ដោយ ស៊ុន ចាន់ដឹប
យើងដឹងស្រាប់ហើយថាដំណាំដាំដុះនៅក្នុងភូមិករ ដើមឡើយសុទ្ធតែជារុក្ខជាតិព្រៃទាំងអស់។ គឺមនុស្សនេះឯងដែលយកមកកែច្នៃម្តងបន្តិចៗរហូតទៅជាដំណាំស្រុក ជួនកាលការកែលម្អនោះឆ្លងច្រើនជំនាន់មនុស្សណាស់ ទើបមកដល់ភាពប្រសើរពេញលេញ។ បើពោលពីទ្វីបអាស៊ីនិងតំបន់ខ្លះទៀតនៅលើលោកនេះ ដំណាំដែលតម្រូវឱ្យមានបច្ចេកទេស, ពេលវេលា, អំណត់អត់ធន់ក្នុងការថែរក្សាជាងគេបង្អស់ ប្រហែលជាដំណាំស្រូវ។ គ្រាន់តែស្រូវដែលដាំជាចម្ការនៅតំបន់ស្រុកលើ ឬតាមចង្កេះភ្នំនានា ក៏លំបាកណាស់ទៅហើយ ទម្រាំដល់ទៅស្រូវដែលដាំនៅស្រែលិចទឹកតាមទីទំនាប ដែលជាកសិកម្មធំជាងគេបង្អស់នៅប្រទេសកម្ពុជា ឃើញថាត្រូវមានការថែទាំលើសពីនោះឆ្ងាយទៅទៀត។
ន័យដំបូងបង្អស់នៃពាក្យថា “វប្បធម៌” គឺ “សាបព្រួស”, “បណ្តុះពូជ” ៘ មិនខុសអ្វីពីពាក្យបារាំងថា Culture ឡើយ។ បើយើងគិតថាក្នុងចំណោមដំណាំដាំដុះទាំងអស់ ដំណាំណាមួយដែលខ្ពង់ខ្ពស់ជាងគេ ឬអាចនិយាយថា មានលក្ខណៈនិង កម្រិតអារ្យធម៌ប្រពៃលើសគេ គឺស្រូវនេះឯងហើយ។ ស្លេះរឿងស្រូវទុកមួយអន្លើសិន ហើយមកពិចារណារឿងសត្វលោកម្តង។ ដោយសារមនុស្សមានប្រាជ្ញាលើសគេបង្អស់ គេអាចចែកថាសត្វលោកមានពីរពួក។ ទីមួយ គឺពពួកតិរិច្ឆាន ចាប់ពីស្រមោច សង្អារ ដែលមានទំហំតូច មកដល់គោក្របី សេះ ដំរី ដែលមានទំហំធំ។ ពពួកទីពីរ គឺមនុស្ស។ ម៉្យាងទៀត ការចែកមនុស្សឱ្យចេញពីតិរិច្ឆាននោះ គឺធ្វើដោយមនុស្សខ្លួនឯងនេះឯង។ មនុស្សខុសពីតិរិច្ឆានរាប់ម៉ឺនរាប់សែនប្រភេទ ដោយសារមនុស្សមានវប្បធម៌ ទទួលការអប់រំបន្តិចម្តងៗតាំងពីកើតរហូតដល់ស្លាប់។ ឯបែបផែននៃការអប់រំនោះខុសៗគ្នាទៅតាមសង្គមមនុស្ស ហើយមិនយកមកនិយាយនៅទីនេះឡើយ។ ប្រការដែលសំខាន់នៅទីនេះ គឺមនុស្សទទួលការអប់រំរហូត ដូចជាដំណាំក្នុងភូមិករដែលតែងតែមានការថែទាំ។ បើប្រៀបទៅនឹងស្រូវឃើញប្រការនេះកាន់តែច្បាស់។ ដូច្នោះហើយបានជាស្រូវតែងមានឈ្មោះ ជួនកាលបីដូចជាមនុស្សដូច្នោះដែរ មិនតែប៉ុណ្ណោះជាឈ្មោះមនុស្សស្រីផង ត្បិតស្រីជាអ្នកចិញ្ចឹមបីបាច់ថែរក្សាគេ។ ឧទាហរណ៍ ស្រូវនាងមិញ, នាងមុន, នាងងើយ...។
