ចតុមុខ

ដោយ អាំង ជូលាន

នៅក្នុងអារ្យធម៌ខ្មែរ ចំណុចប្រសព្វមុខនៃផ្លូវពីរខ្វែងគ្នាតែងតែមានសារសំខាន់នៅក្នុងជំនឿ។ កិច្ចពិធី
ច្រើនណាស់ដែលទាក់ទងនឹងប្រការនេះ ហើយខ្ញុំសូមជូនឧទាហរណ៍យ៉ាងសាមញ្ញខ្លះៗដូចតទៅ៖
         - ដែលឃើញញឹកញាប់ជាងគេនោះគឺ ការយកពែទៅចោលនៅផ្លូវបំបែក។
         - នៅជនបទ ក្នុងកិច្ចហែសពយកទៅបូជា ជួនកាលនៅចំណុចផ្លូវខ្វែងណាមួយ គេយកក្អម
           ដែលមានទឹកក្នុងនោះទម្លាក់ពីដៃដើម្បីឲ្យក្អមនោះបែក ដើម្បីឲ្យទឹកខ្ចាយបែកខ្ញែកគ្នា។
         - ក្នុងករណី «អរឹសកូន» ពោលគឺកូនដែលកើតមកច្រើនតែពុំគង់ លុះមានកូនក្រោយមក
នៅពេលដែលវាមានវ័យខ្ចីនៅឡើយ គេឧបកិច្ចយកវាមកបំបរបង់ចោលនៅផ្លូវបំបែក ហើយពេល
នោះឲ្យនរណាម្នាក់ជាសង្ឃក៏បាន ជាគ្រហស្ថក៏បាន ធ្វើជាដើរមកប្រទះឃើញហើយក៏ភ្ញាក់ផ្អើល
ទើបរើសយកមកចិញ្ចឹម។ ប៉ុន្តែដោយខ្លួនគ្មានលទ្ធភាពក្នុងការចិញ្ចឹមនោះ អ្នករើសបានក៏ធ្វើជាយក
មកផ្ញើឲ្យម្តាយពិតប្រាកដនោះចិញ្ចឹមជំនួស។ ឬមួយក៏មានកូនដែលនៅវ័យខ្ចី ហើយកូននោះចេះ
តែឈឺមិនស្រាកស្រាន ក៏គេធ្វើកិច្ចដូចគ្នានេះ។ 

ឧទាហរណ៍ទាំងបីនេះបង្ហាញថា គំនិតជាមូលដ្ឋានដែលនៅពីក្រោយនោះ គឺ «វង្វេង» ឬ «ធ្វើឲ្យ
វង្វេង»។ ក្នុងករណីទីមួយ គឺបញ្ចៀសខ្មោចចង្រៃដែលដើរស្រង់អាហារឲ្យទៅតាមពែ ហើយវង្វេង
នៅផ្លូវបំបែក លែងមករកកន្លែងធ្វើពិធីឃើញទៀត។ ក្នុងករណីទីពីរ ក្អមដែលបែកហៀរទឹកខ្ចាត់
ខ្ចាយនោះ ធ្វើឲ្យសពដែលស្លាប់ទៅវង្វេង លែងត្រឡប់មករកផ្ទះវិញឃើញ ហើយមិនអាចបង្កទុក្ខ
ដល់អ្នករស់។ ករណីទីបី បញ្ជាក់ថា លុះយកក្មេងទៅដាក់នៅផ្លូវបំបែកដូច្នោះហើយ «ម្តាយដើម»
ពោលគឺខ្មោចម្តាយរបស់វាពីជាតិមុន វង្វេង មិនអាចតាមវាមកដល់ផ្ទះទៀតបាន។

