ដោយ ហេង ថាន
ដូចយើងដឹងស្រាប់ហើយ សត្វមាន់មានច្រើនបែប ច្រើនយ៉ាងណាស់ ក្នុងចំណោមនោះមានប្រភេទមួយពុំសូវសម្បូណ៌ឡើយ ដែលអ្នកសៀមរាបហៅថា “មាន់ច្រែស”។ ខ្ញុំពុំដឹងសរសេរយ៉ាងដូចម្តេចឲ្យចំពាក្យថានោះទេ ព្រោះបើយោងតាមវចនានុក្រមនៃពុទ្ធសាសនបណ្ឌិត្យ មាន់នោះហៅថា “មាន់ក្រញាស” ដោយសាររោមនឹងស្លាបវាក្រញាសច្រាងឡើងលើ (រូបលេខ១)។ សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកខ្លះទៀតនៅតំបន់ខាងជើង អ្នកខ្លះហៅថា “មាន់ក្រញាស” ដូច្នេះដែរ តែអ្នកខ្លះទៀតថា “មាន់ក្រញេស” ឬ “មាន់ញេស” ទៀតផង។
មាន់ច្រែសនេះមាននាទីជាថ្នាំព្យាបាលរោគគ្រុនក្តៅ ព្រមទាំងបូសខ្នុរនៅតាមក្បាលក្មេងតូចៗ (រូបលេខ២)។ កាលណាក្មេងមានជម្ងឺដូច្នោះ ហើយដាក់ថ្នាំធម្មតាទៅពុំកប គេច្រើនបូលដើម្បីរកហេតុ។ បូលនោះមានវិធីច្រើនយ៉ាង ដែលខ្ញុំពុំអធិប្បាយនៅទីនេះទេ តែបើបូលរកហេតុនានាពុំត្រូវ ជួនកាលគេបូលរកមធ្យោបាយព្យាបាល។ បើបូលទៅ ត្រូវចំមាន់ច្រែស គេក៏រកមាន់ច្រែសមួយមកដើម្បីព្យាបាល។ បើអ្នកឈឺនោះជាក្មេងស្រី គេត្រូវរកមាន់ឈ្មោល ផ្ទុយទៅវិញ បើប្រុសត្រូវរកមាន់មេ។ វិធីព្យាបាលនោះផ្អែកទៅលើការស្រោចទឹក ហើយម៉្យាងទៀត គេឧបកិច្ចអ្នកឈឺនិងមាន់ច្រែសដែលរកបានមកនោះថាជាប្តីប្រពន្ធនឹងគ្នា (រូបលេខ៣)។ គេយកមាន់ច្រែសមកដាក់លើក្បាលក្មេងឈឺ ហើយចាក់ទឹកលើមាន់នោះដើម្បីឲ្យហូរកាត់លើក្បាលក្មេង ឬម៉្យាងទៀត គេយកមាន់ដាក់ក្នុងធុង ហើយស្រោចទឹកវាក្នុងនោះ បន្ទាប់មកទើបយកទឹកនោះទៅស្រោចឲ្យក្មេងជាការស្រេច។ ពេលនោះគេមាននិយាយបន់ស្រន់អ្វីៗខ្លះៗដែរ។ ពិធីនេះអាចចប់ត្រឹមនេះ តែអ្នកខ្លះទៀត បន្ទាប់ពីចាក់ទឹករួច កាត់យកស្លាបមាន់នោះបន្តិចមករុំនឹងកំណាត់ពាក់នឹងកក្មេងដូចជាបន្តោងដូច្នោះ (រូបលេខ៤)។