បរិស្ថានជុំវិញផ្ទះ

ដោយ  អាំង ជូលាន

អត្ថបទនេះពុំខុសគ្នាអ្វីប៉ុន្មានពីអត្ថបទដែលចុះនៅជំពូក១, លេខរៀងទី៦១ឡើយ ប៉ុន្តែគោលបំណងនៅទីនេះពុំមែនបរិយាយរៀបរាប់បង្ហាញពីម្ហូបអាហារនៅជនបទប៉ុន្មានទេ ដ្បិតម្ហូបនេះសាមញ្ញខ្លាំងណាស់ គ្មានអ្វីសាំញ៉ាំទាំងអស់។ តែប្រការដែលចង់គូសបញ្ជាក់នោះគឺសារសំខាន់នៃបរិស្ថានជុំវិញផ្ទះក្នុងជីវិតរស់នៅរាល់ថ្ងៃតាមជនបទ។ ម្យ៉ាងទៀតនាទីសំខាន់នៃបរិស្ថានក៏ធ្លាប់មាននិយាយនៅច្រើនកន្លែងដែរ បើនិយាយតែពីជំពូកទី៥នេះគឺមានដូចជានៅលេខរៀងទី៣ (ផ្កាចារ), ទី៩ (ស្លឹកទ្រាំង), ទី១០ (ស្លឹកខាន់ម៉ា), ទី១៩ (រំចេក), ទី៣៨ (ជក់ត្នោត), ទី៣៩ (ជនជាតិក្រវិតនិងការប្រើប្រាស់ ឬស្សី)។ល។ តែនៅជំពូកដទៃទៀតក៏មានបញ្ចូលគំនិតនេះខ្លះៗដែរ ឧទាហរណ៍ នៅជំពូក១, លេខរៀង ទី២៤ (ដើមឈើ, ផ្លែដូង, ទងផ្ដៅ)។ នៅទីនេះខ្ញុំយកឧទាហរណ៍មួយសាមញ្ញបំផុតស្រង់ពីភូមិមួយនៅតំបន់អង្គរ។

ប្តីប្រពន្ធពីរនាក់ទៅបាចត្រីនៅផ្ទៃទឹកតូចដែលសេសសល់ក្នុងត្រពាំងមួយយ៉ាងធំរបស់អ្នកភូមិ។ ពេលនោះចូលខែចេត្រច្រើនថ្ងៃរួចទៅហើយ ដូច្នេះកន្លែងមានទឹកបន្តិចបន្តួចដែលសេសសល់ក្នុងត្រពាំងនោះគ្មានអ្វីក្រៅពីត្រីក្រឹមតូចល្អិតហៅថា «ក្រឹមទន្សាយ» ប៉ុណ្ណោះ។ ប្រសិនបើមានទឹកច្រើនគឺតែងសម្បូណ៌ទៅដោយត្រីក្រាញ់ផង។ ឯការបាចនេះមានបំណងពីរ គឺយកផ្ទៃដីដែលនៅសើមដើម្បីចាប់ផ្ដើមព្រោះស្រូវបណ្ដើរៗផង ហើយយកកូនត្រីដែលនៅសេសសល់មកដាំស្លទទួលទានផង។

ពេលបានកូនត្រីមកភ្លាម ទាំងពីរនាក់នោះពុំទាន់គិតថាយកមកធ្វើអ្វីប្រាកដឡើយ ដូច្នេះខ្ញុំក៏និយាយស្នើចោលទៅថា គួរធ្វើ «ខ្នប់» (ក្រៅពីតំបន់ដែលនៅខាងជើង គេច្រើនហៅថា «ត្រីកប់»)។ ក្នុងចិត្តខ្ញុំនៅពេលនោះគឺចង់ដឹងថា បើស្នើភ្លាមៗមិនឲ្យដឹងមុនដូច្នេះ តើគេអាចដោះស្រាយបានឬមិនបាន។ ប្តីប្រពន្ធនោះក៏មិនប្រកែកអ្វី ហើយចាប់ផ្តើមធ្វើខ្នប់នោះមែន ៖

