អធ៌នារីស្វរ នៅសារមន្ទីរជាតិកម្ពុជា

ដោយ គង់ វីរៈ

ទេពដែលមានឈ្មោះខាងលើនេះ ខ្មែរបច្ចុប្បន្នពុំស្គាល់ទៀតឡើយ ហើយទោះជានៅបុរាណកាលក៏
ប្រហែលជាគេពុំសូវស្គាល់ជាទូទៅដែរ ដ្បិតប្រតិមាដែលប្រទះឃើញគឺមានតិចតួចណាស់។ បើបំបែក
ពាក្យឲ្យដាច់ពីគ្នាគឺ ៖ «អធ៌ (ពាក់កណ្តាល) + នារី (ស្រី) + ឦឝ្វរ (ឥសូរ, ម្ចាស់, កំពូលលើស
គេ...)» គឺមានន័យថា ជាព្រះឥសូរដែលមួយចំហៀងខ្លួនជាស្រី។ 

ជាទូទៅចម្លាក់ដែលតាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា ភាគច្រើនបំផុតជាទេពផ្សេងៗក្នុងព្រហ្មញ្ញ
សាសនានិងព្រះពុទ្ធសាសនា ប៉ុន្តែទេពទាំងនេះបង្ហាញក្នុងទិដ្ឋភាពផ្សេងៗច្រើនបែបណាស់។ ទេព
ខ្លះ អ្នកទស្សនាមើលស្គាល់ភ្លាមៗដោយមិនចាំបាច់មានមគ្គុទេសក៍ ឬរកមើលស្លាកពន្យល់ណែនាំ
តែទេពអង្គខ្លះទៀតយល់បានលុះត្រាតែធ្លាប់បានសិក្សាសិល្បៈខ្មែរ ជាពិសេសក្នុងវិស័យបដិមា
សាស្ត្រ។ បើលើកយកតែទេពចម្បងមួយអង្គក្នុងព្រហ្មញ្ញសាសនា ពោលគឺព្រះឥសូរក៏ឃើញថាមាន
ទិដ្ឋភាពច្រើនបែបយ៉ាងណាស់ទៅហើយ។ ប៉ុន្តែទិដ្ឋភាពខ្លះដែលគេនិយមច្រើននៅឥណ្ឌា ឬតំបន់
ផ្សេងៗនៅអាស៊ីអាគ្នេយ៍ ខ្មែរមិននិយមរាប់រកក៏មានដែរ។ លោក ជី រដ្ឋា ធ្លាប់និយាយរឿងនេះនៅ
ក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះដែរ (សូមអាននៅជំពូកទី៤ លេខរៀង៣៨និង៤៥)។ ប្រតិមា
ដែលមានឈ្មោះនៅលើចំណងជើងនេះ ជាទិដ្ឋភាពមួយទៀតនៃព្រះឥសូរ ដែលមាននៅក្នុងសមុច្ច័យ
សារមន្ទីរជាតិកម្ពុជា។ តែអ្នកទស្សនាច្រើនតែរំលង ឬក៏មិនបានចាប់អារម្មណ៍ ដោយសារតែជារូប
មួយដែលមិនស្កឹមស្កៃ និងមិនរាប់ថាជាវត្ថុពិចិត្រផង បើប្រៀបធៀបទៅប្រតិមាជាច្រើនដែលមាននៅ
សារមន្ទីរនេះ។ រូបលេខ១ បង្ហាញពីទីតាំងនៃព្រះអធ៌នារីស្វរ នៅត្រង់ចុងបំផុតនៃថែវខាងលិច មុន
នឹងឆ្លងចូលទៅថែវខាងជើង។ រូបនេះមានប្រភពមកពីប្រាសាទស្រងែ, តំបន់រលួស, ស្រុកប្រាសាទ
បាគង, ខេត្តសៀមរាប។ 

