ដោយ អាំង ជូលាន
ផ្ទះខ្មែរដែលមានលក្ខណៈប្រពៃណីនោះ ទោះជាធំស្កឹមស្កៃ ឬក៏តូចរហូតដល់ហៅថាខ្ទម តែងតែលើកឡើងផុតពីដីដោយមានសសរទល់ទ្រ។ ដូច្នោះហើយ ទោះជាខ្ពស់ឬទាបក៏ត្រូវតែមានជណ្តើរ។ ឯជណ្តើរនោះក៏ពុំមាននាទីត្រឹមតែសម្រាប់ឡើងផ្ទះប៉ុណ្ណោះឡើយ គឺមានជំនឿផ្សេងៗជាប់ជាមួយ។ ឧទាហរណ៍គេពុំដែលធ្វើជណ្តើរដែលមានកាំចំនួនគត់ឡើយ គឺចំនួននោះត្រូវឱ្យមានសេសជានិច្ច ព្រោះពាក្យសំស្ក្រឹត “សេស” មានន័យថា “សល់” ពោលគឺសល់ពីស្លាប់។ ថ្វីត្បិតតែជណ្តើរគ្រាន់តែជាផ្នែកមួយនៃផ្ទះ តែជណ្តើរនោះក៏មានអ្វីមួយនៅថែរក្សាផ្ទាល់ខ្លួនដែរ។ ដូចយើងដឹងស្រាប់ ផ្ទះគេជឿថាមានអមនុស្សមួយនៅថែរក្សា ដែលហៅថា “ម្នាងផ្ទះ” (តំបន់ខ្លះហៅថា “ជីនាងផ្ទះ”)។ រីឯជណ្តើរដែលជារបស់ផ្ទះនោះក៏មាន “ម្នាងជណ្តើរ” ជាអ្នកថែរក្សាដែរ។ ដោយសារប្រការនេះហើយបានជានៅពេលធ្វើពិធីឡើងផ្ទះថ្មីគេតែង “សែនក្បាលជណ្តើរ”។ មិនតែប៉ុណ្ណោះទេ ទោះជាផ្ទះនៅយូរ ចាស់ទ្រុឌទ្រោមក៏ដោយ ក៏គេតែងសែនក្បាលជណ្តើរដែរ នៅពេលមានពិធីសំខាន់ៗខ្លះ។ រូបលេខ១-២ បង្ហាញពីការសែនក្បាលជណ្តើរនៅកណ្តាលអធ្រាត្រ ក្រោយពេលដែលស្រីមួយក្រុមត្រឡប់មកពីហៅព្រលឹងមនុស្សឈឺនៅជុំវិញផ្ទះនោះ ដែលគេសន្មតឧបកិច្ចថាជាព្រៃ ពោលគឺមុនពេលដែលគេឡើងមកផ្ទះ វិញ។ រូបលេខ៣ ក៏បង្ហាញពីការសែនក្បាលជណ្តើរដែរ ថ្វីត្បិតតែជណ្តើរនេះជាស៊ីម៉ងត៍ ដោយសារអគារនោះជាសាលាលោក នៅក្នុងវត្តសម្រាប់ធ្វើបុណ្យ។ មនុស្សទាំងនេះទើបនឹងត្រឡប់មកពីដំណើរទៅហៅព្រលឹងដូចគ្នា តែព្រលឹងទាំងនោះគឺជាព្រលឹងរបស់ “នាគ” ដែលនឹងបួសទៅជាបព្វជិតនៅថ្ងៃ បន្ទាប់។ គេសែនក្បាលជណ្តើរមុននឹងឡើងទៅលើសាលានោះវិញ។
ដោយសារជណ្តើរមានសារសំខាន់ដូច្នេះហើយបានជាគេនិយមធ្វើឱ្យមានសោភ័ណភាព ជាពិសេសនៅកន្លែងក្បាល។ ជួនកាលក្បាលនោះគ្រាន់តែខ្វៀល ឬលាក់ឱ្យមានរាងស្អាត ដូចមានបង្ហាញនៅរូបលេខ៤-៩, ជួនកាលឆ្លាក់ជារូបបក្សី មានចំពុះ (រូបលេខ១០-១២), ជួនកាលជាក្បាលក្រពើ (រូបលេខ១៣-១៤)។ រូបសេះ តែងមានឃើញនៅតំបន់ផ្សេងៗពីគ្នានៅក្នុងប្រទេសកម្ពុជា។ រូបលេខ១៥ ប្រទះឃើញនៅតំបន់អង្គរ ប៉ុន្តែទីដែលធ្លាប់ឃើញថាសម្បូណ៌ហូរហៀរ គឺនៅភូមិនានាខាងជើងនិងខាងត្បូងទីប្រជុំជនស្ទោង, ខេត្តកំពង់ធំ។ សេះនៅទីនេះមានទម្រង់ខុសៗគ្នា។
