនៀមពុទ្ធសាសនាដែរ ដ្បិតមានព្រះសង្ឃនិមន្តមករួបរួមយ៉ាងកុះករហៅថាបុណ្យ «បាំងហ្វៃ» (បើប្រែមួយម៉ាត់ៗគឺបុណ្យ «បំពង់ភ្លើង»)។ ក្នុងបុណ្យនេះគេមានបាញ់កាំជ្រួចច្រើនបែបយ៉ាង ហើយកាំជ្រួចនេះសោតច្រើនតែព្រះសង្ឃជាអ្នកធ្វើ។ ទាំងគ្រហស្ថទាំងសង្ឃសប្បាយរីករាយខ្លាំងណាស់ដោយសារកាំជ្រួចទាំងនោះមានប្រភេទនិងទំហំច្រើនបែបច្រើនយ៉ាង ធ្វើឲ្យការដែលផ្ទុះនៅលើមេឃនោះបញ្ចេញជារូបភាពច្រើនបែបយ៉ាងណាស់ដែរ។ នាបច្ចុប្បន្នលើលោកទាំងមូលនេះ គេច្រើនមានទស្សនីយភាពកំសាន្តសម្រាប់មហាជននៅទីណាមួយដែលមានលំហរធំទូលាយ ជាពិសេសច្រើននៅទីណាដែលមានវិមានឬសំណង់អ្វីមួយជាប្រវត្តិ សាស្ត្រ។ ទស្សនីយភាពនោះ គេច្រើនហៅជាភាសាគេថា Sound and Light ឬ Son et Lumière ហើយគ្មានបំណងអ្វីក្រៅពីការឲ្យមនុស្សម្នាកំសាន្តភ្នែកឬក៏ទាក់ទាញទេសចរជាដើមតែប៉ុណ្ណោះ។ បើយើងត្រឡប់មកបុណ្យលាវដែលនិយាយខាងលើវិញ នៅពីក្រោយភាពសប្បាយរីករាយនេះ អ្នកស្រាវជ្រាវយល់ថាសម្លេងព្រមទាំងពន្លឺកាំជ្រួចនោះមានតួនាទីដើមបង្អស់ក្នុងការបញ្ចៀសចង្រៃឧបទ្រពផងទាំងពួង ដ្បិតខែដែលប្រារព្ធនោះជារដូវប្រាំងក្តៅហួតហែង ហើយពីមុនមកច្រើនមានជម្ងឺឆ្លងនានាទៀតផង។ និយាយយ៉ាងខ្លីឲ្យស្រួលស្តាប់គឺអាចថាបណ្តេញខ្មោចព្រាយរំបល់តាមរយៈការផ្ទុះនិងការឆេះ។
គំនិតប្រហាក់ប្រហែលគ្នានេះ បើក្រឡេកមកស្រុកខ្មែរវិញក៏មាននៅក្នុងបុណ្យឬកិច្ចពិធីជាច្រើនដែរ តែនៅទីនេះខ្ញុំលើកតែចំណុចមួយនៅក្នុងបុណ្យសពដែលខ្ញុំតែងប្រទះឃើញនៅតំបន់អង្គររាល់តែឆ្នាំ។ មុននឹងនិយាយដល់នោះ ខ្ញុំសូមសង្ខេបយ៉ាងខ្លីបំផុតអំពីអ្វីទៅដែលហៅថាបុណ្យសពក្នុងចំណោមអ្នកស្រុកជនបទអង្គរ។ បុណ្យសពចែកជាផ្នែកធំៗពីរ ៖ ក្នុងដំណាក់កាលទីមួយ គេយកបុគ្គលទៅកប់មួយ រយៈសិន យ៉ាងហោចបំផុតក៏ឲ្យបានមួយឆ្នាំដែរ ហើយបើតាមធ្លាប់សង្កេតមក រយៈពេលមធ្យមគឺប្រមាណបីឆ្នាំ។ បើជាអ្នកស្រុកធម្មតា