ដោយ រស់ សុខុម
នៅក្លោងទ្វារខាងលិចចូលប្រាសាទអង្គរវត្ត ហៅថា “គុកតារាជ” មានបដិមាព្រះនារាយណ៍មួយអង្គមានព្រះហស្ថ៨កម្ពស់ ប្រមាណជា៣ម៉ែត្រ សាងអំពីថ្មភក់។ អ្នកស្រុកហៅបដិមានោះថា “តារាជ” មានន័យថា ជាស្តេចនៃទេពនិករទាំងពួងដែលថែរក្សាអង្គរវត្ត ត្បិតទេពនិករដែលអ្នកស្រុកចាត់ទុកថាជាអ្នកយាមថែរក្សានោះមានផ្សេងៗទៀត នៅតាម “គុក” ដែលជាក្លោងទ្វារទិសដទៃទៀត ខ្លះមានបដិមាស្នង ខ្លះពុំមានទេ។ តាំងពីយូរយារមកហើយតារាជជាបដិមាដ៏ល្បីល្បាញនៅអង្គរវត្ត (រូបលេខ១) អ្នកស្រុកនៅសៀមរាប-អង្គរ ទាំងមូលឬមកពីទីឆ្ងាយៗផងតែងតែមកបន់ស្រន់ពុំដែល ដាច់។ ពីមុនមក រូបសំណឹងសម្រាប់បញ្ជាន់តារាជនោះតែងតែជាមនុស្សស្រី តែរវាង១០ឆ្នាំមកនេះ រូបនោះគឺតាសាន រស់នៅភូមិនគរក្រៅ។ ក្រៅអំពីការបន់ស្រន់ដែលមានលក្ខណៈជាបុគ្គល អ្នកស្រុកនៅសៀមរាប-អង្គរតែងប្រារឰឡើងតារាជនៅថ្ងៃ៣កើត ខែមាឃជារៀងរាល់ឆ្នាំ។ ម្តងៗមានភាព អធឹកអធមណាស់ (រូបលេខ២-៥)។
ក្នុងប្រវត្តិរបស់គាត់ តារាជពុំដែលឆ្លងហេតុការណ៍ពិសេសដូចនៅទសវត្សថ្មីៗនេះទេ។ នៅឆ្នាំ១៩៨៥ នាយប់មួយ មានជនឧក្រិដ្ឋមួយចំនួនដាប់ព្រះកេសរបស់តារាជចេញពីដងខ្លួនក្នុងបំណងយកចេញទៅក្រៅប្រទេស ប៉ុន្តែដោយការដាប់នោះយូររហូតដល់ថ្ងៃរះពេញពន្លឺ ជនទុច្ចរិតក៏បង្ខំចិត្តទុកព្រះកេសនោះផ្ទាល់ដីនៅជិតដងខ្លួនសិន។ នេះជាសំណាងល្អ ព្រោះធ្វើឲ្យស្ថាប័នគ្រប់គ្រងមានលទ្ធភាពយកព្រះកេសមករក្សាទុកនៅមន្ទីរអភិរក្សអង្គរ។ ប៉ុន្តែសម័យនោះសុវត្ថិភាពនៅមន្ទីរអភិរក្សពុំទាន់ពេញលេញនៅឡើយ ពេលខ្លះមានការវាយប្រហារដោយអាវុធពីជនអន្ធពាលដើម្បីប្លន់យក បេតិភណ្ឌវប្បធម៌ ផង។ ដូច្នេះហើយនៅឆ្នាំ១៩៩៣ គេដឹកយកព្រះកេសតារាជរួមជាមួយបុរាណវត្ថុចំនួនទៀតមករក្សាទុកនៅភ្នំពេញ ដំបូងឡើយនៅជាន់ក្រោមនៃព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។ ប៉ុន្មានឆ្នាំបន្ទាប់មកវត្ថុអម្បាលមាណនោះក៏គេយកមកទុកនៅជាន់ខាងក្រោមនៃសារៈមន្ទីរជាតិ។ ក្រោយមកទៀតទើបគេតម្កល់ព្រះកេសតារាជជាសាធារណៈជូនជនទូទៅទស្សនាបាននៅក្នុង សារមន្ទីរ (រូបលេខ៦)។ រីឯនៅគុកតារាជនៃប្រាសាទអង្គរវត្តវិញ គេធ្វើព្រះកេសអំពីស៊ីម៉ងត៍តាមលំនាំដើមមកភ្ឆាប់លើដងខ្លួនជាបណ្តោះអាសន្ន។
ដោយយល់ឃើញថា តារាជមិនត្រឹមតែជាបេតិកភណ្ឌរូបីមួយដ៏ថ្លៃថ្លាប៉ុណ្ណោះទេ តែគឺជាទេពដ៍សំខាន់មួយដែលអ្នកស្រុកគោរពបូជាពុំដាច់ផង ហើយស្របពេលដែលតំបន់អង្គរមានស្ថេរភាពផងនោះ ទើបមានការខិតខំយកព្រះកេសដើម ដែលតាំងនៅសារមន្ទីរជាតិមកភ្ជាប់ដងខ្លួននៅអង្គរវិញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៤ (រូបលេខ៧-៨)។ ព្រឹត្តិការណ៍នេះធ្វើឲ្យអ្នកស្រុកមានក្តីសោមនស្សពន់ប្រមាណ។ ឆ្លៀតឱកាសនោះ គេបានរៀបចំជួសកន្លែងខ្លះៗដែលអាចជួសជុលបាន (រូបលេខ៩)។