ដោយ អាំង ជូលាន
នៅតំបន់ខាងជើងនៃប្រទេសកម្ពុជា មានភ្លេងម៉្យាងដែលប្រហែលជាខ្មែរភាគច្រើនមិនស្គាល់ទេ។ ភ្លេងនេះហៅថា “ទុបមុយ” ហើយគេលេងតែនៅក្នុងបុណ្យសពប៉ុណ្ណោះ។ ក្រៅពីឮអ្នកស្រុកខ្លះនិយាយ ខ្ញុំធ្លាប់បានប្រទះគេលេងភ្លេងនេះដែរ ក្នុងឱកាសបូជាសពនានានៅខាងជើងតំបន់អង្គរ។ ថ្វីត្បិតតែភ្លេងនេះមានប្រើស្រឡៃ តែស្តាប់ទៅបទនោះហាក់ដូចជាឃ្លាតចាកឆ្ងាយពី “ខ្លងខែក” ដែលយើងធ្លាប់ឮជាទូទៅ។ ខ្ញុំពុំចេះភ្លេងទេ តែពេលត្រចៀកខ្ញុំឮភ្លេងនេះ ធ្វើឲ្យគិតទៅដល់ភ្លេងប្រភេទហៅថា អាមលោន ដែលមនុស្សនៅកោះផ្សេងៗក្នុងអាស៊ីអាគ្នេយ៍នេះនិយមជាប្រពៃណីរៀងមក ជាពិសេសនៅកោះផ្សេងៗនៃប្រទេសឥណ្ឌូនេស៊ី។ នេះនិយាយតាមល្ងង់ប៉ុណ្ណោះ តាមពិតទៅខ្ញុំពុំហ៊ានអះអាងថាមានឥទ្ធិពលពីណាមកទាំងអស់។
អ្នកភ្លេងក្នុងក្រុមនេះតែងមានបីនាក់ (រូបលេខ១-៤)៖ ម្នាក់នោះកាន់ឧបករណ៍ពីរតែម្នាក់ឯង គឺទូងស្គរផង វាយគងធំផង (រូបលេខ៥), ម្នាក់ទៀតផ្លុំស្រឡៃ (រូបពង្រីកលេខ៦)។ ឯអ្នកទីបី លេងគង។ គងនោះចម្លែកណាស់ គឺដោះយកផ្លែចំនួន៦ចេញមកពីគងវង់ ក្នុងក្រុមពិណពាទ្យមករៀបជាជួរត្រង់។ តែវង់នៅក្នុងរូបលេខ៤ ប្រើគងផ្លែ៨ ហើយបើពិនិត្យបន្តិចឃើញថា ផ្លែតូចធំនោះក៏មិនប្រាកដជារៀបឲ្យមានលំដាប់លំដោយដែរ ជាពិសេសផ្លែទីបី រាប់ពីស្តាំមកឆ្វេង គឺអមសងខាងទៅដោយផ្លែដែលធំជាងខ្លួន។ ផ្លែដែលយកមករៀបនោះ ជួនកាលរៀបក្នុងក្របឈើ (រូបលេខ៧)ជួនកាលទៀត ក្របនោះគ្រាន់តែជាដើមចេកប៉ុណ្ណោះ លេងចប់បុណ្យហើយក៏ចោលចេកនោះ យកផ្លែទៅទុកវង់ដើមវិញ (រូបលេខ៨)។
ប្រការសំខាន់មួយទៀតដែលគួរឲ្យចាប់អារម្មណ៍ គឺថាអ្នកលេងស្រឡៃចង់បែរមុខទៅណាក៏បែរបានតាមចិត្ត ប៉ុន្តែចំពោះអ្នកវាយស្គរនិងអ្នកលេងគងវិញត្រូវតែបែរខ្នងទល់គ្នាជាដាច់ខាត (សូមមើលរូបលេខ១-៤ឡើងវិញ)។ ដូច្នេះឃើញថាពុំមែនជាការខ្វះសណ្តាប់ធ្នាប់ទេ់ គឺជាត្រណម ឬពោលម៉្យាងទៀតថាក្បួនខ្នាតកម្រិតមកដូច្នេះ។ ប្រសិនបើត្រូវការហាត់ខ្លះក៏ដូចគ្នាដែរ គឺគេពុំអាចហាត់នៅតាមផ្ទះឬក្នុងភូមិបានឡើយ ទាល់តែទៅគោកខ្មោចឬព្រះវិហារជាដើមទើបបាន សូម្បីតែដូរអណ្តាតស្រឡៃដែលធ្វើពីស្លឹកត្នោតនោះក៏ដូច្នោះដែរ (រូបលេខ៩-១០)។ តើអត្ថន័យនេះទាក់ទងទៅនឹង “សព” ឬយ៉ាងណា ខ្ញុំក៏ពុំហ៊ានសន្និដ្ឋាន តែធ្លាប់ដឹងមកថាពិធីទាក់ទងនឹងសពមានការ គេចវេះ, បញ្ចៀស, ធ្វើបញ្ច្រាស ច្រើនបែបយ៉ាងណាស់ ដូចជាការ “លួចសព” ជាដើម។
រីឯទំនុកច្រៀងវិញ ហាក់ដូចជាគ្មានអ្វីពិសេសទេ ស្រេចតែអ្នកវាយស្គរ (ដែលពេលនោះច្រើនតែត្រូវស្រាជោគជាំផង)នឹកឃើញតាមទេពកោសល្យរបស់ខ្លួន។ តែគេនិយាយថា ច្រៀងនោះបីដូចជាកាលយើងនៅតូច ម្តាយឪពុកបំពេយើង ឥឡូវនេះគាត់ចែកស្ថានទៅលោកនាយ យើងត្រូវបំពេគាត់ម្តង។