ដោយ ខៀវ ច័ន្ទ
ដូចយើងដឹងស្រាប់ហើយ ពាក្យថា «ប្លុង» សំដៅទៅលើការយកវត្ថុអ្វីមួយទៅទុកចោលនៅទីណាមួយដោយម្ចាស់ខ្លួនមិនចេញមុខ។ ឧទាហរណ៍ បើគេនិយាយថា ប្លុងសំបុត្រ គឺមានន័យថា សំបុត្រនោះមានលក្ខណៈអនាមិក។ ក្នុងន័យនេះឯងដែលកិច្ចនៅក្នុងពិធីខ្លះមានវត្ថុដែលគេដាក់ប្លុង ហៅថា «បន្លុង» ហើយដែលតែងឃើញនៅក្នុងបុណ្យសព និងបុណ្យចម្រើនអាយុ។ ប្រការដែលកិច្ចប្លុងនេះ មាននៅក្នុងបុណ្យទាំងពីរ ដែលហាក់ដូចជាផ្សេងពីគ្នានោះ តាមពិតទៅមកពីក្នុងបុណ្យចម្រើនអាយុតែងមានការឧបកិច្ចថាសាមីពិធីនោះស្លាប់ម្តងសិន ហើយទើបកើតឡើងវិញ។ និមិត្តរូបនេះមាននៅក្នុងកិច្ចដែលតែងហៅថា «ឆាក» ត្រង់ពេលដែលព្រះសង្ឃ ឬអាចារ្យទាញហូតក្រណាត់សដែលគ្របដណ្តប់សាមីពិធីឲ្យចេញពីខ្លួនម្តងបន្តិចៗ។ បន្លុងនោះច្រើនជាវត្ថុនានាដែលជាគ្រឿងឧបភោគបរិភោគមានដូចជាមុង កន្ទេល ចាន ឆ្នាំងជាដើម ដែលគេយកទៅដាក់នៅទីណាមួយ សន្មតថាជាទីដាច់សង្វែង។បន្ទាប់មកព្រះសង្ឃមួយអង្គធ្វើជានិមន្តកាត់តាមទីនោះហើយក៏ប្រទះឃើញវត្ថុទាំងនោះដោយចៃដន្យ
លុះរកមុខម្ចាស់មិនឃើញទីបញ្ចប់ទៅក៏ទស់យកសម្រាប់ប្រើប្រាស់គេជឿថាធ្វើកិច្ចនេះទៅនឹងបានកុសលផលបុណ្យទៅដល់សពឬក៏សាមីពិធីនោះ។ ពោលមកនេះដើម្បីពិចារណាថាហេតុដូចម្តេចបានជាគេប្លុងក្រឡាន ដែលហាក់ដូចជាពុំមែនទាក់ទងនឹងពិធីទាំងពីរនេះសោះ? ជាទូទៅនៅពេលថ្ងៃ ផ្ទះនីមួយៗដុតក្រឡានទាំងអស់គ្នា តិចឬច្រើនទៅតាមធនធាន (រូបលេខ១-៤)។
ជាដំបូងខ្ញុំសូមលើកយកឧទាហរណ៍បុណ្យប្លុងក្រឡានដែលឃើញនៅតំបន់អង្គរនាយប់ថ្ងៃទី១៤កើតខែបុស្សនៅវត្តអង្គក្រមោល (ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប) ៖
លុះដល់ពេលល្ងាច ពុទ្ធបរិស័ទនាំគ្នាជញ្ជូនទេយ្យទានមានដូចជា អង្ករ, ផ្លែឈើ, ត្រីងៀត, ត្រីឆ្អើរ, ប្រហុក, ផ្អក, អន្សមផ្អាវ, នំនែកផ្សេងៗទៀត ព្រមទាំងក្រឡាន។ គេយកវត្ថុទាំងនេះមកដាក់ជុំគ្នាមួយដុំ ហើយកាច់ស្លឹកឈគ្របចោលនៅក្បែរកុដិព្រះសង្ឃ ដោយដុតធូបនិងទៀនពាត់ជុំវិញ រួចហើយទើបគេនាំគ្នាទៅគោះកុដិលោកជាសញ្ញា ហើយក៏នាំគ្នាមកអង្គុយដំកង់ជុំវិញគំនរវត្ថុទាំងនោះដោយស្ងៀមស្ងាត់ ពុំចេញស្ដីអ្វីទាំងអស់។ បន្ទាប់មកក្មេងប្រុសៗមួយក្រុមនាំគ្នាក្រាបធ្វើជាស្ពានសម្រាប់ឲ្យលោកនិមន្តពីលើដើម្បីឆ្លងចូលបរិវេណទេយ្យទាននោះ។ នៅពេលនោះព្រះសង្ឃ៣អង្គនិមន្តចុះពីកុដិមកដោយកាន់ចង្ក្រត់ និងកំសៀវទឹកគ្រប់អង្គ និមន្តលើស្ពានមនុស្សដេកក្រាប។ ព្រះសង្ឃនិមន្ត៣ជុំតាមឧត្តរព័ទ្ធ (រូបលេខ៥) ហើយឈប់ទ្រឹងនៅតាមទិសធំៗទាំង៤ ដោយយកចង្ក្រត់ឆ្កើះស្លឹកឈើដែលគ្របពីលើទេយ្យវត្ថុនោះ និងពិចារណាដើម្បីទស់យក (រូបលេខ៦)។ កិច្ចនេះមានសូត្រធម៌បង្សុកូល៣ចប់ ទើបព្រះសង្ឃនិមន្តលើស្ពានមនុស្ស (រូបេលខ៧) សំដៅទៅកុដិវិញ ដោយមិនកាន់យួរអ្វីឡើយ។ ផុតទៅទើបអ្នកស្រុកនាំគ្នាសូត្រធម៌ «យំកិញ្ចិ» ដើម្បីឧទ្ទិសចែកបុណ្យទៅដល់សត្វដទៃ រួចហើយទើបនិយាយស្តីរកគ្នាវិញធម្មតា និងនាំគ្នាជញ្ជូនទេយ្យទានទាំងនោះទុកក្នុងឃ្លាំងព្រះសង្ឃ។
ជាដំបូងខ្ញុំសូមលើកយកឧទាហរណ៍បុណ្យប្លុងក្រឡានដែលឃើញនៅតំបន់អង្គរនាយប់ថ្ងៃទី១៤កើតខែបុស្សនៅវត្តអង្គក្រមោល (ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប) ៖ ពិធីប្លុងក្រឡានអាចធ្វើខុសគ្នាបន្តិចបន្តួចដែរ។ បើយកឧទាហរណ៍ដែលឃើញនៅវត្តថ្មី (ភូមិនគរក្រៅសង្កាត់គោកចកក្នុងតំបន់អង្គរដដែល) គឺក្រោយពីរៀបទេយ្យទានរួចហើយ អាចារ្យនិមន្តព្រះសង្ឃនមស្សការសុំសីលសិន (រូបលេខ៨) ទើបឲ្យប្រុសៗក្រាបយកក្បាលទៅទល់ជុំវិញវត្ថុជាបន្លុងនោះ មើលទៅហាក់ដូចជាកងចក្រមួយយ៉ាងដូច្នោះ ដើម្បីឲ្យព្រះសង្ឃនិមន្តពីលើ (រូបលេខ៩-១០) ទស់យកទេយ្យវត្ថុតាមទិសឧត្តរព័ទ្ធដូចគ្នាដែរ តែព្រះសង្ឃមានតែមួយអង្គប៉ុណ្ណោះ។
បើគិតតែកិច្ចសុទ្ធសាធដែលពោលអម្បាញ់មិញមើលទៅហាក់ដូចជាពិធីប្លុងក្រឡានទាក់ទងនឹងពុទ្ធសាសនាទាំងស្រុង ជាពិសេសពាក់ព័ន្ធនឹងការឧទ្ទិសមគ្គផល។ ម្យ៉ាងទៀតទេយ្យទានទាំងអម្បាលម៉ានបានទៅព្រះសង្ឃទាំងអស់។ ប៉ុន្តែបើមើលទៅរដូវកាលដែលគេប្រារព្ធនោះ ទើបឃើញថាទាក់ទងនឹងភោគផលកសិកម្ម ដ្បិតធម្មតានៅខែបុស្សគេតែងច្រូតកាត់រួចរាល់អស់ហើយ ហើយមានបុណ្យផ្សេងៗទៀតដែលទាក់ទងនឹងដំណាំស្រូវ ជាពិសេសដូចជាបុណ្យពូនភ្នំស្រូវជាដើមដែលទីបំផុតទៅគេយកស្រូវនោះទៅប្រគេនព្រះសង្ឃដូចគ្នា។ និយាយមួយមាត់ខ្លីមកគឺថា នេះជាបុណ្យសង្គមកសិករនៅជនបទ ដែលចាក់ឫសជ្រៅទៅក្នុងព្រះពុទ្ធសាសនា។