គេយកកូនត្រីទាំងនោះទៅលាងឲ្យស្អាតទុកមួយកន្លែង (រូបលេខ១)។ បុរសជាប្តីដើរទៅមុខផ្ទះបន្តិចដើម្បីបេះស្លឹកទ្រមូងដែលមានដើមដុះនៅជិតៗនោះ (រូបលេខ២)។ បន្ទាប់មកគាត់មកផ្ទះវិញ ហើយគាស់យកមើមរមៀតដែលធ្លាប់ដាំនៅក្នុងដីផ្ទះខ្លូននោះ (រូបលេខ៣-៤)។ ឯស្លឹកគ្រៃនិងម្រះព្រៅដែលត្រូវការយកមកធ្វើជាគ្រឿងជាមួយគ្នានោះក៏ដូចគ្នាដែរ គឺថាជាដំណាំដែលដាំក្នុងភូមិផ្ទះ (រូបលេខ ៥-៦)។ គេយករមៀតនិងស្លឹកគ្រៃមកហាន់ជាចំណិត (រូបលេខ៧) ហើយយកមកបុកក្នុងត្បាល់លាយគ្នាជាមួយស្លឹកទ្រមូងនោះ (រូបលេខ៨-៩)។ បន្ទាប់មកគេយកគ្រឿងនេះទៅច្របល់លាយគ្នាជាមួយកូនត្រីដោយដាក់ស្លឹកម្រះព្រៅបន្តិចទៅក្នុងនោះផង (រូបលេខ១០)។ ដោយសាគេត្រូវយកទាំងអស់នេះ មកដុត ប្តីនោះក៏ទៅកាត់ស្លឹកចេកដើម្បីខ្ចប់ (រូបលេខ១១-១២) ហើយទៅកាប់មែកឬស្សីតូចមួយដៃលនៅក្នុងដីផ្ទះដដែលនោះមកពុះបន្តិចធ្វើជាដំបុត (រូបលេខ១៣-១៤)។ រីឯចំណងដំបុតនោះ គឺសំបា ចេក (ផ្នែកនៃស្រទបចេកដែលគេយកមកធ្វើជាចំណងនេះតែងហៅខុសៗគ្នាពុំមានអ្វីជាប្រាកដទេ) ដែលដាំនៅជិតគ្នាដែរ (រូបលេខ១៥_១៦)។ ដែលយកមកដុតនោះ គឺដុតឲ្យឆ្ងាយពីភ្លើង ជាពិសេសពី អណ្ដាតភ្លើង (រូបលេខ១៧)។ ខ្ញុំសូមបញ្ជាក់ត្រង់នេះថា ខ្ញុំធ្លាប់ឃើញគេយកដំបុតទាំងមូលនេះទៅកប់ផ្ទាល់ក្នុងផេះដែលមានរងើកភ្លើងខ្លះៗ ដូច្នេះហើយបានជាហៅថា «ខ្នប់»។ 

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១០

រូបលេខ១១

រូបលេខ១២

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៧

សម្រាប់ធ្វើជាអន្លក់វិញ គឺថានៅម្តុំដើមទ្រមូងដែលនិយាយខាងលើនេះក៏មានដើមរាំងដែរ។ គឺរាំងនេះហើយដែលគេយកមកធ្វើអន្លក់ពេលនោះ (រូបលេខ១៨-១៩)។ ឧទាហរណ៍សាមញ្ញនេះបង្ហាញថាគេអាចធ្វើម្ហូបយ៉ាងឆ្ងាញ់ ដោយពឹងពាក់តែទៅលើបរិស្ថាននៅជិតៗខ្លួនបាន។ ហើយម្ហូបនោះក៏អាស្រ័យទៅតាមរដូវកាលដែរ ប្រសិនជាខែដែលមានទឹកច្រើនវិញប្រហែលជាគេយកត្រីក្រាញ់ដែលនៅក្នុងត្រពាំងដដែលនោះមកធ្វើជាមុខម្ហូបមួយផ្សេងទៀត។ 

រូបលេខ១៨

រូបលេខ១៩