ដោយ ព្រាប ចាន់ម៉ារ៉ា
ពុទ្ធប្រវត្តិដែលយើងដឹងសព្វថ្ងៃនេះនិយាយថា មុនពេលព្រះពុទ្ធអង្គបានត្រាស់ជាព្រះសម្មា សម្ពុទ្ធ មាននាងម្នាក់ឈ្មោះសុជាតា បានយកបាយម៉្យាងដាំនឹងទឹកដោះគោច្រើនក្បាលចំរាញ់ចូលគ្នា ហើយដែលមានរសផ្អែមឈ្ងុយឆ្ងាញ់ដូចទឹកឃ្មុំ ហៅថា “មធុបាយាស” មកថ្វាយព្រះពុទ្ធអង្គដែលគង់ក្រោមដើមជ្រៃធំមួយ ហើយដែលនាងធ្លាប់មកបន់ស្រន់នាកាលមួយនោះ។ លុះព្រះអង្គសោយចង្ហាន់នេះទៅធ្វើឱ្យមានថាមពលគ្រប់គ្រាន់ (ក្រោយពីធ្វើទុក្ករកិរិយាអត់អាហារអស់ជាច្រើនថ្ងៃ) រីឯភាជន៍ដាក់មធុបាយាសនោះ ព្រះអង្គយកទៅផ្សងនឹងទឹកស្ទឹង ធ្វើឱ្យដឹងថាព្រះអង្គនឹងបានត្រាស់ក្នុងគ្រានេះឯង។ ទាំងប្រផ្នូលពីការផ្សងភាជន៍ ទាំងកម្លាំងពលំដែលកើតពីចង្ហាន់របស់នាងសុជាតា ធ្វើឱ្យព្រះអង្គអាចតាំងព្រះទ័យគង់ស្មឹងស្មាធិរហូតដល់រកឃើញធម៌ត្រាស់ដឹង។ ដូច្នេះគេតែងយល់ថាមធុបាយាសនេះឯងហើយ ដែលជាមធ្យោយជួយជំរុញឱ្យព្រះអង្គបានត្រាស់ដឹងនោះ។ ជំនឿនេះជ្រួតជ្រាបក្នុងផ្នត់គំនិតខ្មែរដែលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់យកទៅធ្វើជាកិច្ចតាមដំណើររឿងនេះ នៅក្នុងពិធីអភិសេកព្រះពុទ្ធបដិមាទៀតផង។
ជាទូទៅ កាលណាមានសាងព្រះវិហារថ្មី គេតែងតែធ្វើពិធីបញ្ចុះខ័ណ្ឌសីមា ព្រមទាំងភ្ជាប់ពិធីអភិសេកព្រះពុទ្ធរូបថ្មី ដែលតម្កល់ក្នុងព្រះវិហារនោះដែរ។ បើពុំដូច្នោះ គឺកាលណាមានគេសិតព្រះពុទ្ធរូបអំពីលោហធាតុ ឬមួយសាងពីអ្វីផ្សេងៗក្នុងឱកាសណាមួយក៏ដោយចុះ ក៏គេត្រូវធ្វើពិធីអភិសេកដែរ។ មួយវិញទៀត គេអាចអភិសេកព្រះភ្ជាប់ជាមួយកិច្ចបូជាសពដែរ ដើម្បីភ្ជាប់និស្ស័យសពនោះទៅនឹងព្រះសម្មាសម្ពុទ្ធ។ នៅតំបន់អង្គរ យើងតែងប្រទះឃើញពិធីអភិសេកព្រះនេះនៅក្នុងការបូជាសពគ្រហស្ថសាមញ្ញម្តងៗដែរ បើជាព្រះសពវិញ ជាពិសេសបើជាព្រះសពចៅអធិការវត្ត គឺតែងតែអភិសេកព្រះពុំដែលខាន។
ពិធីនេះធ្វើឡើងដើម្បីបំពេញលក្ខណៈព្រះពុទ្ធរូបថ្មីឱ្យក្លាយជាទីសក្ការៈពេញលេញ ពោលគឺជារូបតាងឱ្យព្រះពុទ្ធអង្គដែលជាបរមសាស្តាចារ្យលើពុទ្ធសាសនិកនានា ដូចមានពាក្យដែលអាចារ្យតែងសូត្រក្នុងពិធីវេរទ័យទានផ្សេងៗទៅព្រះសង្ឃថា “...មានព្រះពុទ្ធរូប ស្នងអង្គជាប្រធាន...”។ កិច្ចពិធីអភិសេកព្រះ គេច្រើនធ្វើក្នុងព្រះវិហារ ឬក្នុងរោងពិធីនៅវេលាយប់ ហើយជួនកាលបន្តរហូតដល់ភ្លឺតែម្តង។ ពិធីនេះវែងឆ្ងាយគួរសមដែរ ប៉ុន្តែខ្ញុំសូមបង្ហាញតែត្រង់អំពីមធុបាយាសតែប៉ុណ្ណោះ។
