ដោយអឹុម សុខវិទី្ធ
យើងធ្លាប់ឮពាក្យថា «គ្រាសកន្លង» ព្រមទាំងដឹងថាសម្តៅលើអ្វីហើយ បើពន្យល់ឲ្យខ្លីកុំឲ្យវែងឆ្ងាយគឺមានន័យថាដែលមានប្រាជ្ញាមិនគ្រប់លក្ខណៈ ពោលគឺស្ទើរ ឬអាចនិយាយថា «មិនគ្រប់ដប់»។ ឬសពាក្យនេះគឺ «គ្រហ» (ច្រើនតែសរសេរជា «គ្រោះ»), ហើយតមកទៀតគឺ «គ្រាហ» ដែលសរសេរមកជា «គ្រាស» ដូច្នេះ។ ពាក្យនេះសម្តៅលើភពមួយក្នុងចំណោមភពផ្សេងៗដែលជះឥទ្ធិពលមកលើផែនដីមនុស្ស (ពីមុនមកហៅថា «ផ្ទៃក្រោម»)។ រីឯនិមិត្តរូបនៃភពនោះគឺជាយក្សឬអសុរម្យ៉ាងដែលមានតែក្បាលហើយមុខនោះគួរឲ្យស្បើម ដែលគេតែងហៅថា «រាហ៊ូ» (សូមអានជំពូក៣, លេខរៀងទី១)។ ពាក្យនេះបើសរសេរឲ្យត្រឹមត្រូវតាមសំស្រ្កឹតគឺ «រាហុ»។ សូមជ្រាបថាស្រៈខ្លីនៅខាងចុង (នៅទីនេះគឺស្រៈ « ុ») គេមិនអានឡើយ បើចង់អានទាល់តែធ្វើឲ្យស្រៈនោះទៅជាស្រៈវែង (ស្រៈ « ូ»)។ ដូច្នេះហើយបានជាសព្វថ្ងៃ ពាក្យនេះក្លាយទៅជាពីរបែប ៖ ម្យ៉ាងគឺ «រាហ៍» ឯម្យ៉ាងទៀតគឺ «រាហ៊ូ»។ នៅក្នុងពាក្យនិយាយ អ្នកស្រុកខ្លះនិយាយថា «រាហ៊ូចាប់ចន្ទ្រ» បើអ្នកស្រុកខាងជើងវិញច្រើននិយាយថា «ខែរាហ៍» បើពាក្យជាផ្លូវការតែម្តងច្រើនឮថា «ចន្រ្ទគ្រាស»។ យើងដឹងថា «ខែ» ស្មើនឹង «ចន្រ្ទ» នោះឯង ដូច្នេះឃើញថារាហ៊ូនិងគ្រាសមានទំនាក់ទំនងជាមួយគ្នា។ បើយើងយកជំនឿមកគិតគឺរាហ៊ូជាអ្នកធ្វើឲ្យមានចន្រ្ទគ្រាស ឬសូរ្យគ្រាស ព្រោះគេយល់ថារាហ៊ូនោះលេបព្រះចន្ទ្រឬព្រះអាទិត្យមួយរយៈ ហើយតែងតែខ្ជាក់មកវិញ។ ក្នុងពេលដែលដីយើងងងឹតដោយសារបាតុភូតនេះ គេជឿថាទារកដែលនៅក្នុងពោះម្តាយ ឬទារកដែលកើតមកហើយតែនៅក្មេងខ្ចីត្រូវ «គ្រាសកន្លង» ដូច្នេះនឹងមានប្រាជ្ញាស្មារតីអន់ថយមិនដូចមនុស្សធម្មតា។ គេមានធ្វើកិច្ចផ្សេងៗដើម្បីបញ្ចៀសផលវិបាកនោះ ដូចជាឲ្យម្តាយយកអកកំបោរមកដក់ក្នុងថ្នក់សំពត់ឬបើម្តាយនោះលង់លក់ក្នុងដំណេកគេត្រូវដាស់ឲ្យងើបក្រោកឡើង។ កិច្ចនោះមានផ្សេងៗទៅទៀត។
