ដោយ ឃុត សុខាន
ពាក្យ “មេ” ដែលដើមឡើយសំដៅថាម្តាយនោះ មានន័យវែងឆ្ងាយទៅទៀតយ៉ាងណា ខ្ញុំពុំចាំបាច់យកមកពោលនៅទីនេះទៀតទេ ខ្មែរឬបរទេសដែលចេះភាសាខ្មែរច្បាស់ ដឹងហើយថាពាក្យនោះទូលំទូលាយទៅដល់ណា។ ខ្ញុំសូមរំលឹកតែពាក្យមួយថា “សូមកុំលេងដល់មេដំបូល!” ដែលគេនិយាយព្រមានដល់អ្នកណាសំដីខ្លាំងហ៊ានដៀលដល់ម៉ែឪ។
បើនិយាយពីគេហដ្ឋានឬសំណង់អ្វីទៀតវិញ “មេដំបូល” គេចាត់ទុកថាជាវត្ថុដែលសំខាន់លើគ្រឿងអ្វីទៀតទាំងអស់។ ហេតុនេះហើយបានជារាល់ពេលលើកមេដំបូលឡើងក្នុងសំណង់អ្វីមួយ គេតែងតែធ្វើកិច្ចពិធីតូចឬធំខានពុំបានឡើយ។ បើរតឬផ្លានដែលជាគ្រឿងផ្គុំដែរ ពុំដែលឃើញគេធ្វើកិច្ចអ្វីទេ។
នៅទីនេះ ខ្ញុំសូមបង្ហាញពី “ពិធីលើកមេដំបូលព្រះវិហារ” ដែលប្រារឰធ្វើឡើងនៅវត្តអធិបតី នៅក្នុងស្រុកពួក ខេត្តសៀមរាប។ ខ្ញុំពុំលើកពីកិច្ចជាច្រើនរាប់មិនអស់ដែលគេធ្វើឡើងក្នុងពិធីដ៏ឱឡារិកនេះ មកនិយាយទេ គឺគ្រាន់តែយករូបមួយចំនួនតូចដែលពាក់ព័ន្ធនឹងឈើមេដំបូលនោះមកបង្ហាញ។ ដោយសារពិធីនេះទាក់ទងត្រង់ទៅនឹងវត្ត ព្រមទាំងព្រះពុទ្ធសាសនាដែលមានព្រះសង្ឃជាតំណាងនោះ (រូបលេខ១) មនុស្សម្នាមិនថាជិត មិនថាឆ្ងាយ មករួបរួមអធឹកអធមខ្លាំងណាស់។ ម្នាក់ៗ បើពុំបានជ្រោមជ្រែងសែងផ្ទាល់ ក៏គង់ខំធ្វើម្តេចឱ្យបានស្ទាបប៉ះមេដំបូលនោះបន្តិចដែរ (រូបលេខ២-៣)។ ម៉្យាងទៀតបុណ្យរបៀបនេះពុំមានតែពិធីដែលត្រឹមតែជាកិច្ចប៉ុណ្ណោះទេ គឺអ្នកស្រុកទូទៅសាទរសោមនស្សរីករាយខ្លាំងណាស់ (រូបលេខ៤-៥) ត្បិតយល់ថាសហគមន៍ខ្លួនបានធ្វើឱ្យចំរុងចម្រើនក្នុងសាសនា។ អ្នកដែលជឿលើសពីនោះទៅទៀត ខំធ្វើម្តេចដើម្បីហែកបកយកក្រដាសពណ៌ដែលគេរុំលម្អលើឈើមេដំបូលនោះ មុនពេលលើកឡើងលើដំបូលព្រះវិហារ ឱ្យបានខ្លះដើម្បីប្រើប្រាស់តាមជំនឿផ្សេងៗ (រូបលេខ៦)។ មើលតែរូបលេខ៧ទៅឃើញថា ការលើកនោះ មានការជ្រោមជ្រែងពីមនុស្សម្នាយ៉ាងណា។