ដោយ គង់ វីរៈ
នៅជំពូកទី២, លេខ៤ (២.៤) អ្នកអានបានឃើញមួយលើកមកហើយអំពីប្រពៃណីពិសេសមួយ ដែលជនជាតិកួយនៅភូមិវាលវែង (ខេត្តកំពង់ធំ) ប្រារឰ ពោលគឺប្រវាយកួយដែលធ្វើឡើងនៅក្នុងពិធីកន្ទុយវេរ។ នៅទីនេះ ខ្ញុំសូមបង្ហាញប្រពៃណីពិសេសមួយទៀតនៅសហគមន៍ដដែល គឺពិធីសែនដែក។ អ្នកស្រាវជ្រាវខាងជាតិពន្ធុវិទ្យាដឹងគ្រប់គ្នាថាជនជាតិកួយធ្លាប់ល្បីល្បាញខ្លាំងណាស់ក្នុងការស្លដែក ពោលគឺយករ៉ែដែលនៅក្នុងថ្មនេះឲ្យចេញជាដែក។ ទោះជាយើងមិនស្រាវជ្រាវក៏យើងធ្លាប់ឃើញគេរាំដាវនៅក្នុងមង្គលការដែរ។ ពេលនោះអ្នករាំតែងច្រៀងថា “ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ (...)”។ បានជាគេថាកំពង់ស្វាយ ព្រោះតំបន់នេះមានភ្នំដែកដែលជនជាតិកួយធ្លាប់ស្លតៗគ្នារាប់សតវត្សមកហើយ ហើយវិជ្ជាស្លដែកដ៏លំបាកនោះទើបនឹងចប់រលត់ប្រមាណ៧០ឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងនេះក្តីជនជាតិកួយនៅចងចាំច្បាស់ថាខ្លួនធ្លាប់ផលិតដែក។ ដូច្នេះហើយបានជាសហគមន៍កួយនៅភូមិវាលវែងជាដើម នៅតែធ្វើពិធីសែនដែករៀងរាល់ឆ្នាំ។ ការដែលគួរឲ្យកត់សំគាល់ គឺគេបញ្ចូលពិធីនេះមកក្នុងក្របខ័ណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ពោលគឺគេសែននៅពេលព្រឹកថ្ងៃកាន់បិណ្ឌទី១៤ មុនពេលចេញទៅវត្ត (រូបលេខ១)។ ប្រការនេះបង្ហាញថាអារ្យធម៌កួយជាប់នឹងខ្មែរខ្លាំងណាស់ ត្បិតកាន់បិណ្ឌនិងភ្ជុំបិណ្ឌដូចគ្នា ប៉ុន្តែកួយពុំភ្លេចប្រពៃណីពិសេសរបស់គេដែរ បានជាមានការសែនដែកដូច្នេះ។
ពិធីសែនដែកនេះគឺគេរៀបចំម្ហូមអាហារ បង្អែមចំអាប គ្រឿងភេសជ្ជៈ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃខ្លះ មានសំពត់អាវ ជាដើមសម្រាប់ជាដង្វាយនិងជារណ្តាប់ (រូបលេខ២-៣)។ គ្រឿងទាំងនេះរៀបឡើងសម្រាប់សែនរាល់ឧបករណ៍ទាំងឡាយណាដែលធ្វើអំពីដែកឬមានដែកនៅក្នុងនោះ ដូចជាកាំបិត, ពូថៅ, ដឹង, រណា, ចប, ជំនីក៘ ផ្ទះខ្លះឃើញមានរហូតដល់គ្រឿងតម្បាញដែលនៅសេសសល់ពីមុនមក ទោះបីជាសព្វថ្ងៃគេលែងត្បាញក្តី(រូបលេខ៤-៦)។ ពីមុន កាលណាគេយករបស់អស់នោះមកដាក់សែន គេមិនអាចយកមកប្រើប្រាស់ភ្លាមបានទេ គឺគេត្រូវរង់ចាំដល់ផុតថ្ងៃភ្ជុំ ពោលគឺដល់ថ្ងៃ១កើតខែអស្សុជ។ តែសព្វថ្ងៃនេះ ការងារមមាញឹក ហើយគេពុំសូវសម្បូណ៌ឧបករណ៍ប្រើប្រាស់ផង ទើបពេលគេសែនចប់មួយសន្ទុះ ហើយគេក៏អាចយកឧករណ៍ដែកដឹងខ្លះទៅប្រើប្រាស់ភ្លាមបាន។ ក៏ប៉ុន្តែ គេមិនរើយករបស់ទាំងអស់ភ្លាមទេ គឺយកតែរបស់ណាដែលត្រូវការចាំបាច់។ របស់ដែលយកទៅប្រើនោះ គឺត្រូវយកមកទុកកន្លែងសែនវិញក្រោយពេលដែលគេប្រើរួច ព្រោះត្រូវមានកិច្ចសែនម្តងទៀតនៅពេលគេត្រឡប់មកពីវត្តនាថ្ងៃភ្ជុំបិណ្ឌ (រូបលេខ៧)។ បន្ទាប់ពីនោះមក គេអាចរើយកឧបករណ៍ដែកទាំងនេះទៅប្រើប្រាស់បាន។
ពោលយ៉ាងសង្ខេបមកត្រឹមណេះក៏ល្មមយើងយល់បានហើយថាតើដែកមានសារៈសំខាន់យ៉ាងណាចំពោះជនជាតិកួយ។ តាមពិតទៅសារៈសំខាន់នៃឧបករណ៍ដែកមានដូចគ្នាមិនថាចំពោះជនជាតិណាឬជនជាតិណាទេ ប៉ុន្តែចំពោះជនជាតិកួយវិញគ្រឿងដែកមានអត្ថន័យលើសពីឧបករណ៍ប្រើប្រាស់ទៅទៀត ពោលគឺចាក់ឫសទៅក្នុងវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួនដែលសព្វថ្ងៃគេនិយមថាអត្តសញ្ញណ។