ដោយ ហេង ថាន
ក្នុងជំនឿទូទៅលើលោកនេះ គេច្រើនជឿថាទារក ឬក្មេងដែលវ័យនៅខ្ចី ឧទាហរណ៍ត្រឹមពីរឆ្នាំចុះមកក្រោម នៅមានជំពាក់ជំពិនខ្លះនឹងជាតិរបស់វាពីមុន។ លុះធំជាងនោះបន្តិចទៅ ទើបចូលមកនៅស៊ប់ក្នុងសង្គមមនុស្សនិងសង្គមគ្រួសារ។ បើនិយាយអំពីខ្មែរតែម្តង ពេលទារកកើតបានប៉ុន្មានថ្ងៃ គេតែងធ្វើពិធីកាត់សក់បង្កក់ឆ្មប។ ដែលហៅថាកាត់សក់នោះ គឺឧបកិច្ចថាកាត់សក់ព្រៃ ពោលគឺផ្តាច់ទារកនោះឲ្យជ្រះស្រឡះចេញពីវិស័យព្រៃ មានន័យ ថាផ្តាច់ឲ្យជ្រះស្រឡះពីជាតិមុន។ ធ្វើដូច្នេះហើយក្តី ក៏ជួនកាលនៅតែមិនដាច់ភ្លាម ត្បិតមានខ្មោចដែលហៅថា “ម្តាយដើម” ពោលគឺម្តាយរបស់ក្មេងនោះពីជាតិមុន មកយាយី ដោយសារចង់យកក្មេងដែលធ្លាប់ជាកូនរបស់ខ្លួននោះទៅតាមខ្លួនវិញ ដោយសារស្រឡាញ់នឹកអាឡោះអាល័យ។ វីធីបញ្ចៀសម្តាយដើមនោះមានច្រើនបែបយ៉ាង អាស្រ័យទៅតាមទំហំអាការរោគ ឬហេតុភេទ ដូចជាការយំយប់ឬថ្ងៃមិនឈប់ជាដើម។ ជួនកាល ពុំដែលមានហេតុភេទអ្វីសោះក៏ឪពុកម្តាយនៅតែរកគាថា ឬឫសឈើអ្វីមួយជាដើមមករុំពាក់នៅកកូនដែរ។
មានទំនៀមមួយនោះខ្ញុំធ្លាប់ប្រទះឃើញនៅភូមិខ្មែរនៅប៉ែកខាងត្បូងនៃប្រទេសលាវ។ កាលណាក្មេងចេះតែយំនៅពេលដេកយប់ឬថ្ងៃដោយគ្មានហេតុផល គេសង់រានតូចមួយទំហំប្រមាណ ៣០ស.ម. X៤០ស.ម. និងមានកម្ពស់ប្រមាណ ២០ទៅ៣០ស.ម. ហើយបោះភ្ជាប់ទៅនឹងជញ្ជាំងក្រៅផ្ទះត្រង់ក្បាលក្មេងនោះ ដើម្បីរក្សាដំណេកវា (រូបលេខ១-២)។ ពេលដែលរៀបចំរាននោះហើយ ឪពុកម្តាយ, ដូនតា និងញាតិផ្សេងៗទៀតរបស់ក្មេងមកសែន។ ពេលនោះគេមានរៀបរណ្តាប់ដូចជាស្លាធម៌មួយ, ផ្លែឈើ (មិនកំណត់ថាផ្លែអ្វីជាពិសេសឡើយ), ទៀនពីរដើម និងធូបបីសរសៃ (នៅរូបលេខ៣ យើងឃើញនៅសល់តែតួស្លាធម៌តែប៉ុណ្ណោះ)។ សែនតែម្តងនេះឯង ឥតមានធ្វើកិច្ចអ្វីទៀតថ្ងៃក្រោយទេ។ ឯពេលវេលាសែនវិញ ហាក់ដូចជាមិនកំណត់ថាត្រូវរើសថ្ងៃអ្វីជាពិសេសឡើយ។