ដើម្បីចម្អិនមធុបាយាស គេរកក្មេងស្រី (ក្រមុំព្រហ្មចារី) ៤នាក់ តំណាងឱ្យនាងពៃសាខា, នាងសុជាតា, នាងឧមាទ័យ និងនាងបុណ្ណទាសី (ឬ នាងបូណ៌ា)។ នាងទាំង៤នាក់នេះត្រូវស្លៀកពាក់តែងខ្លួនសមរម្យស្អាតបាត ឬមួយតែងធ្វើជាកូនទេវតា ទៅអង្គុយបកស្រូវដំណើបឱ្យបានប្រហែលមួយកូនចាន ។ គេយកអង្ករដំណើបដែលបកបាននោះ ទៅចម្អិនលាយជាមួយនឹងមើមត្រាវ ឬដំឡូង, ទឹកដូង, ទឹកដោះគោ, ទឹកឃ្មុំ ពោលគឺសុទ្ធតែជារបស់មានជាតិផ្អែម សូម្បីតែវែកសម្រាប់កូរនោះក៏គេធ្វើពីអំពៅដែរ ហើយជួនកាលគេពូតយកទឹកអំពៅនោះដាក់ចូលថែមទៀតផង (រូបលេខ១)។ កិច្ចចម្អិនមធុបាយាសនេះអាចខុសគ្នាបន្តិចបន្តួចតាមទម្លាប់ផ្សេងៗ។ ជួនកាលយើងឃើញក្មេងស្រីទាំង៤ជាអ្នកធ្វើ (ដោយមានចាស់ៗជួយបង្ហាញ) ហើយមានក្មេងប្រុស៤នាក់កាន់ឆ័ត្រនិងដំបងមួយម្នាក់ ដើរប្រទក្សិណជុំវិញ (រូបលេខ២)។ ក្មេងប្រុសទាំង៤នាក់នេះតំណាងឱ្យចតុលោកបាល (ទេពរក្សាទ្វីប ឬទិសធំៗទាំង៤) ត្បិតមានរឿងតំណាលមកថា កាលនាងសុជាតាធ្វើមធុបាយាសនោះ លោកបាលទាំង៤បានយាងមកយាមការពារ ក្រែងមានមារសត្រូវរំខាន ព្រោះមធុបាយាសនេះនឹងជួយធ្វើឱ្យព្រះពុទ្ធអង្គបានត្រាស់ដឹង។
សេចក្តីត្រង់នេះយើងសង្កេតឃើញមានទាំងគំនូរក្នុងព្រះវិហារខ្លះ ដែលគេគូរតាំងពីរវាងដើមស.វ.ទី២០បញ្ជាក់ទៀតផង (រូបលេខ៣)។ មានគំនូរនៅតាមព្រះវិហារវត្តចាស់ៗខ្លះទៀត បង្ហាញពីគ្រាដែលព្រះឥន្ទ្រនិងព្រះព្រហ្ម យាងមកបាំងក្លោះថែរក្សាការពារ និងជួយធ្វើឱ្យមធុបាយាសនោះកាន់តែមានរសប្រសើរថែមទៀត (រូបលេខ៤) ហើយជំនឿនេះក៏មិនសាបសូន្យទៅណាដែរ គឺយើងឃើញអ្នកស្រុកនៅតែធ្វើតាមទម្លាប់រៀងមក (រូបលេខ៥-៦)។ ជួនកាលទៀតគេបង្ហាញឱ្យឃើញថា ពិធីនោះមានភាពអធឹកអធមខ្លាំងណាស់ គឺមានទេពនិករមីរដេសដាសក្នុងពេលដណ្តាំមធុបាយាសនោះផង (រូបលេខ៧-៨)។ ក្រោយពីចម្អិនរួចហើយ គេរៀបចំដាក់ចានគ្របសាជីទុកត្រឹមត្រូវ ទើបឱ្យក្មេងស្រីទាំង៤នាក់កាន់របស់៤យ៉ាង ដង្ហែយកទៅថ្វាយព្រះ គឺនាងពៃសាខា កាន់ទឹក (មកពីបូព៌ាទ្វីប), នាងសុជាតាកាន់មធុបាយាស (មកពីអមរគោយានីទ្វីប), នាងឧមាទ័យ កាន់ខ័នម៉ាក់ ឬអ្នកខ្លះហៅថាស៊ង (មកពីឧត្តរករោទ្វីប) និងនាងបូណ៌ា កាន់កន្ថោមាស (មកពីជម្ពូទ្វីប)។ ក្មេងស្រីទាំង៤នេះអង្គុយលត់ជង្គង់តម្រង់ជួរគ្នា និងមាន អាចារ្យមួយរូបតំណាងព្រះព្រហ្មជាអ្នកនាំមុខ ចូលទៅធ្វើកិច្ចថ្វាយមធុបាយាសចំពោះព្រះ (រូបលេខ៩)។ សូមជ្រាបថា ពិធីអភិសេកព្រះនេះ គេធ្វើឡើងតាមរឿងពុទ្ធប្រវត្តិត្រង់ពេលដែលព្រះអង្គបានត្រាស់ដឹងនោះឯង។