បែនស្រូវ

ដោយ អាំង ជូលាន 


ប៉ុន្មានឆ្នាំមកនេះ យើងឃើញថាចាប់ផ្ដើមមានម៉ាស៊ីនបោកស្រូវនៅតាមស្រែក្នុងខេត្តនានាជាបណ្ដើរៗហើយ (រូបលេខ១)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការបោក, បែន ឬបញ្ជាន់ស្រូវដោយសត្វនៅតែមាននៅឡើយ គ្រាន់តែត្រូវមានមនុស្សច្រើននាក់ឬក៏គោក្របីច្រើននឹម កាលណាទំហំស្រូវនោះច្រើន។ ដោយសារការយកដៃគ្នា (ឬហៅថាប្រវាស់ដៃ) កាន់តែខ្សោយថយចុះនៅសម័យនេះ ម្ចាស់ស្រែតែងជួលព្រមទាំងឲ្យបាយទឹកដល់អ្នកក្រៅឬអ្នកជិតខាងដែលមកធ្វើនោះ។

ក្នុងការប្រើកម្លាំងមនុស្សដើម្បីយកគ្រាប់ឲ្យចេញពីកួរស្រូវ ការ «បោក» ប្រហៃលជាមានញឹកញាប់ជាងគេ (រូបលេខ២)។ ឧបករណ៍ដែលយកមកប្រើជាវត្ថុសាមញ្ញទេ គឺថាត្រូវមានតម្បៀតឬអ្នកខ្លះហៅថាកំនៀប (រូបលេខ៣) ដើម្បីយកមកត្បៀតឬកៀបស្រូវម្តងពីរកណ្តាប់ជាដើម (រូបលេខ៤) ហើយទើបយកទៅបោកលើក្តារមួយបន្ទះដែលគេដាក់ឲ្យទ្រេតមករកអ្នកបោកនោះ (រូបលេខ៥)។

បច្ចេកទេសម្យ៉ាងទៀតគឺផ្តាច់គ្រាប់ឲ្យចេញពីកួរ ហៅថា «បែន»។ គេច្រើនតែបែនស្រូវពីរកណ្ដាប់ម្តងដូចគ្នាដែរ (រូបលេខ៦)។ បើបរិមាណស្រូវដែលត្រូវបែននោះធំ គឺទាល់តែមានគ្នាច្រើននាក់ ដ្បិតការនេះយឺតជាងបោក។ តែបើនិយាយពីកម្លាំងកាយដែលត្រូវបញ្ចេញវិញហាក់ដូចជាស្រាលជាងការបោកបន្តិច ដ្បិតជើងដែលយកទៅជាន់បន្ដាច់គ្រាប់ស្រូវនោះប្រើដោយយកទម្ងន់ខ្លួនដែលមានស្រាប់មក សង្កត់ពីលើ។ ការបែនគ្នាច្រើនតែងតម្រូវឲ្យម្នាក់ៗមានច្រត់កាន់ទប់ខ្លួន ឬមួយក៏គេបោះបង្គោលពីរ ដាច់ស្រឡះពីគ្នា ហើយយកឈើអ្វីមួយមកពាក់ឬចងឲ្យជាប់ដើម្បីទប់ខ្លួននៅពេលបែន ព្រោះពេលនោះខ្លួនតែងវិលទៅមកតិចៗ មិនដែលនៅនឹងឡើយ។ បើបែនជាក្រុមពេលយប់ គេមិនត្រូវការជម្រកអ្វីឡើយគឺត្រូវការតែពន្លឺអ្វីមកបំភ្លឺប៉ុណ្ណោះ។ តែបើបែននៅពេលថ្ងៃគឺគេតែងតែធ្វើជាដំបូលបណ្ដោះអាសន្នអ្វីមួយដើម្បីបាំងអ្នកបែនកុំឲ្យត្រូវកម្ដៅថ្ងៃ។

នៅរូបលេខ៧ដែលមានកុនភ្ជាប់មកជាមួយផងនេះ គេឃើញស្រីម្នាក់មានចំណាស់បន្តិចបែនស្រូវតែម្នាក់ឯងនៅក្រោមផ្ទះ។ គាត់ធ្វើដូច្នេះបានក៏ដោយសារថាការនេះជាការធ្វើបណ្ដើរៗដោយមិនបង្ខំឲ្យចប់តែក្នុងមួយថ្ងៃ ដ្បិតស្រូវដែលយកបានមកពីច្រូត គឺយកមកម្តងបន្តិចៗ ហើយមួយវិញទៀតស្រែរបស់គាត់មានទំហំតូចប៉ុណ្ណោះ។

សូមចូលមើលកុនខ្លីដែលភ្ជាប់មកជាមួយនេះ។

   

រូបលេខ១

រូបលេខ២

រូបលេខ៣

 

រូបលេខ៤

រូបលេខ៥

រូបលេខ៦

 

រូបលេខ៧