ដោយ អ៊ូ គង្គា និង ទៀវ វិចិត្រ
«ជាតក» សំដៅលើរឿងរ៉ាវ «ជាតិ» ទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ មុនជាតិដែលព្រះអង្គបានតា្រស់ដឹង ពោលគឺនៅពេលដែលព្រះអង្គនៅជាព្រះពោធិសត្វ ហើយចាប់កំណើតផ្សេងៗគ្នា ជាមនុស្សឬជាសត្វជាដើម។ គេបានស្រាវជ្រាវរកឃើញជាតកទាំងអស់មានចំនួន៥៤៧។ ជាតក១០ចុងក្រោយគេបង្អស់ហៅថា «ទសជាតក»។ នៅក្នុងជាតកទាំង១០នេះ ជាតកចុងក្រោយបង្អស់មានឈ្មោះថា «វេស្សន្តរជាតក» ដ្បិតព្រះពោធិសត្វនៅក្នុងជាតិនោះមានព្រះនាមថា «ព្រះវេស្សន្តរ»។ សូមបញ្ជាក់ថាក្នុងជាតិ (ជាតក) នីមួយៗក្នុងចំណោម១០ជាតិនេះ ព្រះពោធិសត្វតែងបំពេញបានបារមីអ្វីមួយ មានន័យថាបំពេញអ្វីមួយបានពេញលេញឥតខ្ចោះដល់ទីបញ្ចប់។ ឧទាហរណ៍ នៅជាតិទី៩ព្រះពោធិសត្វដែលមាននាមថា «ព្រះមហោសថ» ព្រះអង្គឈ្លាសវៃ ឬមានចំណេះដល់កំពូល ហើយបារមីនោះហៅថា «ប្រាជ្ញាបារមី»។ ឯក្នុងជាតិព្រះវេស្សន្តរដែលជាជាតិចុងក្រោយបង្អស់ បារមីនោះហៅថា «ទានបារមី» ដ្បិតព្រះអង្គប្តេជ្ញាចិត្តថាបើគេសុំអ្វីពីព្រះអង្គក៏ព្រះអង្គនឹងដាក់ទានឲ្យគេទាំងអស់ដោយមិនរារែក មិនថាតែទ្រព្យសម្បត្តិឡើយ គឺសាច់ឈាមផ្ទាល់ព្រះអង្គរាប់បញ្ចូលទាំងព្រះមហេសីឬបុត្រក្តី ឲ្យតែមានគេសុំ ព្រះអង្គនឹងដាក់ទានឲ្យ។ ជាតិជាព្រះវេស្សន្តរនេះ គេច្រើននិយមហៅថា «មហាជាតក» (មហាជាតិ) ដោយគេយល់ថាជាជាតិដែលធំបង្អស់។ ហេតុនេះហើយបានជាពុទ្ធសាសនិកនៅប្រទេសមួយចំនួន មាននៅកម្ពុជាជាដើម បង្កើតឱ្យមានពិធីបុណ្យមួយហៅថា «ទេសន៍មហាជាតិ» ដែលសំដៅដល់ពិធីបុណ្យមានការទេសនាឱ្យពុទ្ធបរិស័ទបានស្តាប់ពីរឿងព្រះវេស្សន្តរ។ ពេលវេលាជ្រើសរើសសម្រាប់ធ្វើនោះមិនដូចគ្នាទាំងស្រុងទេ នៅប្រទេសកម្ពុជានិងប្រទេសលាវតំបន់ទំនាបវៀងចន្ទ គេនិយមធ្វើនៅខែប្រាំង បើនៅតំបន់ខ្លះនៃប្រទេសថៃឡង់ដ៍វិញ គេច្រើនធ្វើនៅពេលក្រោយចេញព្រះវស្សា។
