បែងអារឹស

ដោយ អាំង ជូលាន

ដោយសារខ្មែរតែងមានជំនឿទាក់ទងទៅលើការចាប់ជាតិ មនុស្សតែងតែយល់ថាកាលណាទារកមួយកើតមកនៅជាតិនេះ តាមពិតទៅពុំទាន់អស់និស្ស័យទាំងស្រុងពីជាតិមុនឡើយ។ ដូច្នេះហើយបានជាពិធីឆ្លងវ័យដែលទាក់ទងនឹងកំណើតមានឈ្មោះថា «កាត់សក់បង្កក់ឆ្មប»។ ពាក្យថាបង្កក់ឆ្មបងាយយល់ទេ គឺថាគេសម្អាតគាត់ឲ្យជ្រះស្អាតពីមន្ទិលដែលជាប់ប្រឡាក់ប្រឡូកដោយសារគាត់បានកាន់ពោះកាន់ពុងស្រីជាម្តាយកាលពេលដែលឆ្លងទន្លេ។ ពាក្យថាកាត់សក់ ជាពាក្យនិយាយកាត់ពីពាក្យថា «កាត់សក់ព្រៃ» ដូច្នេះហើយបានជាយើងឃើញឆ្មបឧបកិច្ចយកន្ត្រៃធ្វើជាកាត់សក់ឲ្យទារកនោះដាច់ចេញពីវិស័យព្រៃ។ រីឯវិស័យព្រៃនោះគឺសម្តៅទៅលើវិស័យអមនុស្ស ពោលគឺនិយាយពីជាតិមុន មានន័យថាគេផ្តាច់ទារកដែលសព្វថ្ងៃនេះមានម្តាយថ្មីឲ្យផុតពីម្តាយដែលមានកាលពីជាតិមុន ហើយដែលហៅថា «ម្តាយដើម»។ គេជឿថាម្តាយដើម ដោយស្រណោះអាឡោះអាល័យកូនខ្លួនតែងតែរកមធ្យោបាយធ្វើយ៉ាងណាដើម្បីយកទៅនៅជាមួយខ្លួនវិញ។ បើមើលពីទស្សនៈមនុស្ស គឺថាធ្វើយ៉ាងណាឲ្យកូននោះស្លាប់ដើម្បីយកទៅនៅស្ថានខ្លួន។ គេតែងសង្កេតឃើញថាទារកដែលនៅក្មេងខ្ចី ជួនកាលញញឹមនៅពេលដែលវាកំពុងដេកលក់។ នៅពេលនោះគេយល់ថាម្តាយដើមមកលេងប្រឡែងជាមួយនឹងវា។

ករណីដែលខ្ញុំនឹងលើកយកមកបង្ហាញនេះកើតឡើងនៅជនបទតំបន់អង្គរ។ មានក្មេងម្នាក់អាយុ១៥ខែ (រូបលេខ១) នៅពេលយប់ឡើងឧស្សាហ៍ស្រែកហើយកន្ត្រាក់ដៃជើង ហាក់ដូចជាភ័យនឹងអ្វីមួយ។ ប្រការនេះកើតឡើងបីយប់ជាប់គ្នា។ គេក៏ទៅរកលោកយាយម្នាក់ជាមេមត់រស់នៅភូមិជាមួយគ្នា ហើយចូលរូបដើម្បីរកហេតុ។ រកទៅក៏ពុំឃើញថាមានក្មេងប្រុសស្រីខូចប្រឡូចនឹងគ្នានៅក្នុងគ្រួសារនោះឡើយ ដូច្នេះហេតុនៅសល់តែមួយទៀតទេ គឺថាម្តាយដើមក្មេងនោះមកលេងនឹងវា ឬក៏មានបំណងយកវាទៅភពខ្លួនវិញផង។ នៅរូបលេខ២យើងឃើញគេធ្វើពិធីបញ្ជាន់នៅទីមួយដែលគួរឲ្យចាប់អារម្មណ៍ គឺថានៅច្រកចូលភូមិផ្ទះ ចំខ្សែបន្ទាត់របងដែលញែកវិស័យផ្ទះសម្បែងឲ្យដាច់ពីទីក្រៅ។ ក្រមាដែលគេអង្គុយកាន់បាំងពីក្រោយខ្នងយាយនោះបង្ហាញថាគេផ្តាច់ទារកពីម្តាយដើមវា ព្រោះវានៅក្រោយក្រមានោះ ហើយយាយមេមត់ដែលកំពុងចូលនោះចាត់ទុកថាជាម្តាយដើម។ យើងសង្កេតឃើញទៀតថាមានជមសម្រាប់មេមត់នៅមុខនោះ ឯនៅប៉ែកខាងស្តាំរូបមានសំណែនជាអាហារសម្រាប់ម្តាយដើម ហើយពុំតែប៉ុណ្ណោះមានក្រមាក្រហមមួយដែលគេចងធ្វើជាអង្រឹង ហើយក្នុងនោះមានកំណាត់ចេកដែលគេសន្មត់ថាជាទារកពីជាតិមុន។

