ដោយ អាំង ជូលាន
ជំនឿលើ ”អារក្ស” ឬ “ឈ្នួរ” ដែលតែងកាន់ខ្សែខាងឪពុកឬម្តាយ ព្រមទាំងរូបសម្រាប់ឱ្យអារក្សនោះចូល ហៅថា “មេមត់” ជាជំនឿដែលខ្មែរស្គាល់ជាទូទៅ មិនថានៅតំបន់ណាឡើយ។ ប៉ុន្តែតំបន់អង្គរ ឬតំបន់ស្រុកលើពីនោះទៅទៀត មេមត់ម្នាក់ៗតែងមានវត្ថុមួយប្រចាំខ្លួនហៅថា “គ្រូកំណើត”។ តាមពិតទៅ គេជឿថាមនុស្សរាល់រូបទាំងអស់ មិនថានរណាជានរណាទេ សុទ្ធសឹងតែមានគ្រូកំណើតប្រចាំខ្លួន។ ប៉ុន្តែចំពោះរូបមេមត់ ជាពិសេសនៅតំបន់ដែលពោលខាងលើមកនេះ គឺគ្រូកំណើតនោះតែងតែមានរបស់ដែលគេធ្វើឡើងឱ្យស្នងជាសម្គាល់។ វត្ថុនោះតែងតែធ្វើអំពីរុក្ខជាតិ ដែលទម្រខ្លួនយកផ្លែដូងមកធ្វើ ឬឆ្លាក់ពីឈើ (រូបលេខ១-២)។ ពីលើទម្រនោះគេឆ្លាក់ស្លឹកត្នោតពាត់ជុំវិញ ដែលមានក្បាច់លម្អមានឈ្មោះផ្សេងៗទៅតាមក្បាច់។ គេតែងដោតរូបសត្វស្លាបដូចជាកន្លង់ជាដើម ដែលធ្វើអំពីស្លឹកត្នោតដូចគ្នា។ ពេលដែលយកវត្ថុនោះមកកាន់ សត្វស្លាបទាំងនោះតែងមានចលនាដោយសារភ្ជាប់ទៅវត្ថុនោះដោយទងយ៉ាងស្តើង។ បើគិតតែមួយភ្លែត “គ្រូកំណើត” ហាក់ដូចគ្រាន់តែជារុក្ខជាតិនិងសត្វសុទ្ធសាធ តែបើពិនិត្យយូរបន្តិចឃើញថាមានអ្វីមួយជាសញ្ញាបញ្ជាក់ថា មានលក្ខណៈជាមនុស្សដែរ ត្បិតជាញឹកញយគេតែងឃើញមួកពណ៌ក្រហមរាងស្រួចឡើងលើនៅចំកណ្តាល។ លើសពីនោះទៅទៀត ជួនកាលមានដល់ទៅក្រវាត់ចង្កេះទៀតផង (រូបលេខ៣)។
ក្នុងមួយឆ្នាំម្តង មេមត់ក្នុងភូមិជាមួយគ្នា ឬមកពីភូមិជិតឆ្ងាយផង តែងធ្វើពិធីមួយហៅថា “លៀងអារក្ស” ឬ “លៀងមេមត់”។ ពិធីនោះត្រូវមានភ្លេងអារក្សប្រគុំជាការចាំបាច់ ហើយការប្រារឰនោះស្ទើរតែមួយយប់ទល់ភ្លឺទើបចប់។ រូបមេមត់តែងតែអារក្សចូលបន្តបន្ទាប់គ្នា ពេលដែលចូលនោះគឺតែងតែកាន់គ្រូកំណើតប្រចាំខ្លួន ហើយឡើងរាំញាក់តាមភ្លេងនោះ (រូបលេខ៤-៨)។ តាមការសម្គាល់ រូបមេមត់ទាំងអស់សុទ្ធសឹងតែជាស្រី។ ក្នុងករណីខ្លះមានក្មេងទៀតផង។ តែធម្មតា បើនៅក្មេងពេក តែមានសញ្ញាអ្វីមួយមកឱ្យដឹងថាត្រូវក្លាយខ្លួនទៅជារូបមេមត់ គឺគេតែងតែរៀបចំធ្វើវត្ថុដែលហៅថា “គ្រូកំណើត”ឱ្យ ទោះជានៅពេលនោះ ពុំទាន់មានការដើរតួជាមេមត់ពេញលេញក៏ដោយ ដោយសារអាយុនៅតិចដូចមានបង្ហាញនៅរូបលខ៩ស្រាប់។