ដោយ លឹម ស៊្រូ
សំណង់ពីបុរាណកាលដែលសល់មកដល់យើងសព្វថ្ងៃនេះ មួយភាគធំជាសំណង់សាសនា ហើយពាក្យថាសាសនានេះ គឺនិយាយក្នុងន័យទូលំទូលាយបំផុត។ បើនិយាយពី “ប្រាសាទ” ជាទូទៅ យើងអាចសង្ខេបន័យមួយម៉ាត់យ៉ាងខ្លីមកថា ជាលំនៅទេព។ បានជាមនុស្សសាងលំនៅទេពក្នុងទំហំផ្សេងៗនៅតាមភូមិស្រុក ឬធានីរបស់ខ្លួន គឺដើម្បីធ្វើបុណ្យនៅមុខទីកន្លែងទេពផ្ទាល់។ ពោលម៉្យាងទៀតថា មនុស្សពុំអាចហោះទៅជួបទេពនៅស្ថានលើដើម្បីបន់ស្រន់ សូមអ្វីមួយបានឡើយ ដូច្នោះមានតែទាញទេពយកមកនៅជិតខ្លួន ដោយសាងលំនៅទេព ពោលគឺប្រាសាទ ហើយឧបកិច្ចថាទេពគង់នៅទីនោះដែរ។
បើពោលពីប្រាសាទដែលមានប្លង់ប្លែកភ្នែកខុសពីធ្លាប់ឃើញជាទូទៅ ប្រាសាទនាគព័ន្ធគួរជាទីចាប់អារម្មណ៍ខ្លាំងណាស់ ពុំថាចំពោះតែអ្នកស្រាវជ្រាវឡើយ គឺមនុស្សសាមញ្ញជាទេសចរក្តី ឬជាអ្នកស្រុករស់នៅជិតៗនោះក្តី ក៏ចាប់អារម្មណ៍ខ្លាំង។ រចនាសម្ព័ន្ធនៃនាគព័ន្ធ បើចេញពីចំណុចកណ្តាលមកគឺមានប្រាង្គទោលសាងលើខឿនមូល ខ្ពស់មួយ ពាត់ជុំវិញទៅដោយទឹកដែលសព្វថ្ងៃមាននៅរដូវវស្សា (រូបលេខ១)។ នេះគឺជាស្រះមួយដែលយើងឲ្យឈ្មោះថាស្រះធំ។ តពីនោះទៅ នៅតាមទិសធំៗទាំងបួនមានស្រះតូចរៀងខ្លួនទៀត ប៉ុន្តែស្រះធំនិងស្រះតូចនីមួយៗទាក់ទងគ្នាតាមហោមួយ ដែលមានចំពួយបង្ហូរទឹកចេញមក (រូបលេខ២)។ ទាំងប៉ុន្មាននេះគឺនៅកណ្តាលកោះរាងបួនជ្រុងស្មើ ដែលសព្វថ្ងៃសម្បូណ៌ទៅដោយរុក្ខជាតិ (រូបលេខ៣)។ កោះទាំងមូលនេះសាងឡើងនៅចំកណ្តាលបារាយ “វាលរាជដាក” ដែលនៅសម័យបុរាណហៅថា «ជ័យតដាក» (រូបលេខ៤)។
សិលាចារឹកប្រាសាទព្រះខ័ន (លេខជំរឿន K.908) នៅត្រង់ល្បះទី៤១មាននិយាយអំពីនាគព័ន្ធថា ៖ «មានកោះដ៏ឧត្តុង្គឧត្តមមួយលេចស្រស់ ចែងចាំងឡើងអំពីស្រះទាំងឡាយ [នៅជុំវិញនោះ] ហើយដែលលាងជម្រះភក់ជ្រាំបាបកម្មនៃអ្នកដែលមកដល់ទីនោះ» ។ អ្នកស្រាវជ្រាវតែងបកស្រាយល្បះនេះថា នាគព័ន្ធជាកន្លែងដែលអ្នកមានជម្ងឺប្រភេទខ្លះមកព្យាបាលរោគទៀតផង ដោយកាត់យល់ពាក្យ «លាងជម្រះភក់ជ្រាំបាបកម្ម» ថា ជាការព្យាបាលឲ្យសះស្បើយរោគ។ ឯទឹកដែលហូរចេញតាមចំពួយទាំង៤ ដែលនិយាយខាងលើ ឆ្លាក់ជារូបក្បាលមនុស្ស នៅហោខាងកើត (រូបលេខ៥), ក្បាលតោ នៅខាងត្បូង (រូបលេខ៦), ក្បាលសេះ នៅខាងលិច (រូបលេខ៧) និងក្បាលដំរី នៅខាងជើង (រូបលេខ៨)។ អ្នកស្រាវជ្រាវបកស្រាយទឹកដែលហូរចេញតាមចំពួយទាំង៤នោះតាមទេវកថាឥណ្ឌាថា ជាទឹកទន្លេសំខាន់ៗទាំង៤នៃប្រទេសឥណ្ឌា ដែលមានដើមកំណើតនៅស្ថានសួគ៌ ហើយដែលក្នុងចំណោមនោះមានទន្លេគង្គា។ សូមកុំភ្លេចថា សូម្បីតែសព្វថ្ងៃនេះក៏មនុស្សនៅតែទៅមុជទឹកលាងបាបនៅទន្លេគង្គាពុំដែលដាច់ ដើម្បីជម្រះបាបកម្ម។
