ដោយ អាំង ជូលាន
ការសង់ផ្ទះឈើតែងតម្រូវឲ្យមានកិច្ចពិធីផ្សេងៗទៅតាមតំណាក់កាលនីមួយៗ។ កិច្ចចុងក្រោយគេនោះ គឺកិច្ចឡើងផ្ទះ ដែលជួនកាលមានភាពអធិកអធមទៀតផង។ ឯកិច្ចដែលខ្ញុំយកមកសង្ខេបនៅទីនេះ ថ្វីត្បិតតែពុំវែងឆ្ងាយប៉ុន្មាន ក៏គេចាត់ទុកថាសំខាន់ណាស់ដែរ ព្រោះទាក់ទងនឹងការ “លើកមេដំបូល”។ នៅជំពូកទី២, លេខរៀងទី១៧, លោកឃុត សុខាន មានបង្ហាញពីការលើកមេដំបូលនៃព្រះវិហារមួយ ហើយអ្នកអានអាចឃើញថាមានភាពឧឡាឫកយ៉ាងណា។ ខ្ញុំមិនចាំបាច់ពន្យល់ជាថ្មីឡើងវិញទេថាហេតុអ្វីបានជាគេចាត់ទុកគ្រឿងខាងលើបង្អស់នៃសំណង់នេះថាសំខាន់លើសលុប។
មេដំបូលផ្ទះដែលខ្ញុំនិយាយនេះ គេរៀបចំនៅឯក្រោមឲ្យរួចស្រេចបាច់អស់ ទើបរូតខ្សែពួរ ទាញទៅលើ។ រៀបចំនោះ គឺយកយន្ត្រមួយទៅចងភ្ជាប់នៅកណ្តាល។ យន្ត្រនោះហៅថា “យន្ត្រក្រួច” (រូបលេខ១) ត្បិតលក្ខណៈពិសេសនោះ គឺមានក្រឡាមួយដែលមានរូបសត្វក្រួចនៅកណ្តាល (សូមមើលរូបលេខ២ ជារូបពង្រីក)។ ហេតុអ្វីបានជាមានរូបសត្វក្រួច? គេពន្យល់ថា នៅក្នុងជាតិណាមួយនោះ ព្រះពុទ្ធអង្គយោនយកកំណើតជាសត្វក្រួច ហើយគង់នៅដុបកម្ពោតព្រៃមួយ។ ថ្ងៃមួយមានភ្លើងឆាបឆេះរោលរាលព្រៃទីនោះគ្មានសល់អ្វីឡើយ ក្រៅពីគម្ពោតដែលព្រះអង្គជាសត្វក្រួចគង់នៅ។ ហេតុនេះហើយ ទើបគេនិយមធ្វើយន្ត្រក្រួចដើម្បីបញ្ចៀសអគ្គីភ័យផ្សេងៗឲ្យផុតពីផ្ទះ។ ក្រៅអំពីយន្ត្រដែលជាវត្ថុសំខាន់បំផុតនោះ គេមានយកសម្លៀកបំពាក់ម្ចាស់ផ្ទះទៅពាក់លើមេដំបូលនោះ (រូបលេខ៣) ព្រមទាំងមានចងភ្យួរចំណីចំណុកនំនែកផ្សេងទៀតផង (រូបលេខ៤)។ ស្រេចបាច់ហើយ ទើបអ្នកដែលនៅលើផ្ទះនាំគ្នាយិតយោងមេដំបូលនោះទៅលើ ដោយអ្នកនៅក្រោមជួយតម្រែតម្រង់ហើយស្រែកឆាកហ៊ោយ៉ាងខ្លាំង (រូបលេខ៥-៦)។ នៅរូបលេខ៧ យើងឃើញម្ចាស់ផ្ទះប្រុសអង្គុយចាំ ហាក់ដូចជាមេដំបូលនោះជាមនុស្សដូច្នោះ ព្រោះយើងឃើញថាវត្ថុដែលយកមកទទួលគួសមនោះ មានហឹបស្លាព្រមទាំងខ្នើយផង។ លុះទៅដល់លើបំផុតហើយ គេពុំទាន់រើរុះអ្វីទេ (រូបលេខ៨) គឺយកមេដំបូលនោះទៅវាយភ្ជាប់នឹងគ្រឿងដទៃឲ្យរួចរាល់អស់ ទើបរើយកសំពត់អាវព្រមទាំងនំនែកចុះមកវិញ។ រីឯយន្ត្រគឺនៅទីនោះរហូតពុំប៉ះពាល់ទេ។