ដោយ ហួត សំណាង
ពីមុនមក នាទីផ្សេងៗរបស់វត្តមានភាពទូលំទូលាយខ្លាំងណាស់។ នរណាក៏ដឹងដែរអំពីរឿងនេះ ពុំបាចខ្ញុំវែកញែកអធិប្បាយអ្វីវែងឆ្ងាយឡើយ គ្រាន់តែសូមរំលឹកថា បើគ្មានវត្តមនុស្សពុំអាចរៀនអក្សរនិងវិជ្ជាដែលតពីនោះដូចជា កាព្យឃ្លោង, ច្បាប់, ធម៌អាថ៌, របៀនអាគម, រឿងរ៉ាវនិទាន រាប់តាំងពីរាមកេរ្តិ៍ រហូតដល់រឿងព្រេងខ្លីៗ មានអាជ័យ-មេគ្រត ជាដើម។ នេះនិយាយតែចំណេះដែលមានអក្សរជាមូលដ្ឋាន បើនិយាយជាការជាងក៏ច្រើននៅលើវត្ត (ជាងគំនូរ, ជាងចម្លាក់, ជាងស្មិតធំៗ, ជាងសំណង់ធំៗ...), ភ្លេងពិណពាទ្យក៏កើតនៅវត្តដែរ។ មានចំណេះឬសិល្បៈមួយចំនួនទៀតដែលកើត ឬរីកចម្រើនឡើងលុះត្រាតែមានវត្ត។ ឧទាហរណ៍ ជាងស្មិតដែលសិតព្រះពុទ្ធរូបធំៗសម្រាប់តម្កល់លើបល្ល័ង្កក្នុងព្រះវិហារ បើគ្មានវត្តក៏មិនចេះការងារនោះដែរ។ នេះមិនខុសពីជាងដាប់ស្បែកសម្រាប់សម្តែងស្បែកធំជាដើម។ បើគ្មានវត្តប្រហែលសិល្បៈនេះពុំមានទេ ព្រោះគេសម្តែងរឿងរាមកេរ្តិ៍តាមល្ខោនស្បែកធំនេះតែនៅក្នុងឱកាសពិសេស ដូចជាក្នុងពិធីបូជាព្រះសពចៅអធិការវត្តជាដើម។
នៅចុងទសវត្ស១៩១០ មានចាប់ផ្តើមបង្កើតបង្រៀនការជាងតាមរបៀបទំនើប ពោលគឺរៀននៅសាលា ដែលកាលនោះហៅថា “សាលារចនា” (រូបលេខ១)។ តែគ្រូដែលប្រមូលបានពីទីនានាយកមកឲ្យបង្រៀននោះ ក៏សុទ្ធសឹងជាអ្នកចេះដឹងតាមវត្តអារាមដែរ (រូបលេខ២)។ សាលារចនាមានដំណើរការពេញលេញរហូតមកដល់ចុងទសវត្ស១៩៦០។ ក្រៅអំពីនោះដូចជាពុំមានឧទាហរណ៍ណាទៀត ដែលយកការជាងរបៀបប្រពៃណីមកបង្រៀននៅតាមសាលាបែបសម័យទំនើបឡើយ។ មួយទៀតសោត ដោយសារសង្គ្រាម និងដោយសារប្រការផ្សេងៗទៀត សាលារចនាចុះខ្សោយ ពុំទាន់ងើបបានត្រដែតស្មើមុននៅឡើយទេ។
បើត្រឡប់មកនិយាយពីវត្តវិញក៏មានការវិវឌ្ឍន៍ខ្លាំងណាស់ដែរ។ ការជាងឬវិជ្ជាផ្សេងៗដែលពោលពីខាងលើមិនថ្កុំថ្កើងដូចមុនទេ ព្រោះវិជ្ជាមួយភាគធំគេរៀននៅតាមសាលាសម័យថ្មី ជាពិសេសវិជ្ជាអ្វីៗដែលផ្អែកលើអក្សរ។ ទោះជាយ៉ាងនេះក្តីក៏នៅតាមជនបទច្រើនកន្លែងគេនៅឃើញវត្តដើរតួនាទីរបៀបប្រពៃណីមុនខ្លះនៅឡើយ។ បើយកឧទាហរណ៍ទីក្រុងមកនិយាយផង គឺអាចលើកយកករណីវត្តបូព៌ដែលស្ថិតនៅក្រុងសៀមរាបមកបង្ហាញ។ វត្តនេះមិនទាន់បាត់រូបរាងចាស់ណាស់ណាទេ អាគារសំខាន់ៗខ្លះនៅដដែល (រូបលេខ៣)។ នៅទីនោះយើងឃើញមានសិស្សជាឧបាសកផង ជាព្រះសង្ឃផង រៀនការជាងផ្សេងៗ ដូចជាធ្វើពុម្ពព្រះពុទ្ធរូបនិងក្បាច់លម្អ (រូបលេខ៤-៦), គំនូរ (រូបលេខ៧-៨), ស្បែកធំ (រូបលេខ ៩-១០) និងភ្លេងពិណពាទ្យ (រូបលេខ១១) ជាដើម។