រូបលេខ១៦-១៧ ជាក្បាលសេះដែលគេរចនាផ្ចិតផ្ចង់ជាមធ្យម, រីឯនៅលេខ១៨-១៩ (រូបលេខ២០ ជារូបលម្អិត) ឃើញថាការផ្ចិតផ្ចង់នោះខ្លាំងក្លា, សេះនោះមានតាំងពីបង្ហៀរ ផង។ រូបលេខ២១ ក៏ពិសេសម៉្យាងទៀត ត្បិតអ្នកឆ្លាក់ពុំគិតថាធ្វើក្បាលសេះឱ្យដូចក្នុងធម្មជាតិទេ គឺគាត់យកខ្សែកោងចុះឡើងជាមូលដ្ឋាន។ ដែលបង្ហាញឱ្យចេញជាមុខនិងភ្នែកច្បាស់នោះ គឺរាងជាខ្យងហៀន។ នេះគឺជាទេពកោសល្យពិតប្រាកដដែលកើតឡើងនៅមជ្ឈដ្ឋានអ្នកស្រែសុទ្ធសាធ។ ឯរូបលេខ២២-២៣វិញក៏គួរពិចារណាដែរ។ រូបលេខ២៣ ជារូបសេះធ្វើផ្ចិតផ្ចង់មានបង្ហៀរជាដើម ឯរូបលេខ២២ ឆ្លាក់ឡើងដោយសង្ខេបជាងនោះ។
តែគោលគំនិតមានតែមួយទេ គឺធ្វើយ៉ាងណាពុំឱ្យក្បាលសេះនោះងាករេទៅណាលើសពីខ្សែបន្ទាត់គែមសងខាងនោះ។ជាពិសេសលេខ២២នេះគ្មានឃើញឆ្លាក់អ្វីច្រើនសោះ តែគ្រាន់តែក្រឡេកទៅ យើងយល់ថាជាសេះភ្លាម។ គំនិតជ្រៅរបៀបអស់ទាំងនេះ គប្បីសាលាវិចិត្រសិល្បៈយកមកធ្វើជាឧទាហរណ៍ក្នុងការបង្ករបង្កើតសិល្បៈថ្មី។ ជួនកាលទៀតក្បាច់ហាក់ដូចជាសត្វនិងរុក្ខជាតិរលាយចូលគ្នា (រូបលេខ២៤)។ បើពិនិត្យមើលរូបលេខ២៥-២៦ឱ្យយូរ ឃើញថា ពុំត្រឹមតែក្បាលជណ្តើរប៉ុណ្ណោះទេ ដែលគួរជាទីចាប់ចិត្តដោយសារក្បូរក្បាច់រចនា សូម្បីតែមេជណ្តើរទាំងពីរនោះក៏ធ្វើឱ្យមានរាងកោងហើយងជាទីត្រកាលភ្នែកក្រៃលែង។
ជំនឿទាក់ទងនឹងជណ្តើរច្បាស់ជាមានយូរយារមកហើយ។ ខ្ញុំពុំមានបំណងសិក្សាវែកញែកអ្វីនៅទីនេះឡើយ គ្រាន់តែជូនឧទាហរណ៍បុរាណមួយ ដែលប្រទះឃើញនៅប្រាសាទ “វត្តភូ” (ប្រាសាទខ្មែរនេះ សព្វថ្ងៃស្ថិតនៅក្នុងទឹកដីប្រទេសលាវ)។ ជណ្តើរដូចមានបង្ហាញនៅរូបលេខ២៧-២៨នេះ មានរូបសត្វពស់ពីរពាត់ជុំវិញ។ ក្បាលមកទល់គ្នាផ្នែកខាងក្រោមនៃជណ្តើរ រីឯកន្ទុយទៅជួបគ្នានៅខាងលើ។