ក្រៅពីគំនិតថាវង្វេង ក៏សារសំខាន់ផ្សេងពីនោះនៅតែមានចំពោះអ្វីដែលជាទីប្រសព្វមុខ។ បើយក
ឧទាហរណ៍ស្តែងបំផុតមកនិយាយ គឺទីតាំងនៃក្រុងភ្នំពេញតែម្តង។ ដោយសារខ្សែផ្លូវទឹកធំៗពីរជួប
ប្រសព្វគ្នាហើយ បានជាកើតរឿងដំណាលនិយាយពីកំណើតទីក្រុងនេះ ហើយថែមទាំងមានចុះក្នុង
ព្រះរាជពង្សាវតារទៀតផង។ រឿងនោះសង្ខេបយ៉ាងខ្លីមកគឺ មានប្រតិមាមួយអង្គហូរអណ្ដែតតាម
ទឹកទន្លេធំមកពីទីឆ្ងាយនៅខាងជើង លុះមកដល់ទីប្រសព្វមុខកាត់គ្នានឹងដៃទន្លេសាប ក៏ស្រាប់តែ
ទុចង៉ក់លែងទៅមុខទៀត។ ប្រតិមានោះមានមុខ៤ (ច្បាប់ខ្លះបញ្ជាក់ថា ជាព្រះពុទ្ធមានមុខ៤ ប៉ុន្តែជា
ទូទៅមិនបញ្ជាក់ថាជាអង្គទេពណាច្បាស់ឡើយ)។ ដូនពេញដែលជាពុទ្ធសាសនិកដ៏ជ្រះថ្លាម្នាក់ឃើញ
ដូច្នោះហើយ ក៏ទៅយកប្រតិមានោះមកច្រាំង ហើយកៀងគរប្រមូលគ្នាពូនដីសាងជាភ្នំមួយនៅមុខទី
នោះ ដែលសព្វថ្ងៃយើងហៅថាវត្តភ្នំ។ មនុស្សម្នាក៏កាន់តែមករស់នៅរាយសាយជុំវិញនោះរហូតដល់
កើតទៅជារាជធានីមួយ ដែលគេឲ្យនាមថា «ចតុមុខ»។ 

ទីនេះខ្ញុំសូមបើកវង់ក្រចកមួយភ្លែត។ បារាំងសេស ពេលដែលមកត្រួតត្រាធ្វើជាអាណាព្យាបាល
លើកម្ពុជា ហៅទីប្រសព្វទន្លេទាំងពីរថា «ដៃបួន» (les Quatre Bras)។ ពាក្យនេះសំដៅទៅផ្នែក
ផ្លូវទឹកទាំង៤ដែលបែកចេញពីចំណុចប្រសព្វគ្នា ហើយជំនាន់នោះបារាំងមិនបានដឹង ឬចាប់
អារម្មណ៍អំពីប្រតិមាដែលមានមុខបួននោះទេ។ ដូច្នេះនេះជារឿងពីរដាច់គ្នា គឺដៃបួន និយាយពីផ្លូវ
ទឹក រីឯមុខបួន ឬបួនមុខ និយាយពីប្រតិមា។ ការដែលសព្វថ្ងៃមានអ្នកខ្លះច្រឡំ ឬក៏មានការច្របូក
ច្របល់ក្នុងរឿងពីរនេះ តាមពិតទៅក៏យើងត្រូវទទួលស្គាល់ថា មិនមែនជាការចៃដន្យទេដែលគេថា
ប្រតិមាមុខបួនហូរមកទុចឈប់ត្រង់ទីនោះ ដ្បិតក្នុងជំនឿ ផ្លូវបំបែក ឬទីប្រសព្វមុនតែងតែមាន
លក្ខណៈពិសេសណាមួយយ៉ាងដូច្នេះឯង។

ឈ្មោះពេញលេញនៃរាជធានីភ្នំពេញវែងណាស់ ហើយតែងខុសគ្នាបន្តិចបន្តួចក្នុងសំណេរ ពីច្បាប់
មួយទៅច្បាប់មួយ និងពីសម័យកាលមួយទៅសម័យកាលមួយ។ នេះជាឧទាហរណ៍មួយ ៖ ចតុមុខ
មង្គល សកល កម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជសីមា មហានគរ
។ 

