ដោយ គង់ វិរៈ
ស្បូវជារុក្ខជាតិប្រភេទស្មៅ មានស្លឹកស្តើងវែងគគ្រាត សណ្ឋានដូចស្លឹកស្រូវ តែវែងជាង។ ប្រភេទស្បូវមានផ្សេងៗគ្នា ដូចជាស្បូវភ្លាំង (រូបលេខ១), រណ្តាស់ និងស្បូវអំបែងជាដើម។ ស្បូវ រណ្តាស់ និងស្បូវភ្លាំងមានប្រយោជន៍ឱ្យគេយកទៅប្រើការច្រើនបែបយ៉ាង។ លើសពីនោះទៅទៀត ស្បូវភ្លាំង ក្រៅពីប្រើក្នុងការប្រក់ផ្ទះជាដើមនោះ គេយកទៅប្រើក្នុងពិធីទៀតផង។ ដើម្បីយល់រឿងនេះ សូមជ្រាបថានៅប្រទេសឥណ្ឌាមានស្បូវម៉្យាងភាសាសំស្រ្កឹតហៅថា “ កុស” រីឯពាក្យរុក្ខជាតិភាសាឡាតាំងហៅថា Poacynosuroides ដែលគេប្រើប្រាស់ជាពិសេសនៅក្នុងពិធីសាសនា។ នៅសម័យបុរាណ ខ្មែរស្គាល់ទំនៀមអស់នេះច្បាស់ណាស់ ត្បិតជំនាន់នោះកាន់សាសនាព្រាហ្មណ៍។ តែដោយសារនៅប្រទេសកម្ពុជាពុំមានស្បូវកុសនោះទេ ខ្មែរបុរាណយកស្បូវភ្លាំង (ឈ្មោះរុក្ខជាតិភាសាឡាតាំងហៅថា Imperata cylindrica) មកជំនួស (សូមអានអត្ថបទរបស់អ្នកគ្រូ ពៅ សាវរស ឈ្មោះហៅថា Les fleurs dans la culture khmère ចុះក្នុងទស្សនាវដ្ដី Jurnal Asiatique លេខ 293, គ.ស. 2005)។ សិលាចារឹកមួយចារនៅសតវត្សទី១០ (លេខ K.580) មាននិយាយយ៉ាងខ្លីអំពីដង្វាយជាកម្រងស្បូវភ្លាំងដែលអ្នកបម្រើនៅប្រាសាទមួយត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ។ មួយវិញទៀតស្បូវភ្លាំងជំនាន់នោះប្រហែលមានភាពសក្ការៈខ្លាំងហើយ ទើបបានសិលាចារឹកលេខ K.754 ដែលចារនៅសតវត្សទី១៤ និយាយពីស្បូវភ្លាំងធ្វើអំពីប្រាក់។ ទោះជានៅក្នុងពុទ្ធសាសនាថេរវាទដូចសព្វថ្ងៃនេះក្តី ក៏ស្បូវភ្លាំងមានភាពសក្ការៈដដែល បើមើលតាមពុទ្ធប្រវត្តិ។ រូបលេខ២ ជាគំនូរនៅក្នុងព្រះវិហារដែលនិយាយពីសោត្ថិយព្រាហណ្ម៍ ថ្វាយស្បូវភ្លាំងដល់ព្រះពុទ្ធអង្គ។ រូបលេខ៣ ជាគំនូរមួយកន្លែងទៀតដែលយើងឃើញព្រះអង្គយកស្បូវភ្លាំងធ្វើជាកម្រាលទ្រាប់គង់សមាធិរហូតដល់ផុសជារតនបល្ល័ង្កឡើង។
នៅប្រទេសកម្ពុជាប៉ែកខាងជើងនិងពាយ័ព្យ គេប្រើស្បូវភ្លាំងញឹកញាប់ណាស់ក្នុងពិធីផ្សេងៗ ជាពិសេសនៅតាមជនបទ។ រូបលេខ៤-៦ បង្ហាញពីស្បូវភ្លាំងដែលអ្នកស្រុកក្រង ហើយយកមករាយចងតាមបង្គោលពាត់ភូមិមួយទាំងមូលជាសីមា ដើម្បីបញ្ចៀសចង្រៃ ក្នុងពិធីមួយដែលកិច្ចសំខាន់បំផុតធ្វើឡើងនៅពេលយប់ គឺការបណ្តេញព្រាយ។ តាមពិតទៅ ពុំមែនត្រឹមតែនៅជនបទទេដែលមានពិធីរបៀបនេះ។ នៅព្រះបរមរាជវាំងក្រុងភ្នំពេញនាចុងរនោចខែផល្គុណ តែងមានពិធីបណ្តេញខ្មោចចង្រៃឱ្យអស់ពីព្រះរាជាណាចក្រដែរ ហៅថាជាទូទៅថា “ភាណយក្ខ”។
ន័យនៃពិធីនៅជនបទ និងនៅព្រះបរមរាជវាំងពុំខុសគ្នាអ្វីឡើយ ខុសតែកិច្ចដែលធ្វើប៉ុណ្ណោះ។ ដូច្នេះហើយបានជាក្នុងទំនៀមស្តេច ក៏គង់គេយកកម្រងស្បូវភ្លាំងមកពាត់ព្រះបរមរាជវាំងដូចគ្នា (រូបលេខ៧)។ ក្រៅអំពីនោះ គេតែងយកស្បូវភ្លាំងមកប្រើនៅក្នុងបុណ្យសពដែរ ជាពិសេសគឺចងម្ឈូស ហើយរាយបន្តភ្ជាប់មកអ្នកបួសមុខភ្លើង។ កម្រងនោះហៅថា “ខ្សែភ្លាំង” ដូច្នេះតែម្តង (រូបលេខ៨-១០)។
ម៉្យាងទៀតធ្លាប់ឃើញគេយកកំណាត់ស្បូវភ្លាំងមករៀបធ្វើជារូបផ្ទះនៅក្នុងការរៀបចំ “អង្កររាប ” ក្នុងកិច្ចពិធីហៅថា “ដេកអង្កររាប ” (រូបលេខ១១) នៅក្នុងពិធីឆ្លងវ័យផ្សេងៗ ដូចជាកោរជុក, ចូលម្លប់ និងបួសនាគជាដើម។
ការប្រើប្រាស់ស្បូវភ្លាំងក្នុងពិធីច្បាស់ជាមានច្រើនយ៉ាងតទៅទៀត។ ឧទាហរណ៍ ធ្លាប់ ឮគេនិយាយថាគេយកកំណាត់ស្បូវភ្លាំងមកដាក់លើពោះទារកដែលស្កន្ទជាន់ ក្នុងពិធីព្យាបាលមួយហៅថា “ស្តោះកុមារតន្ត្រ”។