នេះនិយាយតែន័យនៃស្រះទាំង៤ ព្រមទាំងចម្លាក់ចំពួយដែលបង្ហូរទឹកមកទីនោះប៉ុណ្ណោះ។ បើពោលពីនាគព័ន្ធទាំងមូលផង គឺថាប្រាសាទនេះគេសាងឡើងនៅលើលម្ហដីតាមទេវកថាមួយ ដែលមនុស្សម្នាទូទៅពុំសូវស្គាល់។ រឿងនោះនិយាយអំពីអ្នកសំពៅរងគ្រោះនៅលើកោះមួយដោយសារចាញ់បោកយក្ខិណីមួយហ្វូង ហើយដែលបានរួចរស់ជីវិតដោយសារព្រះលោកេសូរតំណែងខ្លួនជាសេះមួយហោះមកសង្គ្រោះយកទៅ។ ទីនេះ ខ្ញុំសូមបញ្ជាក់ ឬរំលឹកថា ព្រះលោកេសូរជាព្រះពោធិសត្វនៅក្នុងមហាយាន ដែលជាអ្នកសង្គ្រោះសត្វលោក។ គេតែងឆ្លាក់រូបទេពនេះនៅតាមហោបន់ស្រន់នៃមន្ទីរពេទ្យ ដែលព្រះបាទជ័យវរ្ម័នទី៧បានសាង។ ដូច្នេះឃើញថា នាទីខាងព្យាបាលនោះលេចធ្លោឡើង។ នេះពុំនិយាយពីព្រះពុទ្ធអង្គមានព្រះនាមថា ឝៃសជ្យគុរុu (ប្រែឲ្យចំថា “គ្រូថ្នាំ”) ដែលគេតែងតែគោរពបូជាជាមួយគ្នានោះផង។
មកដល់បច្ចុប្បន្ននេះ ទោះបីជាអ្នកស្រុកពុំដែលស្គាល់ទេវកថាខាងលើនេះក្តី ក៏គង់តែគាត់នៅមានជំនឿថា ប្រាសាទនាគព័ន្ធមានសក្តានុពលខាងព្យាបាលជម្ងឺ។ ឧទាហរណ៍ ប៉មតូចៗសាងពីថ្មបាយក្រៀម ដែលសព្វថ្ងៃកប់លិចស្ទើរបាត់នៅតាមអនុទិសទាំង៤ ហើយដែលដាច់ចេញអំពីប្រាង្គកណ្តាល ព្រមទាំងស្រះនោះ គេហៅថា “ប្រាសាទហោរា” (រូបលេខ៩)។ បានជាគេដាក់ឈ្មោះដូច្នេះ មកពីអ្នកខ្លះទៅបួងសួងធ្វើការទស្សន៍ទាយដើម្បីរកដើមហេតុនៃជម្ងឺអ្វីមួយនៅទីនោះ ជាពិសេស កាលណាគេចង់ដឹងថាអ្នកជម្ងឺខ្វះធាតុអ្វីមួយក្នុងចំណោមធាតុទាំង៤នៃមនុស្ស។
រូបលេខ៩
បើនិយាយអំពីរុក្ខជាតិប្រើជាថ្នាំវិញ គេនិយមមករកនៅនាគព័ន្ធ ដោយសារគេយល់ថា ទីនេះជាន្លែងសក្តិសិទ្ធិខាងព្យាបាលរោគស្រាប់ ហើយម៉្យាងទៀត ដើមថ្នាំដែលតែងមាននៅទីនានាក្នុងតំបន់អង្គរ ហាក់ដូចជាមកផ្តុំគ្នានៅទីនេះដែរ ជួនកាលមានដុះនៅស្រះកណ្តាល តែម្តង។ ម៉្យាងទៀត ដើមថ្នាំខ្លះ ឧទាហរណ៍ វល្លិប្រេង មាននៅគ្រប់ទិសទី តែបើមករកនៅក្នុងបរិវេណប្រាសាទនាគព័ន្ធ គេយល់ថាឆុតឆាប់ជាងយកពីកន្លែងដទៃ។ ខ្ញុំពុំនិយាយពីវិធីផ្សំថ្នាំទេ ព្រោះវែងឆ្ងាយ ហើយទាល់តែមានការត្រួតពិនិត្យពីគ្រូថ្នាំទៀតផង។ ដូច្នេះខ្ញុំគ្រាន់តែរាយឈ្មោះរុក្ខជាត់ដែលប្រើជាថ្នាំនៅទីនេះ ៖ វល្លិប្រេង, ឥសីផ្សំស្រេច, ទ្រៀលស្វា, ត្រយឹង, ខ្ចាស់, វល្លិគុយ, ពពាលខែ, កញ្ជើបាយដាច, ស្វាយកកិត, ព្រះដង្គាប់, អង្គ្រង, សង្ឃ័រ, ទ្រៀក, រវៀង, អណ្តាតត្រកួត, ត្រលំប៉េ, ឈើភ្លើង, ពង្រ, ចំបក់, វល្លិមាស, ប៉ប្រើស, អំពោះ, ម្កាក់ព្រៃ, អង្រែដែក, ក្របៅ, ខ្នុរព្រៃ, ជ្រៃក្រឹម, ស្រម៉, កន្ទួតព្រៃ, ខ្ទម្ព, គុំភ្នៀង, អញ្ចាញ, ខ្លែងគង់, អង្កោល, ខ្ទិត, ក្រឡាញ់, ព្រះកម្ចាត់។ ពត៌មានទាំងនេះពុំមែនបានមកពីអ្នកចម្ងាយឡើយ គឺសុទ្ធសឹងបានមកពីអ្នកស្រុកតែម្តង។