អ្នកដែលមិនគិតវែងឆ្ងាយយល់ថា គំនិតអំពីចតុមុខនេះកើតឡើងដោយសារក្រុងភ្នំពេញ មានន័យថា
កើតឡើងនៅស.វ.ទី១៥ប៉ុណ្ណោះ។ ខ្ញុំនឹងបង្ហាញថា មានមកពីយូរយារមុននោះ ហើយភស្តុតាងជាក់
ច្បាស់លេច ធ្លោរឡើងយ៉ាងឆាប់ណាស់ក៏នៅស.វ.ទី១១ដែរ។ តែមុននឹងទៅដល់នោះ ខ្ញុំសូមនិយាយ
ពីចំនួនបួនសិន។ ក្នុងភាសានិងគំនិតខ្មែរ តួលេខ៤ ហាក់ដូចជាសំខាន់ប្លែកពីគេ៖ ចំនួនបួន មានពាក្យ
ម្យ៉ាងទៀតថា «មួយដំប», សែសិប ដែលជាបួនគុននឹងដប់ ហៅថា «មួយផ្លូន», បួនរយ ហៅថា «មួយ
ស្លឹក», បួនពាន់ ហៅថា «មួយខ្នាញ» (ពាក្យបុរាណខាងក្រោយនេះ សព្វថ្ងៃបាត់បង់លែងប្រើហើយ)។
ចំនួន៤ដដែលនេះក៏ជាមូលដ្ឋាននៃការកម្រិតថ្នាក់ ឬបុណ្យសក្តិដែរនាសម័យបុរាណ ដែលរាយពីលើ
មកក្រោមគឺ៖ ឯក, ទោ, ត្រិនី, ចត្វារី ដែលសិលាចារឹកបង្ហាញថា ជាថ្នាក់នៃ សភាបតិ និង តំរ្វច ជា
ដើម។ បើម្យ៉ាងទៀត គឺមិនឃើញច្បាស់ថារៀបចំជាថ្នាក់ ឬសក្តិប្រាកដទេ តែជាក្រុមមុខការដែលមាន
សមាជិកបួននាក់ដែរ ដូចជា ចតុយ៌ាចារ្យ (អាចារ្យបួន)។ សូម្បីតែសព្វថ្ងៃនេះក៏ចំនួនបួននៅក្នុងកិច្ច
ពិធីក៏នៅតែសំខាន់ខ្លាំង បើក្នុងពិធីបូជាសពផងកាន់តែច្បាស់លើសគេលើសឯងទៅទៀត យកតែ
ករណីភ្លុកដែលធ្វើកិច្ចក្រោមការដឹកនាំនៃយោគី ក៏ឃើញថាមានបួនដែរ។ នេះពុំនិយាយពី ចតុស្តម្ភ
ដែលគេនិយាយថាជាមន្ត្រីធំ៤នាក់នៅសម័យកណ្តាល ឬក៏ទំនៀមជាទ្រឹស្តីថា ចតុរង្គសេនា ផង។

នៅទីនេះខ្ញុំសូមយកសម្រង់ខ្លីពីសិលាចារឹកពីរមកបង្ហាញ ៖

         - សិលាចារឹកសំរោង (K. 1198)៖ 

៩៣៦ឝក បញ្ចមិ កេត មាគ៌្គឝិរ វុធវារ នុ ធូលិ វ្រះ បាទ កំម្រតេង កំត្វន អញ ឝ្រី សូយ៌្យវម៌្មទេវ ស្តាច វ្រះ ចតុម៌្មុខ វ្រះ ឝិលតតាក វ្រះ ឝ្រី ជយេន្ទ្រនគិរិ (...)។ 