រូបលេខ១

ប្រតិមានេះ (រូបលេខ២) មិនបង្ហាញឲ្យឃើញច្បាស់ដូចចម្លាក់ឬគំនូរនៅឥណ្ឌាទេ គឺទាល់តែអ្នក
ទស្សនាពិនិត្យម៉ត់ចត់បន្តិច ទើបអាចយល់ថាជារូបទេពមួយអង្គ ដែលមួយចំហៀងខ្លួនជាប្រុស ឯ
មួយចំហៀងខ្លួនទៀតជាស្រី។ រូបលេខ៣ ជារូបលម្អិតនៃព្រះសិរ ដែលបង្ហាញថាខាងស្តាំមានពុក
ចង្កា ហើយពាក់អលង្ការនៅត្រចៀក ខុសពីខាងឆ្វេងដែលពុំមានអ្វីសម្គាល់ជាពិសេស។ រីឯដង
ខ្លួនវិញ (រូបលេខ៤) យើងអាចញែកច្បាស់ថា ផ្នែកខាងស្តាំមានដើមទ្រូងរាបស្មើជាលក្ខណៈប្រុស
ហើយយើងឃើញពុកចង្កានិងរយ៉ាពាក់ត្រចៀកច្បាស់។ ចំណែកនៅខាងឆ្វេងវិញ លក្ខណៈដែល
អាចឲ្យសម្គាល់ថាជាស្ត្រីភេទ គឺដើមទ្រូងខាងនោះប៉ោង ដោយសារមានដោះ។ ព្រះហស្តខាងស្ដាំ
បាក់បាត់ទៅហើយ តែលោក Jean Boissellier ដែលធ្លាប់បានឃើញរូបកាលមិនទាន់បាត់ព្រះហស្ត
នោះបញ្ជាក់ថា ព្រះហស្តនេះកាន់ត្រីសូល៍ រីឯព្រះហស្តឆ្វេងមានកាយវិការជា «វរមុទ្រា» ដែលជា
កាយវិការប្រទានពរ។ ដូចជាប្រតិមាទូទៅក្នុងសម័យបាយ័ន្ត (ចុងស.វ.ទី១២-ដើមស.វ.ទី១៣) ដែរ
រូបនេះមានភាពធ្មឹង ឯដងខ្លួនពុំស្រឡូនស្អាតដូចសម័យមុនៗនោះទេ ចំណែកជើងក៏ធំគម្រិងគម្រាំង។

