ដោយ ព្រាប ចាន់ម៉ារ៉ា
នៅក្នុងគម្ពីរឈ្មោះហៅថា “ពុទ្ធវង្ស” ដែលនិទានពីព្រះពុទ្ធនានាពីអតីត មុននឹងមកយោនយកកំណើតជាព្រះសមណគោតម មានផ្នែកមួយនិយាយពីជាតិដែលព្រះអង្គមានព្រះនាមថា “ព្រះទីបង្ករ”។ ត្រង់នោះហើយដែលមាននិយាយអំពីសុមេធតាបស។ សុមេធ ជាឈ្មោះសេដ្ឋីម្នាក់ដែលនឹករំពឹងទៅធម៌ ហើយក៏បែរលាលែងពីតណ្ហាទាំងឡាយ ទៅរកផ្លូវធម៌ ដោយបួសជាតាបសឫសី។ សម័យថ្ងៃមួយ ព្រះទីបង្ករត្រូវយាងធ្វើដំណើរទៅកាន់ទីមួយកន្លែង ដោយត្រូវឆ្លងកាត់អូរមួយ។ យល់ដូច្នោះហើយ សុមេធតាបសក៏សំដៅទៅដល់អូរនោះ បបួលអ្នកស្រុកនាំគ្នាលើកដីចាក់ជាផ្លូវដើម្បីព្រះអង្គយាងឆ្លងកាត់បាន ត្បិតវិន័យសង្ឃគឺពុំអាចលោតផ្លោះ ឬកន្លងប្រឡាយដោយព្រះបាទបានឡើយ។ ធ្វើពុំទាន់បានរួចរាល់ផង ព្រះទីបង្ករ ព្រមទៅដោយសង្ឃមួយចំនួនទៀតក៏និមន្តមកដល់។ សុមេធតាបសធ្វើអ្វីទៀតពុំទាន់ ក៏ក្រាបខ្លួនធ្វើជាស្ពានកាត់ទទឹងអូរនោះឱ្យព្រះអង្គ ព្រមទាំងសង្ឃទាំងអម្បាលម៉ាននិមន្តឆ្លង ដោយដាក់ព្រះបាទផ្ទាល់លើខ្នងខ្លួន។ ព្រះពុទ្ធទីបង្ករយល់ដូច្នេះ ក៏ទ្រង់ញាណភ្លាមថា អនាគតទៅសុមេធតាបសនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គ ត្បិតការដែលយកខ្លួនធ្វើជាស្ពានឱ្យគេដើរឆ្លង ប្រៀបដូចជាការដឹកនាំអ្នកដទៃឱ្យបានទៅដល់ត្រើយព្រះធម៌ដូច្នោះដែរ។
នៅបច្ចុប្បន្ននេះក្តី ជាពិសេសនៅតាមជនបទ កាលណាគេនិមន្តព្រះសង្ឃឱ្យមកទីណាមួយក្នុង រដូវភ្លៀង គេតែងប្រយ័ត្នប្រយែងរវាំងមើលថាផ្លូវដែលលោកត្រូវនិមន្តមកនោះ តើមានទឹកនៅដក់ពុំអាចនិមន្តវាងបានឬទេ។ ប្រសិនបើមាន គេតែងរកវិធីលុប ជៀសវាងយ៉ាងណាកុំឱ្យព្រះសង្ឃត្រូវលោតកន្លង ដែលជារឿងត្រូវដាច់អាបត្តិ។ ឯរឿងសុមេធតាបសនោះក៏គេស្គាល់ច្រើនដែរ ហើយហាក់ដូចជាមានប្រជាប្រិយភាពទៀតផង។ ដូច្នេះហើយបានជាយើងឃើញមានគំនូរនៅតាមជញ្ជាំងព្រះវិហារ ឬសាលាឆាន់ក្នុងវត្តនានា ដូចមានរូបលេខ១-២ជាឧទាហរណ៍ស្រាប់។ ពុំតែប៉ុណ្ណោះឡើយ មានកិច្ចពិធីក្នុងពុទ្ធសាសនា ឬភ្ជាប់នឹងពុទ្ធសាសនាមួយចំនួន ដូចជានៅក្នុងពិធីចូលបរិវាស, ពិធីហែសពយកទៅបញ្ចុះឬបូជា ឬក៏បុណ្យដូចជា ទានភ្លើងដែលគេធ្វើនៅពេលច្រូតកាត់ហើយជាដើម ដែលយើងឃើញឧបាសកលុតខ្លួនក្រាបដង្ហែគ្នាជាស្ពាន (សន្មតថាជាស្ពានមាស ស្ពានប្រាក់) ដើម្បីឱ្យព្រះសង្ឃនិមន្តកាត់លើ (រូបលេខ៣-៤)។ គេជឿថាធ្វើបែបនេះនឹងបានជាកុសលធំធេងណាស់ ដោយសារគិតទៅដល់រឿងសុមេធតាបសនោះឯង។