ប្រែសម្រួល ៖ 

«នៅឆ្នាំ៩៣៦ ថ្ងៃទី៥កើត ខែមិគសិរ ថ្ងៃពុធ ព្រះបាទ ស្រីសូរ្យវម៌ គង់នៅ ព្រះចតុមុខ 
ព្រះសិលាតដាក ព្រះស្រីជយេន្ទ្រនគីរី (...)»។ 

នៅត្រង់នេះគេអាចគិតថា «ព្រះស្រីជយេន្ទ្រនគរី» (រូបលេខ១) ជាឈ្មោះរាជធានី (នគរី) ប៉ុន្តែនៅ
សិលាចារឹកដដែលនេះ ត្រង់បន្ទាត់ផ្សេងទៀតមានសរសេរជា វ្រះឝ្រីជយេន្ទ្រនគិរិ (រូបលេខ២) ដែល
ឲ្យយើងគិតថា ពាក្យ គិរិ នៅខាងចុងដែលធម្មតាប្រែថា «ភ្នំ» សំដៅលើអាគារណាមួយនៅក្នុងព្រះ
រាជវាំងដ្បិតពាក្យបុរាណថា វ្នំ  អាចសំដៅលើសំណង់អ្វីមួយដែលមានលក្ខណៈជាប្រាសាទដែរ។
ម្យ៉ាងវិញទៀត នៅសិលាចារឹកផ្សេងពីនោះ ដូចជាសិលាចារឹកប្រាសាទគោកពោធិ៍ (K. 255) យើង
ឃើញមានពាក្យនៅលើថ្មបែកដោយអន្លើថា មន្ទិ... ឝ្រីជយេន្ទ្រនគិរិ (រូបលេខ៣) ដែលយើងអាច
បំពេញមកជា មន្ទិរវ្រះឝ្រីជយេន្ទ្រនគិរិ  ពោលគឺ «មន្ទីរព្រះស្រីជយេន្ទ្រគិរី»។ ដូច្នេះឃើញច្បាស់ហើយ
ថាពាក្យឝ្រីជយេន្ទ្រនគិរិ   សំដៅលើអាគារអ្វីមួយក្នុងព្រះរាជវាំងពិតប្រាកដ មិនមែនសំដៅរាជធានី
ទេ។សូមជ្រាបថា នៅសម័យបុរាណគេប្រើពាក្យ «មន្ទីរ» ចំពោះតែសំណង់ក្នុងព្រះរាជវាំងប៉ុណ្ណោះ។

រូបលេខ១

រូបលេខ២

រូបលេខ៣

         - បើមើលសិលាចារឹកប្រាសាទស្រងែ (K. 933) គឺកាន់តែច្បាស់ទៅទៀត ៖

៩៣៤ ឝក បញ្ចមី កេត ផាល្គុណ ឝុក្រវារ ក្ឫតិកានក្ឞត្រ នុ ធូលិ វ្រះ បាទ កំម្រតេង
កំត្វន អញ ឝ្រី សូយ៌វម៌្មទេវ ស្តច វ្រះ ចតុទ៌្វារ វ្រះ យឝោធរបុរី (...)។

ប្រែសម្រួល ៖

«នៅឆ្នាំ៩៣៤ ថ្ងៃទី៥កើត ខែផល្គុន ថ្ងៃសុក្រ នក្សត្រឈ្មោះក្រិតិកា ព្រះបាទស្រីសូរ្យវម៌ គង់នៅ
ព្រះចតុទ្វារ នៃព្រះស្រីយសោធរបុរី (...)»។

