ដោយ ស៊ីយ៉ុន សុភារិទ្ធ
នៅជំពូកលេខ៤ លេខរៀងទី១៤ លោកអ៊ឹម សុខរឹទ្ធី ធ្លាប់បានសរសេរអត្ថបទមួយដែរអំពីល្បែងវាយកូនគោល។ ក្នុងនោះ គាត់លើកយកចម្លាក់នៅលានជល់ដំរី មុខព្រះបរមរាជវាំងអង្គរធំមកបង្ហាញ។ ចំណែកក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកល្បែងវាយកូនគោលដែលអ្នកគង្វាលសត្វពាហនៈនៅភូមិព្រែកសង្កែ ស្រុកកោះសូរ្យទិន ខេត្ត កំពង់ចាម មកនិយាយបន្ថែមទៀត ត្បិតអីហាក់បីដូចជាមានទាក់ទងនឹងចម្លាក់បុរាណដូចគ្នា។ ល្បែងប្រភេទនេះមានឈ្មោះច្រើនតាមស្រុកតាមតំបន់ដូចជា “វាយប្រដំ” , “វាយកូនគោល” ឬលេង “ប៊ែក” (ខ្ញុំពុំដឹងថាឈ្មោះខាងក្រោយនេះជាពាក្យអ្វីទេ)។
ពាក្យថា “វាយប្រដំ” អាចឱ្យយើងយល់បានអំពីរបៀបលេងដែលអ្នកលេងដេញតាមគ្នា ដណ្តើមវាយ គ្រាប់បាល់ ពោលគឺប្រដំប្រសងគ្នា។ ចំណែកពាក្យថាវាយកូនគោល គឺសំដៅទៅលើ “គោល” ដែលជាពាក្យសំស្ក្រឹតមានន័យថា “បាល់ដែលក្មេងលេង” (សូមកុំច្រឡំនឹងពាក្យ “គោល” មួយទៀតជាពាក្យខ្មែរ ដែលជួនកាលក្លាយជា “បង្គោល”)។ គោលនេះអាចធ្វើអំពីឈើ។ ល្បែងដែលលោកអ៊ឹម សុខរឹទ្ធី រៀបរាប់នៅក្នុងអត្ថបទរបស់គាត់ ជាល្បែងដែលអ្នកលេងនោះជិះសេះ។
ជាទូទៅ វាយកូនគោលេនះ ក្មេងឃ្វាលគោចូលចិត្តលេងកម្សាន្តណាស់ នៅពេលដែលគោកំពុងស៊ីស្មៅ។
ចំពោះរបៀបលេងវិញខ្ញុំមិនចាំបាច់រៀបរាប់អ្វីច្រើនទៀតទេ មើលតែអត្ថបទរបស់ លោកអ៊ឹម សុខរឹទ្ធី ទៅក៏ស្ទើរតែគ្រប់គ្រាន់ហើយ។ ខ្ញុំគ្រាន់តែបង្ហាញរូបខ្លះៗប៉ុណ្ណោះ។ នៅរូបលេខ១ យើងឃើញមានឈើមួយដែលគេដោតសម្គាល់ថាទី ឯរូបលេខ២ បង្ហាញពីក្មេងលេងម្នាក់ដែលកាន់ដំបងសម្រាប់វាយកូនគោល។ នៅពេលផ្តើមលេង គូបដិបក្ខ ឈរជាជួរទល់មុខគ្នា ដោយមានកូនគោលនោះនៅកណ្តាល ដូចឃើញនៅរូបលេខ៣។ បើសិនជាក្រុមទី១ទៀតវាយកូនគោលផុតទីក្រុមទី២ គឺក្រុមទី១នោះឈ្នះ។ ក្រុមចាញ់អាចអៀវក្រុមឈ្នះពីទីម្ខាងមក ទីម្ខាងទៀត ឬធ្វើអ្វីផ្សេងទៀតទៅតាមការភ្នាល់គ្នា។ រូបលេខ៤-៦ បង្ហាញពីទិដ្ឋភាពខ្លះៗនៃល្បែងនោះ។
ប្រការដែលល្បែងនេះច្រើនតែអ្នកឃ្វាលគោជាអ្នកលេងគួរឱ្យពិចារណាមែនទែន ត្បិតមានចម្លាក់នៅតាមប្រាសាទបុរាណដែលបង្ហាញអំពីក្មេងឃ្វាលគោកាន់ដំបងខុបចុងដូចដំបងវាយកូនគោលដែរ។ រូបទាំងពីរ គឺលេខ៧-៨ដែលបង្ហាញនៅទីនេះ ជាចម្លាកនៅប្រាសាទអង្គរវត្ត ហើយដែលទាក់ទងនឹងឈុតមួយនៃរឿងព្រះក្រឹស្នា ត្រង់កន្លែងព្រះអង្គលើកភ្នំគោវធ៌នដើម្បីបាំងភ្លៀងដែលព្រះឥន្ទ្រធ្វើឱ្យបង្អុរចុះមកក្នុងបំណងធ្វើបាបអ្នកស្រុកដែលពុំព្រមធ្វើដង្វាយដលព្រះអង្គ។ គង្វាលដែលកាន់ដំបងក្រង៉ុកចុងគ្រប់ដៃនោះធ្វើឱ្យយើងឆ្ងល់ថា តើចាំបាច់អ្វីដែលក្មេងឃ្វាលគោកាន់ដំបងប្រភេទនេះ បើមិនសម្រាប់លេងវាយកូនគោលនោះទេ? គប្បីកុំភ្លេចថាជាងចម្លាក់ទាំងនេះ សុទ្ធតែជាខ្មែរដូច្នេះជាការធម្មតាទេដែលគាត់ឆ្លាក់អ្វីៗដូចធ្លាប់ឃើញនៅក្នុងជីវិតរាល់ថ្ងៃពិតប្រាកដ។