ដោយ អាំង ជូលាន
អ្នកដែលស្គាល់វប្បធម៌ជនជាតិភាគតិចនៅតំបន់ឦសាននៃប្រទេសកម្ពុជា ធ្លាប់ដឹងហើយថា នៅខេត្តមណ្ឌលគិរីក្តី រតនគិរីក្តី ស្រាមានសារសំខាន់បំផុតក្នុងជីវិតនៃជនជាតិទាំងនោះ។ ស្រាពុំមែនគ្រាន់តែជាភេសជ្ជៈទទួលទានកម្សាន្ត ឬយកឆ្ងាញ់មាត់ប៉ុណ្ណោះទេ តែជាគ្រឿងចាំបាច់ទីមួយក្នុងការធ្វើកិច្ចពិធី មិនថាធំ ឬតូចឡើយ។ ដូច្នេះហើយបានជានៅក្នុងផ្ទះនីមួយៗតែងតែឃើញមានពាងស្រាតិច ឬច្រើន បើជាមធ្យមនោះគឺមាន៥។ អ្នកទាំងនោះធ្វើអ្វីបន្តិចបន្តួចតែងតែសែន ឯសែននោះសោត បើតូចបំផុតក៏ត្រូវអស់ស្រាមួយពាង និងមាន់មួយដែរ។
ឧទាហរណ៍តូចមួយបន្ទាប់ទៅនេះ ខ្ញុំយកមកបង្ហាញដោយសារឃើញថា បើសិនជាខ្មែរវិញ ច្បាស់ជាមិននឹកនាថាត្រូវសែនព្រេនអ្វីឡើយ ក្នុងករណីរបៀបនេះ។ កាលពីខែមករា ឆ្នាំ២០០៧, នៅភូមិពូតាំង ខេត្តមណ្ឌលគិរី ខ្ញុំបានប្រទះឃើញពិធីសែនតូចមួយដែលទើបនឹងចប់ទៅថ្មីៗ។ កាលនោះមានស្រីម្នាក់ដែលទើបនឹងមានកូនមួយ មិនទាន់ចេះដើរស្រួលបួលផង ក៏ពពោះកូនទីពីរប្រមាណជា៧ខែទៀតហើយ (រូបលេខ១)។ ចាស់ទុំនៅក្នុងគ្រួសារនោះមានតែស្រីម្នាក់ ត្រូវជាម្តាយរបស់ស្រីនោះប៉ុណ្ណោះ (រូបលេខ២) តែដោយសារគាត់ជាចាស់ទុំ គាត់ដឹងថាត្រូវរៀបចំពិធីសែនដើម្បីកុំឲ្យថ្ងៃក្រោយទៅ កូនបងដែលកើតមុននោះ មានការច្រណែននឹងប្អូនដែលនឹងកើតបន្តមកទៀត ដ្បិតអាយុក្មេងទាំងពីរកៀកគ្នាពេក។ ទោះជាមិនច្រណែនគុំគួន គាត់ជឿថាអាចនឹងមានហេតុភេទមិនល្អអ្វីមួយកើតឡើងលើក្មេងណាមួយនោះ។ កិច្ចដែលធ្វើនោះតូចតាចគ្មានអ្វីពិសេសទេ គឺគ្រាន់តែតម្រូវឲ្យមានស្រាមួយពាង និងមាន់មួយសម្រាប់សែន។ មាន់នោះគេស្ងោរចែកគ្នាទទួលទាន តែពេលគេអារកវា គេយកឈាមមកលាបលើមាត់ពាងស្រានោះ។ លុះស្រេចបាច់ហើយ អ្នកជិតខាងមកទទួលទានស្រាម្នាក់បន្តិចៗ ដើម្បីរួមពិធីជាមួយគ្នាផង ដើម្បីឲ្យបានលទ្ធផលសមតាមសេចក្តីសង្ឃឹមផង។ មួយឆ្នាំជាងបន្តិចក្រោយមក ពោលគឺនៅខែកុម្ភៈ ឆ្នាំ២០០៨ ខ្ញុំទៅផ្ទះនោះមង្តទៀត ហើយឃើញថា លើកនេះនាងជាម្តាយត្រូវបីបាច់ថែរក្សាកូនដល់ទៅពីរ ទៅណាមកណាយកតាមខ្លួនទាំងពីរចងនឹងក្រមា ស្ពាយជាប់នឹងខ្លួន កូនប្អូននៅមុខ កូនបងនៅក្រោយ (រូបលេខ៣-៤)។ ខ្ញុំសួរថា តើបងប្អូនទាំងពីរដែលឈ្លោះគ្នាឬទេ នាងក៏ប្រាប់ខ្ញុំថា មិនដែលមានអ្វីពិសេសគួរកត់សម្គាល់ឡើយ។ ខ្ញុំដឹងក្នុងចិត្តថា ដែលឆ្លើយមកនោះ ក៏ព្រោះតែខ្ញុំសួរ តាមពិតទៅគាត់មិនបានជាយករឿងនេះមកគិតប៉ុន្មានទេ ដ្បិតកិច្ចដែលធ្វើពីឆ្នាំទៅនោះ ក៏ដើម្បីតែរក្សាភាពធម្មតា ឬប្រក្រតីដូច្នេះឯង។