លុះយល់រឿងនេះហើយ ទើបយើងអាចយល់ថា ហេតុម្តេចក៏តែងតែឃើញស្រូវនៅក្នុងពិធីឆ្លងវ័យនានា។ ពិធីដំបូងបង្អស់ គឺពិធី “កាត់សក់ បង្កក់ឆ្មប” ដែលសន្មតថាទារកនោះមានជីវិតហើយ។ ក្នុងចំណោមទ្រនឹបទាំងអម្បាលម៉ានគេតែងឃើញមាន “ស្រូវកញ្ជើ” ឬ “ស្រូវពន្លៃ” ត្បិតជួនកាលគេដាក់ចំណិតពន្លៃជាមួយវត្ថុផ្សេងៗ មានស្លា ម្លូ ជាដើមនៅក្នុងកញ្ជើនោះ (រូបលេខ១)។ មិនតែប៉ុណ្ណោះ នៅតំបន់ខ្លះគេមានបន្ថែមស្រូវមួយកញ្ជើទៀតហៅថា “ស្រូវបង្គុយ” ព្រោះគេត្រូវឱ្យទារកអង្គុយលើនោះ។ ដោយសារពុំអាចឱ្យវាអង្គុយលើស្រូវបាន គេយកថាសមួយមកទ្រាប់គូថវាដើម្បីគេឧបកិច្ចសម្អិតសម្អាង ព្រមទាំងកាត់សក់ព្រៃឱ្យវា (រូបលេខ២)។ នៅតំបន់ខ្លះអ្នកស្រុកនៅប្រារព្វពិធីកោរជុកនៅឡើយ មុនក្មេងពេញវ័យ។ ក្មេងម្នាក់ៗដែលត្រូវកោរជុកនោះតែងតែមានស្រូវកញ្ជើរៀងៗខ្លួន ហើយនៅថ្ងៃទីពីរនៃពិធីបុណ្យ គេយកស្រូវកញ្ជើទាំងអស់មកតម្រៀបគ្នា ដោយយកកំណាត់មកគ្របពីលើដើម្បីក្មេងទាំងនោះអង្គុយលើបាន។ គេឱ្យទៅអង្គុយនោះ នៅពេលមុនថ្ងៃរះពេញពន្លឺ ដើម្បីរង់ចាំសំពះព្រះអាទិត្យផង ព្រមទាំងដើម្បីធ្វើធ្មេញផង (រូបលេខ៣)។ ឥឡូវចូរយើងលោតមកដល់មង្គលការតែម្តង។ នៅតំបន់ខ្លះកូនកម្លោះនិងកូនក្រមុំត្រូវមានស្រូវកញ្ជើរៀងៗខ្លួន (រូបលេខ៤)។ នៅព្រឹកព្រលឹមថ្ងៃទីពីរ គេយកកន្ទេលមកគ្របលើស្រូវកញ្ជើទាំងពីរនោះ (រូបលេខ៥) ដើម្បីឱ្យអ្នកទាំងពីរអង្គុយពីលើនៅពេលធ្វើធ្មេញ (រូបលេខ៦)។ លុះបុគ្គលចែកស្ថានទៅហើយ ក៏នៅតែមានស្រូវកញ្ជើទៀតជារណ្តាប់ក្នុងពិធីបុណ្យសព (រូបលេខ៧)។
វត្ថុផ្សេងៗដែលគេតែងដាក់នៅលើស្រូវកញ្ជើនោះមានច្រើនបែបយ៉ាង ជួនកាលខុសគ្នាដោយសារវ័យដែលឆ្លងនោះផ្សេងពីគ្នា ជួនកាលទៀតឆ្លងវ័យតែមួយ តែទំនៀមនៅតាមស្រុក ផ្សេងៗធ្វើពុំដូចគ្នា។ ឧទាហរណ៍ នៅតំបន់ខ្លះគេច្រើនឃើញមានរូបបំពង់ឫស្សីពកតូចមួយ ដែលគេញាត់អង្ករក្នុងនោះ ហើយបិទជិតសម្រាប់ពិធីចូលម្លប់។ រីឯនៅតំបន់ផ្សេងទៀតគេយកឫស្សីមកចិតនៅចុងម្ខាងធ្វើឱ្យមានរាងដូចត្រល់, យកចិញ្ចៀនមួយមកចងអែបក្បាលត្រល់នោះ ហើយញាត់បញ្ឈរក្នុងស្រូវជារណ្តាប់ប្រើនៅពេលបូជាសព។ ខ្ញុំគ្មានបំណងពិភាក្សាវែកញែកល្អិតល្អន់ដើម្បីយល់អត្ថន័យនៃស្រូវកញ្ជើក្នុងពិធីឆ្លងវ័យទាំងនេះទេ គ្រាន់តែសូមបញ្ជាក់ដដែលម្តងទៀតថា ស្រូវជានិមិត្តរូបនៃវប្បធម៌ជាប្រាកដ បើនិយាយពីរុក្ខជាតិដំណាំដាំដុះ។ ដូច្នេះហើយការឆ្លង