ដោយ លឹម កន្នីដ្ឋា
ពពិលជាវត្ថុមួយប្រើក្នុងពិធីផ្សេងៗ ហើយហាក់ដូចជាសាសន៍នានាពុំស្គាល់ទេ ក្រៅពីខ្មែរ។ យើងដឹងថាខ្មែរប្រើវត្ថុនេះជាយូរមកហើយ ដោយសារយើងមានភស្តុតាងក្នុងសិលាចារឹក ដែលពុំត្រឹមតែនៅសម័យអង្គរប៉ុណ្ណោះឡើយ (កាលនោះសរសេរជា វលវ្យល) គឺនៅមុនសម័យអង្គរទៅទៀត (សរសេរជា វលវេល)។ ពេលធ្វើពិធី ពពិលតែឯកឯងពុំគ្រប់គ្រាន់ឡើយ គឺទាល់តែយកទៀនទៅបិទភ្ជាប់ពីលើដើម្បីអុជហើយបង្វិល។ អ្នកស្រុកពន្យល់ថាទៀននោះជាលិង្គព្រះឥសូរ រីឯពពិលជាយោនីនាងឱមាភគវតី។ បង្វិលរបៀបណាខ្លះនោះ នាងខ្ញុំពុំរៀបរាប់នៅទីនេះទេ ត្បិតជារឿងដែលខ្មែរទូទៅធ្លាប់ឃើញ ហើយធ្លាប់ប្រព្រឹត្តផង ជាពិសេសនៅក្នុងមង្គលការ។ ប៉ុន្តែអ្នកក្រុងមួយចំនួនអាចពុំធ្លាប់ឃើញកិច្ចបង្វិលពពិលក្នុងពិធីឆ្លងវយ័ដទៃទៀតនៅតាមជនបទ ដូចជាក្នុងពិធីកាត់សក់បង្កក់ឆ្មប, កោរជុក, ចូលម្លប់, បួសនាគ និងបុណ្យសព។ ក្នុងកិច្ចខ្លះ គឺថែមទាំងបង្វិលជុំវិញវត្ថុផ្សេងៗផង ឧទាហរណ៍បង្វិលជុំវិញគ្រឿង “អង្កររាប”។
សេចក្តីពន្យល់ពពិលនិងទៀនថាជាយោនីនិងលិង្គនោះពុំមែនឆ្គាំឆ្គងវៀចវេទៅណាទេ ព្រោះពិធីដែលបញ្ជាក់ពីការដុះដាលចម្រុងចម្រើនទៅមុខច្រើនតែផ្អែកលើមូលដ្ឋាន ឬនិមិត្តរូបនៃការរួមភេទដូច្នេះឯង។
ន័យនៃការបង្វិលពពិលមានវែងឆ្ងាយទៅទៀត តែទីនេះនាងខ្ញុំគ្រាន់តែសូមលើកយករូបដែលគេឆ្លាក់លើពពិលមកនិយាយ ដោយបង្ហាញរូបជាឧទាហរណ៍ខ្លះៗ។ តាមពិតទៅ ចម្លាក់លើពពិលមានច្រើនបែបជាងរូបដែលនាងខ្ញុំបង្ហាញនោះទៅទៀត ប៉ុន្តែត្រឹមតែប៉ុណ្ណេះ ក៏គង់មានរូបមួយចំនួនដែលនាងខ្ញុំពុំហ៊ានបកស្រាយថាជាអ្វីផង។ ម៉្យាងវិញទៀត សូម្បីរូបដែលមើលទៅដឹងថាជាអ្វីច្បាស់ហើយ ក៏មិនអាចឲ្យយើងពន្យល់ថាហេតុអ្វីបានជាគេឆ្លាក់រូបនោះ។
ជាទូទៅ ពពិលមានទ្រង់ទ្រាយជាស្លឹកឈើ ទំនងជាស្លឹកពោធិ៍ ឬស្លឹកម្លូ។ រីឯទងស្លឹកនោះ គឺដងសម្រាប់អ្នកបង្វិលកាន់នោះឯង។ មានមួយចំនួនតូចពុំមានស្លឹកទេ គឺរាងជាថាសមួយមូលតែម្តង តែគួរឲ្យចាប់អារម្មណ៍ថា ជួនកាលជាថាសមូលមែន ប៉ុន្តែមានត្រីកោណមួយភ្ជាប់ពីលើ ហាក់ដូចជាអ្នកឆ្លាក់គិតថាត្រូវឲ្យមានលំនាំទៅជាស្លឹកឈើដែរ។
រូបលេខ១-៧ សុទ្ធសឹងបង្ហាញពីទេពប្រណម្យ ហៅថា “នារីផល” ពោលគឺស្រីដែលមានតែខ្លួនផុសចេញពីរុក្ខជាតិ។ បើយករូបលេខ១មកពិនិត្យ ហើយពុំបានឃើញរូបខ្លះទៀត ប្រហែលជាយើងគិតថាជានាងនាគផងក៏មិនដឹង ត្បិតទងនោះមានឆ្លាក់រូប នាគ។ នៅលេខ៧ ទងជានាគដដែល តែទេពប្រណម្យនេះមានបីនាក់ រីឯរូបលេខ៥ ឃើញថាទេពប្រណម្យផុសចេញពីត្របកឈូកផង ឯដៃទេពប្រណម្យនោះក៏កាន់ក្រពុំឈូកសងខាងដែរ។ រូបលេខ៨-៩ ជានាងគង្ហីងច្បូតសក់។ រីឯរូបលេខ១០ ជារូបតាបស ឫសី។ រូបលេខ១១ ទំនងជាហនុមាន, បើរូបលេខ១២-១៣ ទើបឃើញថាជាហនុមាន ច្បាស់។ រូបលេខ១៤-១៦ ជារុក្ខជាតិសុទ្ធសាធ ក្នុងនោះលេខ១៤ ហាក់ដូចជាដើមចេក។ រូបលេខ១៧-១៨ នាងខ្ញុំពុំហ៊ានថារូបអ្វីពិតប្រាកដឡើយ។ រូបលេខ១៩ជារូបព្រះពិស្ណុការ។
សម័យបច្ចុប្បន្ននេះ គួរឲ្យសោកស្តាយណាស់ ដែលមានគេទិញពពិលសំរិត ឬស្ពាន់ចាស់ៗ យកទៅក្រៅ ជាពិសេសភ្ញៀវបរទេស។ បានជាពោលថាសោកស្តាយ ព្រោះវត្ថុដែលធ្វើផ្ចិតផ្ចង់ មានកម្រិតសិល្បៈខ្ពស់ ហើយធ្វើអំពីសំរិតឬស្ពាន់របៀបនេះ គេលែងផលិតទៀតហើយ។ ជួនកាលទៅ អាចារ្យទាល់ច្រកក៏ខំធ្វើពពិលអំពីឈើដើម្បីធ្វើកិច្ច តែពុំមានលទ្ធភាព ឬសមត្ថភាព ធ្វើយ៉ាងណាឲ្យសោភ័ណភាពបានប្រសើរដូចរបស់ជំនាន់មុនឡើយ (រូបលេខ ២០-២១)។
រូបទាំងអម្បាលមាណដែលបង្ហាញនេះ ខ្លះជាសមុច្ច័យឯកជន ខ្លះទៀតជារបស់សារមន្ទីរជាតិក្រុងភ្នំពេញ ហើយមានមួយចំនួនជាវត្ថុដែលគេនៅប្រើតាមភូមិស្រុកនានា។