ដោយ ព្រំ មេត្តា
នៅជំពូកទី៣, លេខរៀង១៨ មានអត្ថបទមួយនិយាយពីចោះត្រចៀក ដែលជាការកែរូបរាងធម្មជាតិរបស់មនុស្ស ព្រមទាំងមានពោលពីការកាត់ធ្មេញដោយត្រួសៗពីរបីម៉ាត់ផងដែរ។ នៅទីនេះ ខ្ញុំនឹងនិយាយពីការកាត់ធ្មេញ ដែលឃើញនៅជនជាតិ “ច្រាយ” (ឈ្មោះនេះ ឯកសារចាស់ៗសរសេរជា “ជ្រាយ”) នៅខេត្តរតនគីរី។
ធ្មេញជាផ្នែកមួយនៃខ្លួនមនុស្ស ដែលគេតែងប្តូររូបរាងដែរ ដោយភ្ជាប់ទៅនឹងការឆ្លងវ័យ។ ចំពោះជនជាតិខ្មែរបច្ចុប្បន្ន គេធ្វើដោយឧបកិច្ចតែប៉ុណ្ណោះ ហើយហៅថា“ធ្វើធ្មេញ” ឧទាហរណ៍នៅក្នុងអាពាហ៍ពិពាហ៍។ នៅតំបន់ដែលប្រពៃណីឆ្លងវ័យនៅសល់ច្រើន យើងឃើញគេធ្វើធ្មេញពេលកោរជុក, ពេលបួស និងពេលក្មេងស្រីក្រមុំចេញពីម្លប់ផង។ ធ្វើធ្មេញនោះ គឺភ្ជាប់ទៅនឹងការបៀមថ្នាំ, ការយកវត្ថុផ្សេងៗមកឧបកិច្ចធ្វើជាកោសធ្មេញ ហើយលាបល័ក្ត។
បើមើលទៅជាតិពន្ធុខ្លះវិញ គឺមានការកែប្រែរូបរាងធ្មេញពិតប្រាកដ មិនគ្រាន់តែឧបកិច្ចទេ។ និយាយតែអំពីជាតិសាសន៍ផ្សេងៗនៅអាស៊ីអាគ្នេយ៍ ការរចនាធេ្មញនោះ មានច្រើនបែបបទណាស់ទៅហើយ។ បើមើលនៅក្រុមមនុស្សមួយឈ្មោះ Mentawai ដែលរស់នៅខាងត្បូងកោះ Sumatra ឃើញថា ពេលក្មេងប្រុសពេញកម្លោះ គេកាត់ធ្មេញលើខាងមុខឲ្យស្ទើរស្រួចលើស្រួចក្រោម រីឯជួរខាងក្រោមគេសម្រួចឲ្យស្រួចទៅលើ។
បើនៅកម្ពុជាវិញ ក៏ការកាត់ធ្មេញមានជាធម្មតារហូតមកទល់បីបួនទសវត្សមុននេះ តែគេពុំដែលឃើញជនជាតិខ្មែរទេ ឃើញតែជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី និងរតនគិរី (បើឆ្លងទៅប្រទេសវៀតណាមប៉ែកកណ្តាលដែលនៅជាប់គ្នានោះ ក៏ដូចគ្នាដែរ)។ សព្វថ្ងៃ យូរ ៗឃើញមានមនុស្សដែលមានធ្មេញកាត់ខ្លីម្តង តែអ្នកទាំងនោះសុទ្ធសឹងជាមនុស្សចំណាស់បន្តិច ព្រោះក្មេងៗបោះបង់ទំនៀមនេះជាស្ថាពរហើយ។ កាលនៅជំនាន់ដែលគេនៅប្រតិបត្តិទំនៀមនេះ កម្លោះណាដែលធ្មេញពេញលេញពុំកាត់ឲ្យខ្លី ចាត់ទុកថាខុសគេឯងខ្លាំងណាស់ ស្ទើរថា “ឈ្លើយ”ក៏សឹងបាន ព្រោះធ្វើអ្វីខុសគេ។ ម៉្យាងទៀត មកទល់ពេលនោះ ភ្នែកមនុស្សក្នុងសង្គម មើលឃើញថាធ្មេញដែលកាត់ខ្លីត្រឹមហើយ មានសោភ័ណភាព។ និយាយនេះ ចំពោះប្រុសជាពិសេស ព្រោះស្រីវិញមានដោយកម្រ។ ឧបករណ៍ដែលយកមកកាត់នោះ អាចខុសគ្នាដែរ។ ជនជាតិ “កាវេត” យកផ្គាក់មកកាត់ធ្មេញម្តងបន្តិចតែម្តង រីឯជនជាតិ “ច្រាយ” វិញ យកដែកស្តើងមួយបន្ទះប្រវែងប្រមាណ១០ទៅ១៥សង់ទីម៉ែត្រ មកឆាបជារណារមានធ្មេញល្មមអារបាន បើពុំនោះទេ យកកូនកាំបិតណាមួយមកឆាបឲ្យមានមុខជារណារក៏កាន់តែស្រួល។ គេផ្តើមអារពីធ្មេញមុខបង្អស់ ហើយរាលទៅសងខាង ទាល់តែអស់ធ្មេញបួន។ ហៅថាអារនោះ ពុំមែនអារដល់គល់ឡើយ គឺឲ្យអស់មួយភាគបី ឬយ៉ាងច្រើនពាក់កណ្តាលសម្រុងធ្មេញ។ ខ្ញុំមិនចាំបាច់បញ្ជាក់ទេ ថាការអារនោះធ្វើឲ្យឈឺយ៉ាងណា តែការទ្រាំឈឺចាប់នេះហើយដែលជាលក្ខណៈមួយនៃការឆ្លងវ័យ។
រូបភ្ជាប់មកនេះ ជារូបមនុស្សបីនាក់ ជាតិច្រាយដូចគ្នា។ ពីរនាក់រស់នៅស្រុកអណ្តូងមាស ខេត្តរតនគីរី ហើយក្នុងនោះឈ្មោះ “ក្លានឌុន” មាននាទីជាមេភូមិ (រូបលេខ១)។