ការកប់សពនោះពុំមានភាពអធិកអធមអ្វីឡើយ ហើយម្យ៉ាងទៀត ទីកប់សពដែលគេតែងហៅថា «គោកខ្មោច» នោះជាកន្លែងដែលគេចៀសវាងមិនទៅ បើចំពោះអ្នកក្រៅផងគឺគ្មានអ្វីជាទីសម្គាល់ឡើយ។ ធ្វើនេះដើម្បីឲ្យ «ព្រះធរណីឱប» បុគ្គលមួយរយៈសិន។ បើសពនោះជាព្រះសង្ឃដែលមានឋានៈខ្ពស់ ដូចជាអធិការវត្តជាដើម គេច្រើនតែរក្សាក្នុងម្ឈូសមួយដែលមានតបំពង់ចូលទៅក្នុងដីនិងបញ្ចេញខ្យល់ទៅក្រៅដើម្បីឲ្យសាច់និងស្បែកដែលរលួយទៅជាទឹកនោះចូលទៅក្នុងដីផុតម្ឈូស។ ដំណាក់កាលធំទីពីរគឺការបូជា។ គេតែងពន្យល់ថានៅដំណាក់កាលទីមួយ គឺធាតុដីនិងធាតុទឹក (ដីតែងមានទឹកនៅក្នុងនោះ) ដែលរំលាយបុគ្គលអស់មួយផ្នែក។ ឯក្នុងដំណាក់កាលទីពីរ គឺភ្លើងនិងខ្យល់ (ភ្លើងឆេះក៏ដោយសារមានខ្យល់ដែរ) ជាអ្នករំលាយបញ្ចប់។ មានន័យថាមនុស្សដែលកើតឡើងដោយធាតុទាំងបួន លុះស្លាប់ទៅវិញក៏រលាយដោយធាតុទាំងបួនដដែលនោះដែរ។
ចំណុចទីពីរដែលខ្ញុំចង់បញ្ជាក់យ៉ាងខ្លី គឺថានៅរាល់បុណ្យសពទាំងមូល បើយើងពិនិត្យកិច្ចយ៉ាងច្រើនទាំងអម្បាលម៉ាននោះ យើងឃើញថាគំនិតធំមានតែពីរប៉ុណ្ណោះ។ មួយគឺការបញ្ចៀសចង្រៃឬមន្ទិលទាំងអម្បាលម៉ានដែលតែងតែជាប់នឹងការស្លាប់ឲ្យចេញឆ្ងាយ ឯទីពីរគឺកាតម្រែតម្រង់ជួយយ៉ាងណាឲ្យបុគ្គលនោះទៅកាន់ភពជាទីប្រសើរ ដ្បិតយើងជឿថាស្លាប់ហើយតែងកើតវិញ ហើយកង់នៃការកើត-ស្លាប់នេះវិលរហូតគ្មានទីអវសាន្ត។
នៅក្នុងដំណាក់កាលទីពីរនៃបុណ្យសពមានកិច្ចឬទម្លាប់មួយនោះដែលជួនកាលអាចកន្លងភ្នែកយើង គឺថាកាលណាគេគាស់ខ្មោចយកឆ្អឹងមកលាងហើយរុំចងនៅក្នុងកន្ទេលអ្វីមួយហើយ គេមិនទាន់យកទៅដាក់ក្នុងម្ឈូសភ្លាមទេ គឺគេតែងទុកបញ្ចៀសឲ្យទៅនៅទីណាមួយដែលមិនសមភ្នែកសិន ជាពិសេសដាក់នៅតាមបង្កៀបមែកឈើជាដើម (រូបលេខ១-២)។ ក្រោយពីនោះមកទៀតទើបគេយកដាក់ក្នុង ម្ឈូសហើយហែរយ៉ាងឱឡារឹកមកភ្នំយោង (លេខ៣-៤)។ គ្រាន់តែប៉ុណ្ណេះក៏យើងអាចយល់ហើយថាការទុកកញ្ចប់ឆ្អឹងនៅតាមទីមិនគប្បីនោះជាការសន្មតថាឲ្យចង្រៃទៅឆ្ងាយសិន