ចំពោះប្រទេសកម្ពុជាវិញ ប្រធានបទនេះធ្លាប់មានការសិក្សាពីលោក កូវ គំនិត រួចតាំងពីឆ្នាំ២០១០មកម៉្លេះ។ យើងខ្ញុំសូមបន្ថែមបន្តិចបន្តួចលើសំណេរដែលមានស្រាប់នោះប៉ុណ្ណោះ។ សូមជ្រាបថាតាំងពីសម័យបុរាណម្ល៉េះដែលជាតកខ្លះ ជាពិសេសព្រះវេស្សន្តរជាតកមានប្រជាប្រិយភាពដូចយើងអាចឃើញភស្តុតាងជាចម្លាក់តាមប្រាសាទក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧មួយចំនួនដែលបង្ហាញឈុតខ្លះនៃរឿងនេះ (រូបលេខ១) ហើយដែលមាននិយាយខ្លះនៅជំពូក៣, លេខរៀងទី៤៦។ រីឯសព្វថ្ងៃវិញ យើងតែងឃើញឈុតនានានៃព្រះវេស្សន្តរជាតកជាគំនូរនៅតាមវត្ត (រូបលេខ២-៣)។ មិនតែប៉ុណ្ណោះយើងដឹងតាមរយៈសិលាចារឹកលេខ K. 485 ដែលគេរកឃើញនៅប្រាសាទភិមានអាកាស ហើយដែលតាក់តែងឡើងដោយព្រះនាងឥន្ទ្រទេវី (ស.វ.ទី១៣) ថារឿងជាតកគេយកមកសម្តែងជារបាំសាសនាទៀតផង។ យើងនឹងឃើញថាទំនៀមនេះ ថ្វីដ្បិតតែនៅសម័យបច្ចុប្បន្នមិនរស់រវើកនៅគ្រប់ទិសទីទៀតក្តី តែក៏មិនទាន់ផុតរលត់ជាស្ថាពរដែរ។
តាមបណ្តាវត្តអារាមក្នុងខេត្តសៀមរាប គេតែងជ្រើសរើសពេលសម្រាប់ធ្វើពិធីទេសន៍មហាជាតិនេះក្នុងពេលណាមួយពីខែមិគសិរដល់ខែមាឃអាស្រ័យតាមការរើសរកថ្ងៃកុំឲ្យជាន់គ្នារវាងវត្តមួយនិងវត្តមួយ។ តែបើយកឧទាហរណ៍នៅទីផ្សេងវិញ ដូចជានៅតំបន់ភ្នំវល្លិ៍ក្នុងខេត្តកំពតជាដើម គេច្រើនធ្វើនៅពេលដែលរដូវភ្លៀងជិតចូលមកដល់ (សូមអានអត្ថបទក្នុងជំពូក២, លេខរៀងទី៤១)។
តាមធម្មតាពុទ្ធបរិស័ទក្នុងភូមិចំណុះជើងវត្តចែកគ្នាកាន់វេនតាមកណ្ឌនីមួយៗដែលតំណាងរបស់ខ្លួនចាប់ឆ្នោតបាន (ឆ្នោតនេះហៅថា «ស្លាក» ឬតាមបាលីថា «សលាកបត្ត»)។ រឿងវេស្សន្តរជាតកមានកណ្ឌសរុបទាំងអស់១៣កណ្ឌគឺ កណ្ឌទសពរ, កណ្ឌហេមពាន្ត, ទានកណ្ឌ, កណ្ឌវនប្បវេសន៍, កណ្ឌជូជក, កណ្ឌចូឡពន, កណ្ឌមហាពន, កណ្ឌកុមារបាព៌, កណ្ឌមទ្រីបាព៌, កណ្ឌសក្កបាព៌, កណ្ឌមហារាជបាព៌, កណ្ឌឆក្សត្រ និងនគរកណ្ឌ។
ទំនៀមមានការសម្តែងដែលនិយាយពីសម័យបុរាណនោះមិនទាន់បាត់បង់ពីប្រពៃណីខ្មែរទាំងស្រុងទេ គឺគេអាចឃើញមានការសម្តែងជាឈុតល្ខោនក្នុងពេលបុណ្យទេសន៍នោះដែរ។ ដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺពុំមែនជាការសម្តែងដែលអ្នកស្រុកហៅថា «ល្បែង» (ល្ខោន, កុន, ភ្លេង…) សម្រាប់កំដរបុណ្យឲ្យមានភាពរីករាយនោះឡើយ គឺថានេះជាការសម្តែងដែលទាក់ទងនឹងរឿងទេសន៍តែម្តង រីឯអ្នកសម្តែងនោះសោតក៏គ្មាននរណាម្នាក់នៅក្នុងអាជីពនោះដែរ ពោលគឺជាអ្នកស្រុកធម្មតាសុទ្ធសាធ។
