ដោយ ស៊ីយ៉ុន សុភារិទ្ធ
នៅឥណ្ឌា ពួកព្រាហ្មណ៍ត្រូវការគោមេជាចាំបាច់ ត្បិតនៅក្នុងហោមពិធីនានាព្រាហ្មណ៍ត្រូវការទឹកដោះគោ និងអាចម៍គោមេ។ ទឹកដោះគោគេយកមកធ្វើដង្វាយព្រះ។ អាចម៍គោមេ គេយកមកដុតក្នុងពិធី និង សម្រាប់លាបលើកន្លែងធ្វើកិច្ច ដើម្បីឱ្យទីនោះបរិសុទ្ធ ។ ដូច្នេះជាការធម្មតាទេ ដែលនៅក្នុងសង្គមខ្មែរសម័យបុរាណ ព្រាហ្មណ៍ក៏ត្រូវការមេ គោដែរនោះ។ សិលាចារឹកមួយចំនួននិយាយដោយផ្ទាល់ឬ ដោយប្រយោលពីមេគោ។ មេគោដែល ខ្ញុំចង់ និយាយនៅទីនេះ គឺសំដៅទៅលើមេគោកំពុងមានកូនតូច ពោលគឺគោដែលអាចយកទឹកដោះបាន។ សិលាចារឹកបន្ទាយស្រីចុះលេខ K.842, ល្បះទី១៧ និយាយអំពីព្រះរាជគ្រូដែលមានឈ្មោះជាសំស្ក្រឹតថា “យជ្ញវរាហ” ធ្វើអំណោយមេគោដែល មានដោះកំប៉ោង (ពាក្យសំស្កឹ្រត “កុណ្ឌោនី”)ទៅព្រាហ្មណ៍នៅប្រាសាទជារៀងរាល់ខែ។ រីឯសិលាចារឹក ប្រែរូបវិញ K.806 គេលេងវោហាក្នុងកាព្យ សំស្ក្រឹតថាព្រះបាទរាជេន្ទ្រវរ្ម័នទ្រង់ច្របាច់ទឹកដោះចេញពីដី បីដូចជាច្របាច់ដោះមេគោដែលកំពុងពេញកម្លាំង, ពោរពេញទៅដោយទឹកដោះ (ល្បះ ទី១០២)។ ចំណែកសិលាចារឹកប្រាសាទព្រះខ័នវិញ ពុំនិយាយអំពីមេគោទេ តែនិយាយអំពីអំណោយទឹកដោះគោនិង គ្រឿងធ្វើអំពីទឹកដោះគោយ៉ាងសន្ធឹកសន្ធាប់ ដូចជា “ឃ្រិត” (ទឹកដោះគោដែលគេយកទៅដាំ ហើយទុកឱ្យត្រជាក់វិញ), “ទធិ” (ប្រភេទទឹកដោះគោជូ)” និង “ បយស” ឬ “ក្សីរ”(ទឹកដោះគោធម្មតា)។ សូមជម្រាបថាពាក្យ ពាក្យ “ក្សីរ” សព្វថ្ងៃនៅមានអ្នកស្រុកប្រើម្តងម្កាលដែរ ដោយនិយាយថា “ទឹកក្សីរ”។
ចំណែកនៅតាមប្រាសាទវិញ គេរមែងឆ្លាក់រូបមេគោជាប់ជាមួយព្រាហ្មណ៍។ រូបមេគោនោះសោត តែងមានកូនគោនៅជាមួយ។ រូបទាំងនោះបញ្ជាក់យ៉ាងច្បាស់ថាព្រាហ្មណ៍អាចរឹតយកទឹកដោះពីគោនោះបាន។ នៅប្រាសាទបន្ទាយឆ្មារគេឆ្លាក់រូបមេគោនិងកូនគោនៅក្បែព្រាហ្មណ៍មួយក្រុមដែលកំពុង ចូលទៅថ្វាយបង្គំក្សត្រមួយអង្គ (ទម្រង់ព្រះភក្ត្រក្សត្រនោះសមតែជាព្រះបាទជ័យវរ្ម័នទី៧។ ម៉្យាងទៀតគប្បីកុំភ្លេចថា បន្ទាយឆ្មារសាងឡើងដោយព្រះរាជាអង្គនេះឯង) ហើយនៅក្បែនោះមាន ព្រាហ្មណ៍កំពុងតែធ្វើហោមពិធី ដែលមានភ្លើង យជ្ញឆេះសន្ធោសន្ធៅ (រូបលេខ១-២)។ រូបនេះទំនងជាចង់និយាយអំពីព្រាហ្មណ៍ថ្វាយ ឬទទួលមេគោដែលកំពុងមានទឹកដោះ ដើម្បីឱ្យគេធ្វើពិធី ឬ ដើម្បីយកមកធ្វើពិធី ។
នៅប្រាសាទបាយ័ន្តវិញ គេឆ្លាក់រូបព្រាហ្មណ៍ម្នាក់កំពុងតែទាញខ្សែកូនគោផ្តាច់ ចេញពីដោះ មេវា។ ឯមេគោនោះ ទំនងជាការកូន ហើយខឹងនិងព្រាហ្មណ៍ ដែលទាញកូនវា។ មេគោនោះលើក កន្ទុយ ងើបក្បាលទៅរកបុសព្រាហ្មណ៍ (រូបលេខ៣)។ នៅប្រាសាទតាព្រហ្មវិញ មានឆ្លាក់រូបព្រាហ្មណ៍កំពុងច្របាច់រឹតយកទឹកដោះគោ។ ព្រាហ្មណ៍ម្នាក់កំពុងចាប់ពង្រត់កូនគោចេញពីមេវា ហើយព្រាហ្មណ៍ម្នាក់ទៀតចាប់ជំរិតយកទឹកដោះ។ ឯព្រាហ្មណ៍បីនាក់ទៀតទំនងជាកំពុងផឹកទឹកដោះគោ(រូបលេខ៤)។
សេចក្តីដូចពោលមកនេះ ធ្វើឱ្យខ្ញុំគិតទៅដល់ពាក្យ “អាចម៍គោមេ” ដែលគេតែងនិយាយជាឧទានស័ព្ទ, ឧទាហរណ៍ “មិនដឹងជាអាចម៍គោមេអីទេ!”។ ឃ្លានេះគេនិយាយក្នុងន័យទ្រគោះបោះបោកទៅឱ្យនរណាម្នាក់ដែល ធ្វើអ្វីឬនិយាយអ្វីមួយគ្មានប្រយោជន៍, មិនបានការ, ត្រឡប់ត្រឡិននាំឱ្យគេឯងរង្គាសចិត្ត ហើយយើងពុំដែល ឮគេនិយាយថាអាចម៍គោឈ្មោល ឬអាចម៍ក្របីនៅក្នុងន័យនេះទេ។ ខ្ញុំយល់ថាពាក្យអាចម៍គោមេនេះ ប្រហែលជាមានដំណើរដើមទងជាប់ជាមួយជំនឿរបស់ព្រាហ្មណ៍ ដែលទើបនឹងពោលមកនេះ ត្បិតយើងឃើញមកហើយថា អាចម៍គោមេមានប្រយោជន៍ណាស់។