រីឯការហែរជាផ្លូវការមកភ្នំយោងជាកិច្ចដែលនាំឲ្យបុគ្គលនោះទៅសុគតិភព។ ចំពោះព្រះសពចៅអធិការវិញ កិច្ចបញ្ចៀសមួយ រយៈពេលនេះគេច្រើនហៅថា «លួចសព»។ គេតែងយកព្រះសពនោះទៅទុកតម្កល់ទីណាមួយឆ្ងាយពី ទីបូជា ក្នុងរយៈពេល២ទៅ៣ថ្ងៃជាដើម។ កាលដែលយកទៅនោះច្រើនតែជាពេលយប់ជ្រៅ ហើយគេចៀសវាងពុំនិយាយឲ្យដឹងខ្ចរខ្ចាយច្រើនគ្នាទេ ថ្វីដ្បិតតែចៀសពុំផុតខ្លះក៏ដោយ។ លុះពេលដង្ហែរ យកមកភ្នំយោងជាឱឡារឹកវិញ ការបញ្ចៀសចង្រៃក៏នៅតែមាន។ ឧទាហរណ៍ គេច្រើនហែរព្រះសពនៅពីក្រោយទីងមោងដែលយើងដឹងថាមានតួនាទីបណ្ដេញខ្មោចចង្រៃ (រូបលេខ៥-៦)។ ពុំតែប៉ុណ្ណោះ មានវត្ថុបញ្ចៀសផ្សេងទៀត ជាពិសេសគឺគ្រឿងរំសេវផ្ទុះ (រូបលេខ៧_៩) មួយចប់នៅក្បួនហែរនោះ។
រីឯនៅទីដែលមានភ្នំយោងនិងជុំវិញនោះវិញប៉ុន្មានថ្ងៃមុននោះគេរៀបចំគ្រឿងផ្ទុះនិងកាំជ្រួចគ្រប់បែបយ៉ាងសម្រាប់ពេលបូជា។ រូបលេខ១០-១១ជាឧទាហរណ៍ខ្លះនៃបែបធុនកាំជ្រួចសម្រាប់ជះពន្លឺទៅលើមេឃ។ រូបលេខ១២ពុំមែនជាកាំជ្រួចបង្ហោះពន្លឺទេ តែសម្រាប់បញ្ចេញសម្លេងសត្វដែលមានអនុភាពដូចជាសម្លេងដំរីជាដើម។ ឯរូបលេខ១៣ជាគោមដែលរៀបទុកសម្រាប់បង្ហោះ។
មុនពេលបូជា ភ្នំយោងនិងបរិវេណនៅជុំវិញនោះតែងមានភាពត្រចះត្រចង់ជាទីត្រកាលភ្នែកណាស់ (រូបលេខ១៤)។ បើជាព្រះសពផង ខ្ញុំមិនអាចរាប់គ្រឿងផ្ទុះនិងគ្រឿងពន្លឺឲ្យអស់នៅទីនេះបានទេ ឧទាហរណ៍មានកាំជ្រួចម្យ៉ាងដែលជាដុំភ្លើងតូចមួយ ហើយដែលគេចាត់ទុកថាជាសត្វកណ្តុរ ឲ្យរត់យ៉ាងលឿនបំផុតពីទីមួយទៅទីមួយទៀតតាមរយៈខ្សែលួសដែលគេចងភ្ជាប់នឹងបង្គោលពីរ ហើយសូម្បីតែថតរូបក៏ថតមិនទាន់ផង។ ចំណែកឯភ្លើងសម្រាប់បូជាព្រះសពវិញ គេមិនសូវកាន់ដោយដៃផ្ទាល់យកទៅបញ្ឆេះទេ គឺច្រើនតែប្រគល់ភារៈនេះទៅ «ទេព្តា» (រូបលេខ១៥)។ ទេព្តានោះកាន់ភ្លើងសម្តៅទៅដល់ម្ឈូសតាមខ្សែសម្រាប់បង្ហូតក្តារមួយបន្ទះដែលគេរៀបចំមកដូច្នេះ (រូបលេខ១៦-១៧)។ ដែលដុតនោះទៀតសោតគឺថាលុះទៅដល់ជិតម្ឈូស ភ្លើងដែលកាន់នោះទៅប៉ះនឹងខ្សែរំសេវដែលគេបានតទុកទៅដល់ម្ឈូសស្រាប់។ ជួនកាលទៀតដំណើរទេព្តាមានពីរគន្លាក់ ៖ ទីមួយយាងលើសេះហោះទៅដល់ក្លោងទ្វារ ហើយភ្លើងដែលកាន់នោះទៅប៉ះនឹងដុំរំសេវដែលគេចងទុកលើរបារពីរបិទទល់មុខគ្នា (រូបលេខ១៨) ធ្វើឲ្យរបារនោះរបើកខ្វាក ហើយទើបយាងបន្តទៅបញ្ឆេះភ្លើងម្ឈូស។ ពេលដែលភ្លើងចាប់ផ្តើមចេញទៅប៉ះម្ឈូសហើយ គេអុចកាំជ្រួចនៅគ្រប់ទិសទីក្នុងបរិវេណនោះ (រូបលេខ១៩-២១)។ ពេលនោះសម្លេងអឺងកងទ្រហឹងខ្លាំងណាស់ ព្រោះមិនត្រឹមតែមនុស្សម្នាសប្បាយហ៊ោកញ្ចៀវនិងសម្លេងកាំជ្រួចពន្លឺប៉ុណ្ណោះទេ គឺកាំជ្រួចជាសម្លេងសត្វនោះក៏ស្រែកបន្លឺសម្លេង ហើយថែមទាំងមានគេស្រែកតាមរបៀបកិច្ចពិធីដែលហៅថា «ឆាកហ៊ោ» ទៀតផង (រូបលេខ២២)។ ជាមួយគ្នានោះគេអុជ គោមឲ្យហោះទៅលើអាកាសវេហាជាបន្តបន្ទាប់ (រូបលេខ២៣)។ នៅរូបលេខ២៤ យើងឃើញថាក្រៅពី គោម មានពន្លឺព្រះចន្ទ្រទៀតផង ដ្បិតបើជាព្រះសព គេនិយមបូជានៅថ្ងៃពេញបូណ៌។ ឯនៅរូបទី២៥ យើងឃើញថាមានគោមផងព្រះចន្រ្ទផងកាំជ្រួចផង។ ត្រង់នេះ បើយើងត្រឡប់ទៅពិធីបូជា សពតូចតាចដែលគេបូជាថ្ងៃរសៀលវិញ យើងឃើញថាជួនកាលគេមានចងផាវភ្ជួទុកនៅភ្នំយោងនោះជាស្រេច (រូបលេខ២៦) ហើយនៅពេលដែលគេចាប់ផ្តើមបញ្ឆេះភ្លើងបូជា គេក៏ដុតផាវឲ្យផ្ទុះនៅពេលជាមួយគ្នានោះដែរ (រូបលេខ២៧)។ មើលនឹងភ្នែកឃើញថាទស្សនីយភាពនេះមិនត្រចះត្រចង់ហើយ អន់ជាងការអុជកាំជ្រួចពេលយប់ឆ្ងាយណាស់ ប៉ុន្តែបង្ហាញឲ្យឃើញថាភាពអធឹកអធមនៃការបូជាព្រះសពនៅពេលយប់បង្កប់នូវគោលបំណងដើមបង្អស់មួយដែលសព្វថ្ងៃមនុស្សតែងភ្លេច ពោលគឺការដេញឧបទ្រពចង្រៃឲ្យចេញអស់។
ដូច្នេះបើតបទៅនឹងសំណួរដែលជាចំណងជើងនៃអត្ថបទនេះ គេអាចឆ្លើយថា ទស្សនីយភាពខាងលើនេះជាការបញ្ចៀសឧបទ្រពដែលពោរពេញទៅដោយសោភ័ណភាព។
អ្នកអានអាចមើលរូបជាកុននៅជំពូក៧, លេខរៀងទី២១។