ចូលអ៊ូ

ដោយ អាំង ជូលាន    

ក្នុងការនិយាយប្រៀបប្រដូច ភាសាខ្មែរមានពាក្យថា «ចូលអ៊ូ»។ ឧទាហរណ៍គេតែងនិយាយថា
«ចូលអ៊ូទៅហើយ ! », «ណ្ហើយ ! យកវាចូលអ៊ូទៅ» ...។ 

អ្នករកស៊ីនៅតាមទន្លេក្តី សមុទ្រក្តីតែងស្គាល់ច្បាស់ថាអ្វីជាអ៊ូ ដ្បិតអ៊ូជាកន្លែងជួសជុលទូកធំ ឬដែល
មានទំហំមធ្យម។ បើនៅទន្លេ មាត់ច្រាំងកន្លែងណាដែលគេចង ឬបោះបង្គោលទប់ឲ្យទូកនៅមួយ
កន្លែង មិនចុះទៅក្រោមតាមទឹកស្រកនៅរដូវប្រាំង ក៏អាចហៅថាអ៊ូដែរ។ នៅទីនោះគេតែងឃើញ
ទូកមួយពីរ ឬច្រើនជាងនោះ ដែលមើលមួយភ្លែតទៅហាក់ដូចជាគឿងនៅមាត់ច្រាំង តែដែលតាម
ពិតគឺនៅរង់ចាំឲ្យគេជួសជុលថែទាំ ឬមួយក៏គេកំពុងជួសជុលតែម្តង។ នៅតាមទន្លេ ទូកពុំសូវមាន
ទំហំធំប៉ុន្មានទេ បើទូកដឹកទំនិញប្រភេទហៅថា «ទូកប៉ុកចាយ» នោះទើបធំបន្តិច។ ជាធម្មតាចូល
អ៊ូគេពុំចាំបាច់មានគ្រឿង​យន្តដើម្បីអូសទាញឬបង្វិលទូកឡើយ គឺប្រើតែដែកគ្រីបនិងកូនរនេល ក៏
គ្រប់គ្រាន់ហើយ។ បើទោះជាមានគ្រឿងយន្ត ក៏ពុំមែនជាយន្តសម្រាប់ប្រចាំការនៅទីនោះដែរ គឺគេ
យក​ម៉ាស៊ីនគោយន្តមកប្រើអូសទាញតែប៉ុណ្ណោះ។ 

បើនៅសមុទ្រវិញ បញ្ហាចំណោតច្រាំងគឺគ្មានទេ តែអ៊ូនោះក៏មានសកម្មភាពច្រើនតែនៅរដូវប្រាំងដែរ
ដ្បិតគ្មានភ្លៀង ហើយគេអាចបិទជ័រទឹក ឬលាបលនក្តារទូកតូចធំបានគ្មានអ្វីមករំខាន។ បើម្តុំអ្នក
នេសាទនោះគ្រាន់តែជាដៃសមុទ្រតូចមួយ ឬក៏ជាព្រែកទឹកប្រៃ អ៊ូនោះមិនធំទេ ជួនកាលនៅចន្លោះ
ផ្ទះពីរជាធម្មតា ព្រោះទូកនោះក៏ពុំមានទំហំធំដែរ (រូបលេខ១-២)។ តែបើជាភូមិនេសាទធំដុំវិញ (រូប
លេខ៣) អ៊ូនោះមានទំហំធំ អាចមានទទឹងដល់ទៅ១០០ម៉ែត្រ ឬលើសពីនោះទៅទៀត។ គេតែង
ប្រើគោយន្តដើម្បីអូស​ទាញដូរទីកន្លែងទូកដែលត្រូវជួសជុល ឬថែទាំ។ អូសនោះ គឺឲ្យរត់លើផ្លូវដែក
ហាក់ដូចជាផ្លូវរទេះភ្លើងដែរ (រូបលេខ៤-៥)។ នៅរូបលេខ៦-៧ យើងឃើញម៉ាស៊ីនសម្រាប់អូស
ទាញទូករត់លើផ្លូវដែក ដែលគេតម្លើងទុកក្នុងរោងប្រចាំការមួយ។ រូបលេខ៨-១០ បង្ហាញថាមិនមែន
ទូកនោះរត់ផ្ទាល់លើផ្លូវដែកទេ គឺមានកំណល់ឈើយ៉ាងមាំដែលមានកង់ដែកផង។ ពេលត្រូវបំបែរ
ទិសទូក គេប្រើដែកគ្រីបដើម្បីលើកកំណល់ដែលមានទូកនៅលើនោះ ឡើងផុតពីផ្លូវបន្តិច (រូបលេខ
១១) រួចទើបគេបំបែរកង់ឲ្យបត់មកតាមមុម៩០អង្សា (រូបលេខ១២)។ នៅរូបលេខ១៣ យើងឃើញ
ថា ក្រោយពីរជួសជុលប៉ះប៉ូវអ្វីៗរួចរាល់ហើយ គេកំពុងលាបថ្នាំនៅផ្នែកបាតទូកមួយ។ 

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១0

រូបលេខ១១

រូបលេខ១២

ពាក្យថា «ចូលអ៊ូ» មិនសំដៅលើការជួសជុលហើយស្រេចបាច់
ប៉ុន្មានទេ គឺសំដៅខ្លាំងទៅលើ ស្ថានភាពវត្ថុអ្វីមួយដែលខូចលែង
មានដំណើរការ ហើយដែលគេយកទៅទុកមួយកន្លែង។ គេច្រើន
និយាយចំអកឲ្យ​មនុស្សដែលលែងបានការអ្វី ឬដែលស្ថាប័នខ្លួន
ធ្លាប់បម្រើការនោះ គេទាត់ចោលលែងរាប់រក ឬលែងឲ្យមាននាទី
អ្វីសំខាន់។ ជួនកាលសាមីខ្លួនឯងតែម្តង ដែលប្រដូចស្ថានភាពខ្លួន
ទៅនឹងទូកចូលអ៊ូ ៖ «ខ្ញុំឥឡូវចូលអ៊ូទៅហើយ ! »។

រូបលេខ១៣