ចោលដឹងទាំងដង 

ដោយ អាំង ជូលាន    

ក្នុងភាសាខែ្មរមានពាក្យថា «និយាយដូចគេចោលដឹងទាំងដង»។ ឯន័យនោះ នរណា ក៏យល់ដែរ
ថាជាសំដីគំរោះគំរើយ, គ្មានការគួរសម, មិនទាន់ភ្លន់ជាដើម។ តែបើឲ្យពន្យល់ថាហេតុម្តេចបាន
ជាគេយកឧបករណ៍កាប់ឬចាំងឈើ ហៅថា «ដឹង» មកឲ្យទាក់ទងនឹងសម្តីមនុស្សវិញ ប្រហែល
ជាអ្នកខ្លះក៏មិនអាចពន្យល់ដែរ ជាពិសេសអ្នកក្រុងដែលពុំសូវស្គាល់ជនបទ។ 

ដឹងជាឧបករណ៍ដែលគេប្រើសម្រាប់កាប់ពន្លំដើមឈើទាំងមូលផង ប្រើសម្រាប់ចាំងឈើហ៊ុបធ្វើ
ជាសសរឬលុងឈើធ្វើទូកជាដើម។ ប្រភេទធំនោះមានពីរ គឺម៉្យាងហៅថា “ដឹងស្លាប” ឯម៉្យាង
ទៀតហៅថា «ដឹងចាំង»។ នៅរូបលេខ ១-៣ យើងឃើញគេចាំងឈើធ្វើសសរផ្ទះ។ ឯនៅរូប
លេខ ៤-៧ គឺគេកំពុងលុងដើមគគីរមួយទាំងមូលធ្វើទូកប្រណាំង។ នៅរូបទាំងប៉ុន្មាននេះយើង
ឃើញថាផែ្លដឹងកាត់មុខទទឹងជាមួយដង ដូចឧបករណ៍ម្យ៉ាងទៀតហៅថា «ភឹង» ដែរ (សូម
មើលជំពូកទី១, លេខរៀងទី៤៤)។ តែបើនៅរូបលេខ៨-៩វិញ ផ្លែនោះរត់មុខបណ្តោយគ្នាជាមួយ
ដងដូចជាផ្លែពូថៅដូច្នោះ។ តាមពិតគឺគេធ្វើឲ្យផ្លែនោះអាចបង្វិលរត់ទទឹងឬបណ្តោយបាន។
ដូច្នេះហើយបានជាជួនកាលគេហៅថា «ដឹងឆ្កួត»។ នៅរូបលេខ១០ គេចាំងសសរដូចឃើញពី
លើមកដែរ តែនៅត្រង់នេះគេប្រើដឹងស្លាប។

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩


យ៉ាងណាក៏ដោយបើយើងគ្រវែងដឹងចោលទៅទីណាមួយ ដឹងទាំងមូលនោះច្បាស់ជាគ្រវីគ្រវាត់មិន
ទៅត្រង់ទេ ហើយទៅបុកឬទើសនឹងអ្វីមួយដែលពុំគួរទើសទាល់តែសោះ ពុំដូចយើងបោះឬគ្រវែង
ឧបករណ៍អ្វីផ្សេងទៀតឡើយ។ គឺរូបរាងដឹងនោះតែម្តងដែលធ្វើឲ្យចលនានោះទទឹងទទែង មិនអាច
ទៅត្រង់បាន ហើយទៅបុកទង្គិចអ្វីមួយដែលស្មានមុនមិនត្រូវ។ ប្រសិនបើគេដោះដងយកចេញសិន
ទើបយើងអាចគិតថាយកផ្នែកខាងផ្លែនោះចោលទៅអាចទៅត្រង់បាន។

នេះហើយដែលនាំឲ្យមានពាក្យថា «និយាយដូចគេចោលដឹងទាំងដង»។

រូបលេខ១០