ស្រាបឺត

ដោយ ភឹង តារា និង អាំង ជូលាន

ជាទូទៅយើងច្រើនយល់ថានៅប្រទេសកម្ពុជានេះ មានតែជនជាតិដើមភាគតិចដែលនៅតំបន់ឦសានប៉ុណ្ណោះដែលទទួលទានស្រាពាងហើយបឺតចូលមាត់តាមកូនបំពង់រុក្ខជាតិមួយ។ បើសង្កេតតាមឃើញសព្វថ្ងៃ ឃើញថាដូច្នោះមែន ប៉ុន្តែពីមុនមកពុំមែនរបៀបនេះទាំងស្រុងឡើយ។

ជាតិពន្ធុទាំងនោះតែងតែទទួលទានស្រាជុំគ្នាក្នុងឱកាសច្រើនសន្ធឹកសន្ធាប់រាប់មិនអស់ ហើយយើងខ្ញុំមិនយកមករៀបរាប់នៅទីនេះទេ សូមមើលតែរូបលេខ១-៤ចុះ។ ការផឹកស្រានេះមិនគ្រាន់តែជាការកំសាន្តឡើយ គឺហេតុការណ៍ផ្សេងៗតម្រូវឲ្យធ្វើដូច្នោះ ហើយប្រការនេះអាចជាប្រធានបទយ៉ាងសំខាន់មួយសម្រាប់ស្រាវជ្រាវដេញរកហេតុផលជ្រៅដែលទាក់ទងទៅនឹងជំនឿ។ សូមបញ្ជាក់ត្រង់នេះបន្តិច ថា ក្នុងចំណោមអ្នកទាំងនោះ ក្រុមឬភូមិណាដែលចូលសាសនាគ្រឹស្តតែងតែបោះបង់ប្រពៃណីផឹកស្រា។ រីឯស្រានោះ តាមពិតទៅនៅក្នុងពពួកស្រាបិតដែលប្រើអង្ករចម្ការជាវត្ថុធាតុដើមសំខាន់ គឺពុំមែនជាស្រាដែលតម្រូវឲ្យចំហុយយកតែញើសស្រក់មកប្រើនោះឡើយ។ បើប្រើពាក្យបរទេសវិញ មានន័យ ថាពុំមែនជា alcohol ទេ គឺគ្រាន់តែនៅក្នុងពពួក Beer ប៉ុណ្ណោះ។

 រូបលេខ១

 រូបលេខ២

 រូបលេខ៣

 រូបលេខ៤

បើនិយាយពីខ្មែរសព្វថ្ងៃ គ្រឿងស្រវឹងដែលគ្រាន់តែ «កាច់» ដោយមេឬដោយគ្មានមេផងនោះក៏មានខ្លះដែរ ជាពិសេសគឺទឹកត្នោតជូរ។ តែយ៉ាងណាក៏ពុំដែលមានរបៀបផឹកជុំគ្នាដោយបឺតចេញពីពាងតែមួយដែរ។ ម្យ៉ាងទៀត ដើម្បីហៅថាស្រាឲ្យចំ លុះត្រាតែភេសជ្ជៈនោះបិតឲ្យមេកាច់មួយសាហើយទើបយកទៅចំហុយឲ្យចេញជាញើសទៀត។ អំពីប្រការនេះសូមអានអត្ថបទនៅជំពូកទី១,លេខរៀងទី៦២។

តើទម្លាប់នេះមានតែប៉ុណ្ណេះតាំងពីដើមមកឬយ៉ាងណា? គួរយើងពិនិត្យរូបចម្លាក់នៅតាមបុរាណស្ថានបន្តិច។ រូបលេខ៥-៦ថតមកពីប្រាសាទបាយ័ន្តដែលយើងឃើញថាមានគេអង្គុយបឺតស្រាពាង ហើយអ្នកទាំងនោះប្រហែលជាជនជាតិចាម្ប។ បើនៅរូបលេខ៧-៩វិញគឺច្បាស់ជាជនជាតិចិន។ រូបលេខ ១០-១២ សំខាន់ណាស់ ដ្បិតយើងឃើញថាអ្នកទាំងនោះជាខ្មែរ។ នេះគ្រាន់តែនៅប្រាសាទបាយ័ន្ត បើនៅទីដទៃទៀតក៏មានចម្លាក់របៀបនោះដែរ ដូចជារូបលេខ១៣-១៤នៅអង្គរវត្ត, លេខ១៥-១៦នៅស្រះស្រង់ និងលេខ១៧នៅប្រាសាទតាសោមជាដើម។

មានសំណួរមួយដែលចេញមកជាស្វ័យប្រវត្តិ ហើយដែលយើងខ្ញុំពុំមានចម្លើយ ក្រោយពីបានឃើញចម្លាក់ទាំងនេះ ៖ ហេតុអ្វីបានជាទំនៀមបឺតស្រាជុំគ្នាចេញពីពាងតែមួយលែងមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្នទៀត?

 

 រូបលេខ៥

 រូបលេខ៦

 

 រូបលេខ៧

 រូបលេខ៨

 

 រូបលេខ៩

 រូបលេខ១០

 

 រូបលេខ១១

 រូបលេខ១២

 

 រូបលេខ១៣

 រូបលេខ១៤

 

 រូបលេខ១៥

 រូបលេខ១៦

 

 រូបលេខ១៧