នៅទីនេះខ្ញុំលើកយកតែកិច្ចដែលទាក់ទងនឹងកូនក្រមុំដែលមានការភ្ជាប់ពាក្យរួចហើយ ដោយយកឧទាហរណ៍ជាក់ស្តែងមួយមកបង្ហាញ។ នៅតំបន់អង្គរ រវាងចុងឆ្នាំ២០១៥ មានចន្ទ្រគ្រាសកើតឡើងនារាត្រីមួយ។ ក្នុងគ្រួសារមួយនោះចាស់ទុំភ្ញាក់ផ្អើលដោយសារមានកូនស្រីម្នាក់ដែលបានភ្ជាប់ពាក្យរួចហើយ។ គេក៏ចាត់ចែងរៀបចំធ្វើកិច្ចមួយដើម្បីបញ្ចៀសឥទ្ធិពលអាក្រក់ដែលអាចកកើតលើកូនក្រមុំនោះ។ គេឲ្យនាងវេចបង្វេចមួយដែលមានសំពត់អាវស្បៃល្អៗក្នុងនោះ ហើយឲ្យធ្វើជារត់ចេញពីផ្ទះ។ ពេលចេញផុតបន្តិចមានចាស់ទុំម្នាក់ដឹកដៃនាងឲ្យឡើងលើផ្ទះមួយផ្សេងទៀតដែលគេឧបកិច្ចថាជាផ្ទះកូនកម្លោះ (រូបលេខ១-២)។ ក្នុងផ្ទះនោះគេបានរៀបចំឲ្យកូនកម្លោះនៅក្នុងនោះជាមុនស្រេចដោយមានចាស់មានក្មេងនៅអឺងកងហាក់ដូចជាកំពុងរួបរួមក្នុងពិធីអ្វីមួយ។ បន្ទាប់មកភ្លាមគេឲ្យអ្នកទាំងពីរអង្គុយផ្ទឹមគ្នានៅមុខគ្រឿងរណ្តាប់ខ្លះដូចជាទៀនធូបនិងបង្អែមចម្អាបមួយថាស (រូបលេខ៣) ហើយគេសែនចងដៃឲ្យអ្នកទាំងពីរនេះយ៉ាងរហ័ស ពោលគឺធ្វើយ៉ាងណាឲ្យបានមុនពេល «គ្រាសខ្ជាក់ចន្រ្ទ» វិញ (រូបលេខ៤-៥)។ ឪពុកម្តាយកូនស្រីពុំមានវត្តមានក្នុងកិច្ចនេះទេ តែអាចឈរមើលពីក្រៅផ្ទះកូនកម្លោះ (រូបលេខ៦)។ ទាល់តែសែនរួចហើយទើបឪពុកម្តាយអាចចូលមកចងដៃកូនតាមក្រោយ (រូបលេខ៧)។ ឯកិច្ចជាចុងក្រោយគឺចាស់ទុំសែនមារការ ពោលគឺភូតផ្សេងៗដែលអាចនាំទុក្ខទោស ដោយយកសំណែនទៅចោលនៅទីណាមួយដើម្បីឲ្យមារការនោះចេញផុតពីផ្ទះ (រូបលេខ៨-៩)។
ប្រសិនបើកូនកម្លោះមិននៅជិតនោះទេ គេអាចយកសម្លៀកបំពាក់មកធ្វើជាតំណាងឲ្យបាន។ ដូច្នេះឃើញថាអ្នកដែលអាចរងគ្រោះនោះគឺសម្តៅតែទៅលើកូនក្រមុំតែប៉ុណ្ណោះ។ ឧទាហរណ៍ជាក់ស្តែងនេះកើតឡើងនៅពេលចន្ទ្រគ្រាស ប៉ុន្តែប្រសិនបើជាសូរ្យគ្រាសវិញក៏កិច្ចនោះធ្វើដូចគ្នា។