 រូបលេខ១

 រូបលេខ២

 រូបលេខ៣

 រូបលេខ៤

 រូបលេខ៥

 រូបលេខ៦

 រូបលេខ៧

 រូបលេខ៨

ជាមួយគ្នានោះគេលើកយកថាសអាហារសំណែនហើយធាក់ត្បាល់ដែលដាក់កល់ពីក្រោមឲ្យរមៀលដេកដួល (រូបលេខ៩) ទើបគេយកទាំងសំណែនទាំងអង្រឹងទារកខ្មោចទៅចោលម្ខាងផ្លូវមុខផ្ទះ (រូប លេខ១០)។ រួចហើយគេក៏ផ្តើមធ្វើកិច្ចហៅព្រលឹងឲ្យក្មេងមនុស្សម្តង។ នៅរូបលេខ១១-១៣ គេយកគ្រាប់អង្ករ, អំបោះឆៅ មកឲ្យយាយមត់រុំវេញដើម្បីយកទៅចងដៃក្មេងនោះ ដោយសន្មត់ថា «ព្រលឹងព្រលះប្រាំបួនដណ្តប់សព្វគ្រប់មកគង់នឹងរូប» វិញហើយ (រូបលេខ១៤)។ ពេលដែលកំពុងចងនោះគេនិយាយ អើងកងហៅព្រលឹងក្មេងតាមពាក្យដែលម្នាក់ៗនឹកឃើញ តែដែលមានសេចក្តីប្រហាក់ប្រហែលគ្នាដូចជាថា «ព្រលឹងអើយមកផ្ទះយើងវិញ ផ្ទះយើងធំស្រណុំស្រណុក ស៊ីបាយស៊ីអំបុក ស៊ីចេកស៊ីដំឡូង…» ជាដើម។

រូបលេខ៩

រូបលេខ១០

រូបលេខ១១

 រូបលេខ១២

 រូបលេខ១៣

 រូបលេខ១៤

ពិធីដែលសង្ខេបមកនេះហៅថា «បែងអារឹស» មានន័យថាបំបែកឬផ្តាច់អារឹសឲ្យចេញពីខ្លួន។ វចនានុក្រមសំស្ក្រឹតដែលខ្ញុំស្គាល់ពុំឃើញមានពន្យល់ពាក្យ «អរិស» ឬ «អារឹស» ទេ ប៉ុន្តែបើតាមវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត ពាក្យនេះមានន័យថារោគជម្ងឺ ដោយបន្ថែមដូចយើងធ្លាប់ដឹងថានិយាយពីម្តាយដែលកូនមិនគង់ កើតមកចេះតែស្លាប់ទៅវិញ ហើយហៅថា «អារឹសកូន»។