«អុំខ្ទះក្នុងបឹង»

ដោយ  អាំង ជូលាន

មានចម្រៀងរាំវង់មួយដែលនរណាក៏ស្គាល់ដែរ ហើយដែលមានចំណងជើងថា «អុំទូកក្នុងបឹង»។ ទំនុកដែលចាប់ផ្តើមនោះពោលថា ៖

អុំទូក (២ដង) ក្នុងបឹង ​               ​​ឱកែវព្រលឹងមើលផ្កាព្រលិត

​​​​​​                                               ​ (…)

កន្លែងដែលខ្ញុំនឹងលើកយកមកនិយាយនេះពុំមែនចំជាបឹងទេ ហើយទំហំទឹកក៏មិនជាធំប៉ុន្មានដែរ។ តាមពិតទៅខ្មែរបុរាណ (ប្រហែលជានៅចុងស.វ.ទី១០) មានលើកផ្លូវវែងមួយខ្សែ រត់ពីលិចទៅកើត ដើម្បីភ្ជាប់ប៉ែកកណ្តាលនៃអង្គរទៅដល់ប្រាសាទចៅស្រីវិបុល។ ដើម្បីលើកឲ្យកើតជាផ្លូវនោះ គេជីកដីនៅគែមខាងជើងថ្នល់ដែលលើកនោះតែម្តង ដូច្នោះហើយខ្សែបណ្តោយដែលជីក ក៏កើតទៅជាប្រឡាយយ៉ាងវែងស្របតាមថ្នល់នោះដែរ។ នាបច្ចុប្បន្ន ប្រឡាយនេះដាច់នៅច្រើនអន្លើដោយមានផ្លូវកាត់ទទឹងផ្សេងៗដែលគេលើកដើម្បីចូលទៅលំនៅស្ថានខ្លះៗឬទៅស្រែផង។ ដូច្នេះហៅថាប្រឡាយឲ្យច្បាស់ដូចនៅសម័យដើមក៏មិនត្រូវចំដែរ។ នៅរដូវប្រាំង កំណាត់ប្រឡាយទាំងនោះច្រើនតែគោកស្ងួតដោយសារដីកកជាគំនរជាយូរមកហើយ តែបើនៅរដូវវស្សាវិញ កំណាត់ទាំងនោះ តែងមានទឹករាក់ឬជ្រៅ។ ដែលហៅថាជ្រៅនោះ ជាធម្មតាច្រើនប្រមាណកំពស់មនុស្ស។ គេតែងឃើញមានរុក្ខជាតិទឹកផ្សេងៗ ហើយក្នុងនោះច្រើនសម្បូណ៌ទៅដោយពពួកព្រលិត ជាពិសេសព្រលិតអាចម៍មាន់និងរំចង់។

អ្នកស្រុកនៅទីនេះមិនដែលមានទូកប្រើឡើយ ដ្បិតទីដែលមានទឹកខ្លះគឺមានតែខែវស្សាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុនេះបើចង់បេះរុក្ខជាតិទឹកដូចជាព្រលិតជាដើម គេលុយទឹកចុះទៅដក ប្រសិនបើនៅទឹករាក់ តែបើទៅបេះព្រលិតនៅផ្នែកកណ្តាលផ្ទៃទឹក គេមិនអាចធ្វើរបៀបនោះបានឡើយ ព្រោះការដកព្រលិតតម្រូវឲ្យមានជំហរខ្ពស់ដោយសារត្រូវដកកន្ត្រាក់ត្រង់ទៅលើ។ ដូច្នេះទាល់តែជិះអ្វីមួយ។

ខ្ញុំបានឃើញថាអ្នកខ្លះយកខ្ទះដែលកូរទឹកត្នោតធ្វើស្ករមកប្រើជំនួសទូក។ តាមពិតទៅប្រការនេះចម្លែកចំពោះតែអ្នកក្រៅដូចខ្ញុំនេះឯងដែលពុំធ្លាប់ឃើញ ចំណែកឯអ្នកស្រុកវិញនេះជារឿងធម្មតា។ យើងគិតបន្តិចទៅឃើញហើយថាមនុស្សធំម្នាក់ដែលអង្គុយលើខ្ទះត្នោត បើមិនប្រសប់ឬក៏ធ្វេសប្រហែសបន្តិចនឹងឃ្លោងលិចជាមិនខាន ហើយច្រើនតែមនុស្សស្រីដែលពូកែអង្គុយនៅនឹងដោយយកដៃទាំងពីរកាយទឹកហាក់ដូចជាគេអុំទូកដែរ។ យ៉ាងណាក៏ដោយពេលចេញដំណើរទាល់តែមានមនុស្សម្នាក់ទៀតជួយរុញឲ្យទៅមុខសិនពីដីគោកទៅ ដ្បិតអ្នកជិះមិនអាចឡើងទៅជិះខ្ទះដែលនៅក្នុងទឹកស្រាប់ដោយមិនឲ្យខ្ទះឃ្លោងបានឡើយ (រូបលេខ១)។ លុះជួយរុញផុតពីទីគោកបន្តិចទៅទើបអ្នកជិះនោះរកលំនឹងខ្លួនឯងបានហើយយកដៃកាយទឹកឲ្យស្មើគ្នា (រូបលេខ២)។ ទៅដល់ផុតពីនោះបន្តិចទើបបានព្រលិតដែលមានទងវែងស្មើកំពស់មនុស្ស (រូបលេខ៣-៦)។

បច្ចេកទេសនេះ តាមស្មានមើលប្រហែលជាមិនមានទូទៅសព្វទិសទីឡើយ ណាមួយទៀតមកទល់ពេលនេះដូចជាពុំដែលទាន់ឮមានចម្រៀងណាថា «អុំខ្ទះក្នុងបឹង»។

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