រូបលេខ២

រូបលេខ៣

រូបលេខ៤

ពាក្យពន្យល់នៅខាងលើ បើសម្រួលមកបន្តិចទៀត គឺថាមួយចំហៀងជាព្រះឥសូរ ឯមួយចំហៀង
ទៀតជានាងបព៌តី ដែលជា «សក្ដិ» ហើយដែលគេសន្មតថាជាព្រះជាយានៃព្រះឥសូរ។ ជាទូទៅ​
គេតែងបង្ហាញព្រះអធ៌នារីស្វរដោយញែកបណ្តោយខ្លួនជាពីរ ៖ ខាងស្តាំជាភេទប្រុសដែលមាន
កាន់កេតនភណ្ឌសម្រាប់សម្គាល់ព្រះឥសូរ ឯខាងឆ្វេងវិញគេបង្ហាញលក្ខណៈជាស្រីតាមរយៈ
គ្រឿងលម្អផ្សេងៗ ជាពិសេសមានដោះមួយមូលក្បំ។ សាច់រឿងមានខុសៗគ្នា តែអាចពន្យល់
សង្ខេបមកថា ទាក់ទងនឹងស្នេហា, ការបង្កើតលោក, ភក្តីភាពចំពោះព្រះឥសូរ, ការប្រចណ្ឌនៃ
នាងបព៌តី ឬនាងឧមាជាដើម។ បើយកគម្ពីរមួយឈ្មោះថា «ឝិវបុរាណ» មកនិយាយគឺ ព្រះព្រហ្ម
ដែលជាអ្នកបង្កើតលោក ពុំបានបង្កើតអ្វីៗឲ្យចប់ចុងចប់ដើមឡើយ ដ្បិតព្រះអង្គបង្កើតតែសត្វ
លោកដែលជាបុរសប៉ុណ្ណោះ ហើយព្រះអង្គក៏ទៅសូមព្រះឥសូរឲ្យជួយបំពេញអ្វីដែលខ្វះខាត។
ព្រះឥសូរ​ក៏បង្ហាញលក្ខណៈស្រីនៅជាប់នឹងព្រះកាយព្រះអង្គចំហៀងខាងឆ្វេង ដែលជាចំណែក
នាងបព៌តី ឬនាងឧមា (និយាយម្យ៉ាងទៀតថា ជា «សក្តិ» ឬជាថាមពលភេទស្រីរបស់ព្រះអង្គ)
ដើម្បីឲ្យ​ព្រះព្រហ្មយល់ដំណើរនៃការបង្កើតសត្វលោក។ គម្ពីរខ្លះទៀតឲ្យមូលហេតុថា នាងឧមា
ដែលមានខ្លួនដាច់ពីព្រះឥសូរ ប្រចណ្ឌនឹងនាងគង្គា ដែលនៅជាប់នឹងផ្នួងសក់របស់ព្រះឥសូរតែ
ម្តង ដូច្នេះហើយក៏ទាមទារឲ្យខ្លួននាងជាប់នឹងព្រះកាយព្រះឥសូរតែម្តង។ តាមមើលទៅគំនិតជា
ចម្បងនោះគឺអ្វីៗទាល់តែមានគូ៖ ស្រី-ប្រុស, ញី-ឈ្មោល, លិង្ក-យោនី... ទើបមានភោគផលកើត
ឡើងបាន។ ដូចបាននិយាយនៅខាងលើហើយ ទេពអធ៌នារីស្វរនេះហាក់ដូចជាពុំមានប្រជាប្រិយ
ភាពប៉ុន្មានឡើយនៅប្រទេសកម្ពុជា។ ក្រៅពីរូបដែលមកពីប្រាសាទស្រងែ គេប្រទះឃើញរូបទេព
នេះតែ៨ទៀតប៉ុណ្ណោះ។ ឈ្មោះដែលហៅនេះទៀតសោតក៏ហៅសន្មតតាមឥណ្ឌាដែរ ឧទាហរណ៍៖

- សិលាចារឹកទួលគោកព្រះ (K.493, ពាក់កណ្តាលស.វ.ទី៧) ខេត្តព្រៃវែង និយាយពីទេពនេះថា
«ព្រះឥសូរមានព្រះកាយមួយចំហៀងជាព្រះកាយនាងឧមា»។

- សិលាចារឹកបន្ទាយស្រី (K.842, ស.វ.ទី១០) ខេត្តសៀមរាប និយាយថា «នាងឧមាមានព្រះ
កាយជាប់ស្និទ្ធនឹងព្រះឥសូរ»។ - សិលាចារឹកបក្សីចាំក្រុង (K.286, ស.វ.ទី១០) ខេត្តសៀមរាប
និយាយថា «ព្រះឥសូរនិងនាងឧមាមានព្រះកាយជាប់គ្នាតែមួយ»។

- សិលាចារឹកសង្កែកោង (K.232, ស.វ.ទី១០) និយាយថា «ព្រះឥសូរមានព្រះកាយរួមភេទជា
មួយនាងឧមា»។ - សិលាចារឹកប្រាសាទទរ (K.692, ស.វ.ទី១២) ខេត្តសៀមរាប ក៏និយាយដូច
គ្នាថា «ព្រះកាយនាងឧមាជាប់ជាមួយនឹងព្រះកាយព្រះឥសូរ»។