វ័យពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលតែងតែឃើញមានស្រូវនោះ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ព្រោះការឆ្លងវ័យមានន័យថាវប្បធម៌មនុស្សក៏កើនកម្រិតជាមួយគ្នា។ នៅទីនេះខ្ញុំសូមត្រឡប់មកក្រោយបន្តិច គឺពិចារណាត្រួសៗលើស្រូវកញ្ជើដែលតែងតែមានជាចាំបាច់នៅក្នុងពិធីចូលម្លប់ ដែលតំបន់ខ្លះនៅស្រុកខ្មែរនៅតែប្រតិបត្តិនៅឡើយសម្រាប់ក្មេងស្រីដែលទើបតែពេញ វ័យ។ ដែលហៅថា “ពិធីចូលម្លប់” គឺតាមពិតទៅមានបីផ្នែក។ ពិធីមុនដំបូងបង្អស់ទាក់ទងនឹងការចូលម្លប់ ដែលប្រព្រឹត្តទៅប្រមាណ មួយល្ងាចដល់យប់បន្តិច។ ផ្នែកទីពីរ គឺការដែលនៅក្នុងម្លប់នោះឯង ដែលក្មេងស្រីនោះត្រូវកាន់ត្រណមផ្សេងៗក្នុងរយៈពេលខ្លីឬវែង ទៅតាមទម្លាប់អ្នកស្រុក (រយៈពេលជាមធ្យមប្រមាណ មួយខែ)។ ផ្នែកទីបីគឺការចេញពីម្លប់។ បើគិតជាពិធីគឺជាផ្នែកសំខាន់បំផុត ដោយសារពេលវេលាធ្វើក៏យូរ (ពីរថ្ងៃ) ហើយមួយវិញទៀត កិច្ចនានាដែលធ្វើនោះក៏ច្រើនបែបយ៉ាង។ ទាំងបីផ្នែកនេះ ស្រូវកញ្ជើមានសារសំខាន់ជាទីបំផុត។ មុននឹងធ្វើអ្វីមួយជាកិច្ចសំខាន់ ចាស់ទុំ មានឪពុកម្តាយ មារមីង ឬអាចារ្យជាដើមតែងនិយាយប្រាប់ស្រូវកញ្ជើនោះជាមុនសិន ឧទាហរណ៍ ប្រាប់ថាខ្លួននឹងរៀបចំទុកដាក់កូនស្រីឱ្យនៅក្នុងម្លប់, ឱ្យចេញពីម្លប់, ឬក៏ពីកិច្ចអ្វីមួយដែលនឹងត្រូវធ្វើ។ មើលតែរូបលេខ៨-៩ទៅក៏ឃើញហើយថា គេនិយាយទៅស្រូវកញ្ជើនោះរបៀបម្តេច។ រីឯរូបលេខ១០ បង្ហាញអំពីក្មេងស្រីនៅក្នុងម្លប់កំពុងរៀនធម៌ខ្លីៗ ដែលកត់នៅលើក្រដាសមួយសន្លឹក។ យើងឃើញថានាងដាក់ក្រដាសពាក្យធម៌នោះនៅលើស្រូវកញ្ជើ ដោយសារជាធម៌ជាទីគោរព។ ប្រការដែលទើបនឹងពោលទាំងអម្បាលម៉ាននេះ បង្ហាញថាស្រូវកញ្ជើពុំមែនគ្រាន់តែជាវត្ថុអ្វីមួយប៉ុណ្ណោះឡើយ ម៉្យាងទៀតហាក់ដូចជាមានសារសំខាន់លើសរណ្តាប់ដទៃទៀត ត្បិតគេនិយាយជាមួយហាក់ដូចជាមនុស្សដូច្នោះ។ តាមពិតទៅ រឿងចូលម្លប់នេះមានជំនឿមួយដែលគ្រួសារផ្សេងៗយល់ថាមាន “មេម្លប់” ពោលគឺជីវិតឥតរូប ឬអមនុស្សអ្វីមួយដែលមានអានុភាពអាចឱ្យនរណាឈឺនៅក្នុងគ្រួសារ បើគ្រួសារនោះមិនបាននឹកនាឱ្យក្មេងស្រីចូលម្លប់ ឬមួយក្នុងដំណើរពិធីទាំងបីផ្នែកនោះមានការឆ្គាំឆ្គងក្នុងការរៀបចំអ្វីមួយ។ នេះហើយដែលធ្វើឱ្យខ្ញុំយល់ថា “ស្រូវកញ្ជើ” ស្នងឱ្យ “មេម្លប់” នោះឯង។