នៅខេត្តសៀមរាប គេនិយមប្រារព្ធពិធីនេះអស់រយៈពេលបីថ្ងៃ។ បើសង្ខេបឲ្យខ្លីបំផុតមក គឺគេចាប់ផ្តើមពីប្រុងពលី (កិច្ចផ្តើមបុណ្យទូទៅ), ផុតពីនោះមកគេបួងសួង រួចហើយក៏ចាប់ផ្តើមទេសន៍ពីកណ្ឌទី១ដល់កណ្ឌទី១៣ ដែលចប់នៅយប់ថ្ងៃទីពីរ។ នៅថ្ងៃទី៣ គេនិមន្តព្រះសង្ឃទេសន៍ «អានិសង្សស្តាប់ទេសន៍មហាជាតក» រួចហើយក៏ឆ្លងបញ្ចប់កម្មវិធី។
រូបលេខ៤-៥ បង្ហាញពីគ្រឿងរណ្តាប់នៅពេលទេសន៍កណ្ឌនីមួយៗ។ ឯនៅរូបលេខ៦-៨ យើងឃើញអ្នកប្រណម្យស្តាប់លោកទេសន៍នៅវត្តចេតិយ, វត្តលលៃ, និងវត្តប្រដាក។
ក្នុងពេលដែលព្រះសង្ឃកំពុងទេសន៍កណ្ឌនីមួយៗ គេត្រូវរើសអ្នកភូមិនោះមកសម្តែងជាតួអង្គសំខាន់ៗតាមសាច់រឿង ដូចជាព្រះបាទវេស្សន្តរ, នាងមេទ្រី, តាជូជក់, ជាលី និងក្រិស្ណា (រូបលេខ៩)។ ឧទាហរណ៍ថា ព្រះសង្ឃកំពុងទេសន៍ដល់កណ្ឌជូជក់នោះ អ្នកសម្តែងជាតាជូជក់គូសមុខគូសមាត់ ដើរកោងខ្នង ដៃម្ខាងកាន់ឈើច្រត់ និងដៃម្ខាងទៀតអូសខ្សែចំណងដែលចងដៃជាលីនិងក្រិស្ណា ដើរសុំទានអ្នកស្រុកពេញក្នុងសាលាឆាន់ (រូបលេខ១០)។ បើពេលទេសន៍ដល់នគរកណ្ឌ អ្នកភូមិដែលមកចូលរួមស្តាប់នាំគ្នាដង្ហែព្រះបាទវេស្សន្តរ និងនាងមេទ្រីជុំវិញសាលាឆាន់។ អ្នកខ្លះកាន់អំពៅ ខ្លះកាន់បាយសម្ល ខ្លះកាន់ស្រូវ ខ្លះកាន់ផ្កាភ្ញី រែកដូងរែកទឹកហាក់ដូចទាំងអស់គ្នាកំពុងដង្ហែរក្សត្រទាំងពីរវិលចូលក្នុងនគរវិញដូចគ្នា (រូបលេខ១១-១២)។
ជាបញ្ចប់យើងខ្ញុំសូមបញ្ជាក់ថាកិច្ចសាសនាដែលមានការសម្តែងដោយអ្នកស្រុកនេះពុំមែនផ្តាច់មុខតែទេសន៍មហាជាតិនេះឡើយ គឺមានពិធីផ្សេងៗទៀតដែលធ្វើក្នុងបែបបទគំនិតដូចគ្នា ឧទាហរណ៍ដូចជាអភិសេកព្រះជាដើម។ ប្រការនេះក៏សុទ្ធតែជាមរតកដែលសល់ទុកមកតាំងពីបុរាណកាល ថ្វីដ្បិតតែសាសនាខុសគ្នា ដូចមានសិលាចារឹកមួយចំនួនជាតឹកតាងស្រាប់។