ដោយ សាម ច័ន្ទវីរៈ
មកដល់សព្វថ្ងៃនេះ កសិកម្មនៅតែជាវិស័យមួយយ៉ាងសំខាន់របស់ខ្មែរ ។ ក្នុងការប្រកបស្រែចម្ការ អ្នកស្រុកនៅតែពឹងផ្អែកលើធម្មជាតិស្ទើរតែទាំងស្រុងនៅឡើយ ជាពិសេសសង្ឃឹមលើទឹកភ្លៀង។ ទោះបីជាបរិមាណទឹកភ្លៀងគ្រប់គ្រាន់សម្រាប់មួយឆ្នាំក៏ពុំទាន់ទៀងថាអស់កង្វល់ដែរ ត្បិតជួនកាលការដែលភ្លៀងបង្អុរមកនោះមិនត្រូវតាមពេលវេលា។ ពេលសំណាបចាប់ផ្តើមលូតលាស់ធម្មតា ភ្លៀងក៏បែរជារាំងទៅវិញ ធ្វើឲ្យសំណាបក្រៀមស្វិត ជួនកាលទៀត សំណាបត្រូវរីកលូតលាស់ ស្រាប់តែភ្លៀងធំធ្លាក់ជាប់គ្នាច្រើនថ្ងៃពេក បណ្តាលឲ្យរលួយខូចអស់ក៏មាន។ បើកាលណាដើមឆ្នាំត្រូវធ្លាក់ភ្លៀងហើយ ពុំឃើញធ្លាក់ ហើយចេះតែបន្តការរាំងស្ងួតនេះច្រើនអាទិត្យតទៅទៀត អ្នកស្រុកតែងនាំគ្នាប្រារឰពិធីសុំទឹកភ្លៀង។ ឯរបៀបរបប ឬកិច្ចដែលធ្វើនោះ តែងខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ ខ្លះប្រើតែកិច្ចក្នុងជំនឿជីវចលសុទ្ធសាធ ខ្លះទៀតមានបញ្ចូលកិច្ចព្រះពុទ្ធសាសនាផង។
នៅទីនេះខ្ញុំលើកយកតែឧទាហរណ៍ពីរដែលអ្នកស្រុកនៅអង្គររៀបចំធ្វើនៅតាមប្រាសាទ។ ឧទាហរណ៍ទីមួយហៅថា “ឆាន់សុំទឹកភ្លៀង” ដោយសារនៅក្នុងនោះមានការចូលរួមពីព្រះសង្ឃដែរ។ ពិធីនោះគេធ្វើនៅមុខប្រាសាទមេបុណ្យ ដែលនៅក្នុងអតីតបារាយ “យសោធរ” (ពាក្យសំស្ក្រឹតថា “យសោធរតដាក”)។ ឯកាលបរិច្ឆេទហាក់ដូចជាពុំកំណត់ថ្ងៃច្បាស់លាស់ទេ គឺតាមការមូលមតិរវាងអ្នកស្រុកនិងអាចារ្យ។ ពិធីសុំទឹកភ្លៀងនេះប្រព្រឹត្តទៅមួយយប់ពីរថ្ងៃ។ នារសៀលថ្ងៃដំបូង គេរៀបចំកិច្ចសែនក្រុងពាលីដូចនៅក្នុងពិធីជាច្រើនទៀតដែរ។ បន្ទាប់មក គេនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្ត ជាកិច្ចសាសនា។ លុះព្រឹកឡើងថ្ងៃបន្ទាប់ ក្រោយពីព្រះសង្ឃឆាន់ព្រឹករួច នៅជ្រុងឦសាននៃប្រាសាទ អ្នកស្រុកដែលភាគច្រើនមកពីភូមិប្រដាកនៅជិតនោះ យកបង្អែម ចម្អាប ផ្លែឈើ គ្រប់មុខ មានទាំងក្បាលជ្រូកផងមកទីប្រារឰពិធី។ ឯគ្រឿងរណ្តាប់វិញមានស្លាធម៌, បាយស្រី, ជម និងពែជាធម្មតា។ គ្រឿងទាំងអស់នេះរៀបចំមក សម្រាប់កិច្ចបញ្ជាន់រូប។ ដូច្នោះហើយ ទើបយើងឃើញមានភ្លេងមួយវង់ (រូបលេខ១)។ ឯខ្មោចដែលនឹងចូលបន្តបន្ទាប់គ្នាមកក្នុងរូបនោះមានច្រើនណាស់ ដូចជាតារាជ (នៅអង្គរវត្ត), តាខូច (នៅប្រាសាទប្រែរូប), តាសុខ, តាសៅ, តាដំបងដែក, តាដំបងក្រញ្ញូង, នាងផាត់សមុទ្រ, នាងខ្មៅ, អង្គ ទស្វាជាដើម។ រូបនោះមានច្រើន ហើយសុទ្ធសឹងជាមនុស្សស្រី ពេលចូលមកផ្តើមយកម្សៅលាបមុខមាត់ (រូបលេខ២), ហូបគ្រឿងស្រវឹងផ្សេងៗ (រូបលេខ៣-៤), រាំពត់ពេនទៅតាមចង្វាក់ភ្លេង (រូបលេខ៥-៦)។ ក្រៅអំពីការបន់ស្រន់ ដែលអ្នកស្រុកនិយាយសុំទឹកភ្លៀងទៅខ្មោចផ្សេងៗនោះ ក៏មានអ្នកខ្លះឆ្លៀតមកសាកសួរ ឬបន់ស្រន់អ្វីទៀតដែលជារឿងផ្ទាល់ខ្លួនដែរ (រូបលេខ៧)។ ក្នុងកិច្ចជាបញ្ចប់នោះ គឺរូបមេមត់កាន់ធាងចេកពីរកំណាត់ ហើយរាំប្រទក្សិណសំណែន ព្រមទាំងពែ៣ជុំ (រូបលេខ៨) រួចហើយទើបវាយពែនោះឲ្យដួល ហើយរត់យ៉ាងលឿនផុតពីទីនោះភ្លាម ហាក់ដូចជាខ្លាចគ្រោះថ្នាក់អ្វីកើតឡើង (រូបលេខ៩)។
ពិធីទីពីរឃើញគេធ្វើនៅប្រាសាទនាគព័ន្ធ។ នៅឯនេះឥតមានកិច្ចព្រះពុទ្ធសាសនាទេ តែធ្វើជាប់គ្នាពីរថ្ងៃដូចខាងលើដែរ។ នៅរសៀលថ្ងៃដំបូង គេរៀបចំពិធីបញ្ជាន់រូបនៅក្នុងបរិវេណប្រាសាទនាគព័ន្ធ។ លុះព្រឹកថ្ងៃបន្ទាប់ អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ៣ជុំ ដោយចាក់ទឹកលើក្បាលទ ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំង៤ (រូបលេខ១០-១២) ពុំតែប៉ុណ្ណោះ មនុស្សក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក អ្នកខ្លះច្រៀងរាំសប្បាយក្អាកក្អាយហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែន (រូបលេខ១៣-១៤)។