ដោយ ទិន ទីណា
នៅប៉ែកពាយព្យតំបន់អង្គរគេនៅប្រទះឃើញភូមិដែលមានរាងមូលខ្លះៗនៅឡើយ ថ្វីដ្បិតតែចំនួននោះតិច។ ឧទាហរណ៍ដែលឃើញថារាងមូលច្បាស់នឹងភ្នែកនោះ គឺភូមិល្វា (រូបលេខ១) និងភូមិរើល។ បានជារាងមូលនោះនៅគង់បានល្អ គឺមកអំពីកសិន្ធុទឹក (ឬហៅថា «គូទឹក ») ព័ទ្ធជុំវិញភូមិ ធ្វើឲ្យរីកទៅណាទៀតពុំកើត ទោះបីជាកសិន្ធុទឹកនោះក្លាយទៅជាវាលស្រែហើយក៏ដោយ (រូបលេខ២)។ ភូមិមួយចំនួនធំទៀតនៅតំបន់នេះ ទោះបីជារូបរាងលែងមូលដូចពីមុនទៀត ក៏អ្នកស្រុកនៅតែចាំថា ពីមុនមករាងមូលពិតប្រាកដមែន។ ឧទាហរណ៍ ភូមិព្រហូត, ភូមិគោកចាន់, ភូមិត្រីញ័រ, ភូមិរកា, ភូមិម្កាក់...។ ការក្លាយរូបរាងទៅជាទ្រវែង ឬបត់បែនទៅជាអ្វីទៀតលំបាកនឹងថានោះ មានហេតុផ្សេងៗដែលអាចខុសគ្នា។ ជួនកាលភូមិមួយចេះតែរីកទៅ ដោយចំនួនអ្នកស្រុកកើន ឬដោយមានអ្នកចំណូលថ្មីមកតាំងទី ធ្វើឲ្យមើលទម្រង់ចាស់លែងយល់ ជួនកាលទៀតមានផ្លូវគមនាគមន៍ជនបទថ្មីៗមកកាត់ភូមិមួយឲ្យទៅជាមានពីរផ្នែកនៅសងខាងផ្លូវ។ ក្នុងករណីខ្លះទៅទៀត មានភូមិដែលរងគ្រោះដោយបាតុភូតធម្មជាតិ ដូចជាព្យុះជាដើមនាំឲ្យអ្នកស្រុកនាំគ្នារំកិលភូមិទាំងមូលឲ្យផុតពីទីតាំងដើមបន្តិច។ ពេលនោះ ជួនកាលទៅក៏សាងភូមិឲ្យបានរូបរាងមូលដូចមុនទៀត តែជួនកាលពុំបានប្រយ័ត្នប្រយែងដូច្នោះឡើយ គឺដូរតែទីតាំងឲ្យផុតពីមុនបន្តិចប៉ុណ្ណោះ។
និយាយមកទល់ត្រឹមនេះគឺជាករណីទូទៅ។ តែគេធ្លាប់ប្រទះឃើញភូមិដែលមានរាងទ្រវែងតាំងពីដើមរៀងមក ពោលគឺដែលពុំធ្លាប់មានរាងមូលសោះ ហើយដែលថ្ងៃមួយ ដោយសង្កេតឃើញថាក្នុងឆ្នាំនោះភូមិរបស់ខ្លួនប្រទះហេតុការណ៍ចង្រៃឧត្បាតជាន់ៗគ្នា អ្នកស្រុកក៏បង្កើតឲ្យមានព្រះភូមិរបស់ខ្លួនឡើង។ ឧទាហរណ៍នេះបានប្រទះឃើញនៅភូមិប្រាសាទចារ ដែលស្ថិតនៅតំបន់ពាយព្យនៃអង្គរដូចគ្នានេះដែរ។
ដែលហៅថា «ព្រះភូមិ » គឺចំណុចកណ្តាលនៃភូមិ ដែលគេដាំបង្គោលមួយ (រូបលេខ៣) ឬប្រាំ (រូបលេខ៤-៥) ហើយដែលគេចាត់ទុកថាជា «ផ្ចិតភូមិ »។ គិតទៅពាក្យហៅនេះមិនខុសអ្វីពីហៅនៅក្នុងគណិតសាស្ត្រឡើយ កាលណាគេនិយាយពីរង្វង់ ដ្បិតដែលហៅថា «ផ្ចិត » គឺអ្វីដែលជាកណ្តាល បើប្រៀបទៅចំណុចដែលនៅជាយទាំងអស់ (ភាសាបារាំងហៅថា Centre de gravité)។ លុះបានចំណុចកណ្តលនោះហើយ គេគូសខ្សែខ្វែងគ្នាជាជើងក្អែកក្បែរបង្គោលនោះឲ្យកើតជាផ្លូវ មួយរត់តាមទិសកើត-លិច និងមួយទៀតជើង-ត្បូង (រូបលេខ៦-៧)។ បានផ្លូវធំទាំងពីរនេះហើយទើបមានផ្លូវរត់ស្របគ្នាតាមខែ្សធំទាំងពីរនោះ ធ្វើឲ្យលំនៅដ្ឋានទាំងមូលនៃភូមិមានទម្រង់ជាក្រឡាចត្រង្គ។ ជួនកាលភូមិនោះគេបោះបង់ចោលទៅហើយ តែផ្លូវខ្វែងធំនៅមានដដែល ហើយបង្គោលព្រះភូមិក៏នៅដដែល (រូបលេខ៨-៩)។ ទោះបីជាភូមិនោះរាងទ្រវែងនៅសងខាងដងផ្លូវមួយ ពោលគឺពុំមែនមានរាងមូល ក៏គង់ឃើញថានៅកណ្តាលដែរ ព្រោះគេយកចំណុចកណ្តាលនៃបណ្តោយនោះទុកជាផ្ចិតភូមិ ហើយហៅថា «ព្រះភូមិ » ដូច្នោះ។
សូមរំលឹកថា ពាក្យសំស្ក្រឹតថា «ភូមិ » ប្រែមកថា «ដី » បើពោលនៅទីនេះ មិនមែនដី ពាសវាលពាសកាលនោះឡើយ តែគឺដីភូមិករអ្នកស្រុក។ កាលណាគេធ្វើកិច្ចអ្វីមួយបានត្រឹមត្រូវទៅលើបង្គោលដែលជាផ្ចិតនោះ គេជឿ ឬសង្ឃឹមថា នឹងបានលទ្ធផលទៅដល់ភូមិករនោះទាំងមូល។ និយាយយ៉ាងខ្លីមួយម៉ាត់គឺ បង្គោល ឬផ្ចិតតាងឲ្យភូមិករទាំងមូលនោះឯង។ នៅក្នុងគណិតសាស្ក្រគេនិយាយថា «ចំណុច » ពុំមានទំហំឡើយ។ ដែលភ្នែកយើងមើលឃើញថាជាចំណុច មកអំពីយើងចុចជាសម្គាល់ឲ្យភ្នែកមើលឃើញ តាមពិតយើងមិនអាចមើលឃើញឡើយ ដោយហេតុថាចំណុចគ្មានទំហំ។ ផ្ចិតភូមិក៏មិនខុសគ្នាដែរ គឺថាមកអំពីមើលពុំឃើញនោះហើយ ទើបបានជាគេដាំបង្គោលឲ្យភ្នែកមើលឃើញ សម្គាល់ទីកន្លែងធ្វើកិច្ចពិធី។
កិច្ចដែលទាក់ទងនឹងផ្ចិតភូមិគេតែងនិយាយថា «សម្ពោធ » មិនថាកិច្ចធ្វើជាប្រក្រតី (ឧទាហរណ៍ បីឆ្នាំម្តង), ធ្វើដោយសារមានគ្រោះចង្រៃអ្វីមួយ ឬធ្វើឡើងជាដំបូងបង្អស់ក្នុងការបង្កើតព្រះភូមិនោះជាលើកដំបូងឡើយ។ តាមមើលទៅប្រហែលជាការសម្ពោធដំបូងមុនគេនោះឯងដែលធំធេងជាងគេបំផុត ដ្បិតធ្លាប់ឃើញថា មុននឹងយកបង្គោលថ្មីមកដាំឲ្យទៅជាផ្ចិតនោះ ត្រូវធ្វើកិច្ចវែងឆ្ងាយណាស់ ដូចជាហៅព្រលឹង បង្វិលពពិល ចងអំបោះឲ្យបង្គោល ដើម្បីឲ្យបង្គោលនោះមានជីវិត (រូបលេខ១០) ហើយនៅពេលបញ្ចុះនោះទៀតសោត គេសុទ្ធតែមានបញ្ចុះគាថានៅបាតដីទៀតផង (រូបលេខ១១-១២)។ ដូច្នេះហើយបានជាអ្នកខ្លះហៅបង្គោលផ្ចិតភូមិនេះថា «អាថាន់ » (ក្លាយមកពី «អថវ៌វេទ »)។
អាយុកាល ឬអាណត្តិនៃផ្ចិតភូមិខុសគ្នាពីមួយទៅមួយ។ ជាមធ្យមអាណត្តិនោះមានប្រមាណ៣ឆ្នាំ តែបើនិយាយតាមក្បួនពុំប្រាកដថាដូច្នោះទេ ដ្បិតត្រូវមានការគន់គូរដោយផ្អែកទៅលើឈ្មោះភូមិនោះទៀត។ តើត្រូវធ្វើដូចម្តេចដើម្បីឲ្យដឹងថា អាណត្តិភូមចប់នៅពេលណា? បើយោងតាមក្បួនគឺគេរកអាយុនោះតាមឈ្មោះភូមិ ដោយយកព្យញ្ជនៈដែលនៅចុងឈ្មោះមកគន់គូរដើម្បីដឹងថាតើប៉ះលើសត្វអ្វី។ ឧទាហរណ៍ឈ្មោះភូមិរើល មានអក្សរ «ល » នៅខាងចុង