ដោយ អាំង ជូលាន
នៅក្នុងពិធីបុណ្យខ្លះយើងតែងឃើញរូបបន្លាចរូបរាងដូចមនុស្សគំរីងគំរាំង ដែលគេហែនៅតាមផ្លួវ។ រូបបន្លាចនោះមានឆ្អឹងជាកម្រងឫស្សី ហើយគេយកក្រដាសឬក្រណាត់មកពាសពីលើមុននឹងគូរលាបលន។ ដូច្នោះហើយបានជាអ្នកខ្លះហៅថា “យក្សជាល “។ គ្រាន់តែយកពាក្យ “យក្ស “ មកគិតក៏យល់ហើយថា គោលបំណងដើមគឺធ្វើឱ្យខ្លាច។ ការហែយក្សជាលនោះមានន័យថាបញ្ចៀសឧបទ្រពចង្រៃផ្សេងៗ (រូបលេខ១)។
ពាក្យថាយក្សជាលនេះ សព្វថ្ងៃហាក់ដូចជាគេនិយមថា “ទីងមោង “ ច្រើនជាង ព្រោះធ្លាប់ដឹងថាទីងមោង ជាវត្ថុបន្លាច មានបន្លាចចាបនៅតាមស្រែជាដើម។ បើពោលជាទូទៅ ទីងមោងសព្វថ្ងៃហាក់ដូចជាពុំ មានមុខមាត់អាក្រក់ណាស់ណាទេ គ្រាន់តែហាក់ដូចជាកំប្លុកកំប្លែង ដោយ សារមុខមាត់ចម្លែកនិងមាឌធំ ច្រងេងច្រងាង។ ប៉ុន្តែគប្បីយើងយល់ថា មុខមាត់និងរូបរាងនេះដើមឡើយចង់ចម្លងតាមនុស្សអឺរ៉ុប ជាពិសេស បារាំងសែស ដោយសារបារាំងសែសត្រួតត្រាខ្មែរ ធ្វើឱ្យខ្មែរស្គាល់ជាងអឺរ៉ុបដទៃ។ តែទោះជាស្គាល់យ៉ាងណាក៏ ជំនាន់មុនស្គាល់ថាជាមុខអាក្រក់ មាឌធំគំរីងគំរាំង ត្បិតកាលណោះជនអឺរ៉ុបមិនសម្បូណ៌ហូរហៀរឃើញ ញឹកញាប់ ឬរាល់ថ្ងៃដូចបច្ចុប្បន្ននេះឡើយ។ សូម្បីតែពួកទាហានពូជសាសន៍អារ៉ាប់ដែលមកស្រុកខ្មែរក្នុង ក្រប ខ័ណ្ឌនៃកងទ័ពបារាំង ក៏ខ្មែរខ្លាចណាស់ដែរ ជាពិសេសដោយសារពុកមាត់។ គេតែងបន្លាចក្មេងថា “ ប្រយ័ត្ន អារ៉ាប់ចាប់ “ នេះមានន័យថាយើងពុំ “ធ្លាប់ភ្នែក “។ សូមកុំភ្លេចថាពីជំនាន់មុន កាលណាមានមនុស្សបារាំងចូលទៅ ដល់ ភូមិណាមួយ តែងមានអ្នកភូមិរត់ចោលការងារដោយសារខ្លាច។ ឯការខ្លាចនោះពុំសូវកើតឡើងដោយមាន ហេតុផលអ្វីប្រា កដទេ គឺដោយសារតែខ្លាចរូបរាងនិងមុខមាត់។ ទំនៀមធ្វើទីងមោងតាមមនុស្ស “បារាំង “ នោះក៏ទៅជាជាប់រហូត (រូបលេខ២-៣)។
រីឯគំនិតដើមដែលរូបបន្លាចនោះជាយក្ស (ក្នុងពាក្យ “ យក្សជាល “) ក៏មិនទាន់បាត់បង់ទាំងស្រុងដែរ។ ឧទាហរណ៍ នៅខេត្តកំពង់ចាមគេអាចប្រទះឃើញយក្សនោះជារឿយៗដែរ ដូចមានរូបលេខ៤, ៥, ៦បញ្ជាក់ ស្រាប់។