សិល្បៈដែលឆ្លងកាត់សម័យកាលនិងជាតិសាសន៍ 

ដោយ អាំង ជូលាន

នៅភូមិភាគកណ្ដាលនៃប្រទេសវៀតណាមបច្ចុប្បន្នមានខេត្តមួយឈ្មោះ Quang Ngai។ បើកុំគិតពីជាយសមុទ្រ ហើយយើងរំកិលចូលមកខាងលិចឲ្យកាន់តែជ្រៅរហូតដល់តំបន់ភ្នំនិងខ្ពង់រាបនោះគឺយើងនឹងចូលមកដល់ទឹកដីចាស់នៃជនជាតិភាគតិចមួយចំនួន។ ហេតុដូច្នេះហើយបានជានៅសារមន្ទីរខេត្តដែលស្ថិតនៅទីក្រុង Quang Ngai នោះមានវត្ថុមួយចំនួនធំដែលជាវត្ថុប្រើប្រាស់នៃជាតិពន្ធុទាំងនោះ។ នៅរូបលេខ១យើងឃើញពាងស្រា៤ដែលគេរៀបដង្ហែរគ្នា។ ពាងទី២រាប់ពីឆ្វេងទៅប្រហែលបានមកពីភូមិមួយនៃជនជាតិ Bahnar។ ចំពោះអ្នកដែលស្គាល់សិល្បៈខ្មែរបុរាណ វត្ថុនេះគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ (រូបលេខ២) ដ្បិតក្បូរក្បាច់រចនានៅលើនោះបង្ហាញពីឈុតទាក់ទងនឹងព្រះនារាយណ៍មួយដែលគេនិយមហៅថាកូសមុទ្រទឹកដោះ (សូមអានជំពូកលេខ៣, លេខរៀងទី៤៧ និងជំពូកលេខ៤, លេខរៀងទី២២និងទី៤៦)។ ប្រការដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺថាមិនមែនអ្នកផលិតពាងនោះគ្រាន់តែស្គាល់រឿងហើយគូសវាសលើពាងឲ្យចេញជាឈុតនោះប៉ុណ្ណោះទេ តែគឺថានេះជាការចម្លងទាំងស្រុងពីចម្លាក់ដែលមាននៅលើផ្ទាំងធំនៅអង្គរវត្ត ក្នុងរោងទងខាងកើត ចំហៀងខាងត្បូង។ សូមប្រៀបក្បាច់ពាងនេះទៅនឹងរូបលេខ៣-៤ដែលឆ្លាក់នៅអង្គរវត្ត។ យើងឃើញថានេះជាការចម្លងសុទ្ធសាធតែម្ដង។

យោបល់របស់ខ្ញុំគឺថាពាងស្រានេះពុំមែនកើតឡើងនៅស.វ.ទី១២ឬក្បែរៗជំនាន់អង្គរវត្តឡើយតែគឺគេផលិតនៅស.វ.ទី២០។ តាមខ្ញុំស្មានមើលទៅអ្នកផលិតនោះក៏ប្រហែលពុំមែនជាបុគ្គលម្នាក់នឹកឃើញផលិតពាងមួយពីរដោយស្រង់ក្បូរក្បាច់ពីអង្គរវត្តនោះក៏មិនមែនដែរ នេះប្រហែលជាសិប្បករដែលមានឡផលិតភាជន៍រកស៊ីខ្នាតធំមួយដែលនឹកឃើញធ្វើ ហើយធ្វើនោះទៀតសោតក៏ប្រហែលជាធ្វើម្តងច្រើន។ បើគិតថា ឧស្សាហករបារាំងម្នាក់ជំនាន់អាណានិគមបារាំងតាំងទីនៅប្រទេសអាណ្ណាមជំនាន់នោះជាអ្នកផ្ដួចផ្ដើមគំនិតផលិតក៏ប្រហែលជាស្មានដូច្នេះបាន។

ទោះជាស្មាននេះខុសឬត្រូវក៏គួរចាប់អារម្មណ៍ថាឈុតចម្លាក់ទេពកថាព្រះនារាយណ៍ដ៏ល្បីល្បាញនៅអង្គរវត្តហាក់ដូចជាហោះហើរមកជាប់លើពាងស្រាដែលជនជាតិ Bahnar ជាអ្នកភ្នំបើប្រាស់តាមទំនៀមរបស់គេ។

 រូបលេខ១

 រូបលេខ២

រូបលេ៣

 រូបលេខ៤