ដែលប៉ះចំសត្វដំរីឈ្មោល រីឯចំនួនឆ្នាំដែលត្រូវនឹងសត្វនេះ គឺ១២ មានន័យថាអាណត្តិភូមិមាន១២ឆ្នាំ។ ដូច្នេះគេត្រូវសម្ពោធភូមិ១២ឆ្នាំម្តងៗ។ មួយវិញទៀត ទោះជាសម្ពោធដោយប្រការណាមួយក៏ដោយ (ដាច់អាណត្តិ, ឧត្បាតកើតឡើងក្នុងភូមិ, បង្កើតតែងតាំងព្រះភូមិមុនដំបូង) ក៏តម្រូវឲ្យរៀបចំបង្កក់ភូមិទាំងមូលជាមុនសិន គឺថាព្រះសង្ឃនិមន្តសូត្របញ្ចៀសចង្រៃតាមគ្រប់ផ្ទះឥតមានរំលងផ្ទះណាមួយឡើយ (រូបលេខ ១៣)។ និយាយជាឧទាហរណ៍បន្តិចបន្តួចនេះដើម្បីឲ្យយល់ថា សម្ពោធនីមួយៗមានការរៀបចំយូរ ហើយពុំមានអ្នកភូមិណាម្នាក់អាចគេចមិនអើពើបានឡើយ។
ជាទូទៅភូមិនៅខាងពាយព្យនៃតំបន់អង្គរទាំងអម្បាលម៉ានសុទ្ធតែតាំងទីនៅលើទឹកដីចាស់ ដ្បិតនៅទីណាក៏អ្នកស្រុកតែងរើសបាន «គ្រាប់រន្ទះ » មកថែរក្សាទុកដែរ (រូបលេខ១៤)។ តាមពិតទៅវត្ថុទាំងនោះសុទ្ធសឹងជាឧបករណ៍ប្រើប្រស់នៃមនុស្សដែលរស់នៅមុនសម័យប្រវត្តិសាស្ត្រ ប៉ុន្តែមកទល់ពេលនេះពុំទាន់មានការស្រាវជ្រាវតាមការធ្វើកំណាយតាមបែបបទបុរាណវិទ្យា ដើម្បីរកអាយុកាលឲ្យបានច្បាស់បន្តិចនៅឡើយទេ។ តើភូមិរាងមូលនិងប្រពៃណីផ្ចិតភូមិនៅតំបន់ពាយព្យអង្គរនេះមានទំនាក់ទំនងនឹងឧបករណ៍ថ្មទាំងនេះឬយ៉ាងណា? និយាយម៉្យាងទៀតថា តើឧបករណ៍ថ្មសន្ធឹកសន្ធាប់នេះជារបស់សហគមន៍មនុស្សធ្លាប់រស់នៅតាមភូមិមូល ដែលមានផ្ចិតនៅកណ្តាលដែរឬយ៉ាងណា? ប្រការនេះខ្ញុំពុំហ៊ានអារកាត់ថាអ្វីឡើយ គ្រាន់តែជឿជាក់ថា ឧបករណ៍ថ្មទាំងនេះកើតឡើងនៅយុគថ្ម ឬនៅដើមយុគលោហៈ រីឯទំនៀមនិងជំនឿលើផ្ចិតភូមិក៏ពុំអាចជារឿងថ្មីថ្មោង ដែលមានអាយុត្រឹមតែបួនប្រំាសតវត្សមុននេះបានឡើយ។
បើយើងឡើងទៅលើឆ្លងផុតភ្នំដងរែកទៅដល់ខេត្តបុរីរម្យនិងសុរិន្ទ្រនៃប្រទេសថៃឡង់ដ៍ បច្ចុប្បន្នជាដើម យើងអាចប្រទះឃើញភូមិមូល ហើយមានគូទឹកព័ទ្ធជុំវិញ ដែលអាចរក្សាទ្រង់ទ្រាយដើមល្អនៅឡើយ ទោះជាបោះបង់ចោលកណ្តាលព្រៃ ឬមានមនុស្សរស់នៅពេញលេញក៏ដោយ។ ភូមិណាដែលមានមនុស្សនៅគឺស្ទើរតែទាំងអស់ អ្នកនោះមានកំណើតជាខ្មែរ។ ប៉ុន្តែ យើងមិនអាចថាភូមិទាំងអម្បាលម៉ានដែលនៅជិតអង្គរ និងភូមិមូលឯទៀតដែលនៅតំបន់ឦសាននៃប្រទេសថៃឡង់ដ៍នេះ នៅក្នុងអារ្យធម៌ជាមួយគ្នាឡើយ ព្រោះបុរាណវិទូ និងប្រវត្តិវិទូយល់ច្បាស់ថា ភូមិមូលនៅឦសានប្រទេសថៃឡង់ដ៍ ដើមឡើយជាលំនៅដ្ឋាននៃជាតិសាសន៍មន ទាល់តែចាប់អំពីស.វ.ទី៨ទៅ ទើបព្រះបាទភវវរ្ម័ន និងព្រះបាទមហេន្ទ្រវរ្ម័ន ទៅវាតទីយក ហើយខ្មែរទៅរស់នៅអំពីនោះមក។