ចំណុចសំខាន់នៅត្រង់នេះគឺ អក្សរថ្មទាំងពីរនេះចារឡើងនៅក្រោមរាជ្យព្រះរាជាតែមួយ ពោលគឺ
ព្រះបាទសូរ្យវរ្ម័នទី១ ហើយឃ្លាតពេលគ្នាតែពីរឆ្នាំប៉ុណ្ណោះ បើគិតជាគ្រិស្តសករាជ្យ គឺមួយនៅគ.ស.
១០១៤ និងមួយទៀតនៅគ.ស.១០១២។រីឯរាជធានីគឺ «យសោធរ» ដូចឃើញស្រាប់។ ក្នុងសិលា
ចារឹកប្រាសាទស្រងែនេះ ពាក្យថា «ព្រះចតុទ្វារ» ប្រហែលជាឈ្មោះព្រះរាជវាំងដែលស្ថិតនៅក្នុងក្រុង
ស្រីយសោធរ(ឈ្មោះរាជធានីអង្គរជំនាន់នោះ)។ បើមើលមកសិលាចារឹកសំរោងវិញ យើងមានស្លាក
ស្នាមនៅលើតែពាក្យមួយទេ ដែលធ្វើឲ្យគិតថាទីទាំងមូលនោះជាព្រះរាជវាំង ព្រោះឃើញឈ្មោះ «ព្រះ
សិលាតដាក» (រូបលេខ៤) ដែលអ្នកស្រាវជ្រាវច្រើនយល់ថា ជាឈ្មោះ «ស្រះស្រី» ដែលនៅកៀក
មុមឦសាននៃអតីតព្រះបរមរាជវាំងអង្គរធំ។ យើងពុំដឹងថា «ព្រះស្រីជយេន្ទ្រនគរី» សំដៅលើអ្វីប្រាកដ
ទេ ប៉ុន្តែដោយសារមាននិយាយពីស្រះស្រី យើងអាចគិតថាឈ្មោះ «ចតុមុខ» (នៅរូបលេខ៥ អ្នកចារ
ភ្លេចស្រៈ «ុ» មួយកន្លែង បើនៅរូបលេខ៦ ទើបចារត្រឹមត្រូវ) សំដៅអាគារណាមួយក្នុងព្រះរាជវាំង។

រូបលេខ៤

រូបលេខ៥

រូបលេខ៦

យ៉ាងណាក៏ដោយ ប្រការនេះបង្ហាញច្បាស់ថាពាក្យ «ចតុមុខ» ព្រមទាំងន័យដែលនៅពីក្រោយនោះ ពុំ
មែនកើតឡើងដោយសារក្រុងភ្នំពេញទេ តែគឺមានមកយ៉ាងហោចណាស់ពីស.វ.ទី១១។ នេះបើនិយាយ
ពីភស្តុតាងជាក់ច្បាស់ តាមពិតទៅយើងអាចស្មានថា មានមុននោះទៅទៀតឆ្ងាយ។ ឥឡូវចូរយើង
ក្រឡេកមក ព្រះបរមរាជវាំងនៅទីក្រុងភ្នំពេញសព្វថ្ងៃវិញ។ សំណង់ជាទីសក្ការៈបំផុតក្នុងចំណោម
អាគារទាំងអស់ គឺព្រះទីនាំងទេវាវិនិច្ឆ័យ (រូបលេខ៧)។ ខ្ញុំពុំបកស្រាយរកន័យអ្វីវែងឆ្ងាយអំពីរឿងនេះ
ទេ គ្រាន់តែមើលឃើញដូចគេឯងថា មានរូបមុខ៤នៅលើកំពូល (រូបលេខ៨)។ បើថយក្រោយពីនោះ
បន្តិច យើងឃើញចម្លាក់នៅស.វ.ទី១៦ដែលបង្ហាញពីព្រះពុទ្ធអង្គកាលគង់នៅជាក្សត្រពុំទាន់ចេញទៅ
សាងព្រះផ្នួស (រូបលេខ៩)។ យើងឃើញថា ព្រះអង្គទំនងជាគង់នៅព្រះមន្ទីរណាមួយនៃព្រះរាជវាំង
ហើយអាគារនោះមានមុខបួននៅលើកំពូលដែរ។

រូបលេខ៧

រូបលេខ៨

រូបលេខ៩