ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧

ដោយ ព្រាប ចាន់ម៉ារ៉ា និង ជា សុជាតិ

ចម្លាក់ខ្មែរបុរាណមួយដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំង គឺរូបបុរសម្នាក់មានមាឌធំមាំ ស្លៀកសំពត់ចងក្បិនខើចត្រឹមភ្លៅ លែងខ្លួនទទេ អង្គុយពែនភ្នែន ភ្នែកទាំងពីរបិទ ទឹកមុខស្ងប់ ឱនក្បាលចុះបន្តិច ក្នុងឥរិយាបថសមាធិ សក់ស្លូតបួងជាផ្នួងតូចនៅលើក្បាល។ រូបនេះមានការសិក្សាជាហូរហែតាំងតែពីរវាងដើមស.វ.ទី២០ ដោយអ្នកស្រាវជ្រាវបារាំង ដូចជាលោក  Alfred Foucher, លោក Jean Filliozat, លោក Philippe Stern, លោក Henri Marchal, លោក Georges Groslier, លោក George Cœdès ជាដើម។ ការសិក្សាល្អិតល្អន់ដោយផ្អែកលើភស្តុតាងផ្សេងៗពិសេសជាងគេ គឺលោក George Cœdès ហើយគាត់ទាញសេចក្តីសន្និដ្ឋានថា រូបចម្លាក់នោះជាព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ដែលគេសាងនៅរវាងចុងស.វ.ទី១២ឬដើមស.វ.ទី១៣ ក្នុងរចនាបថបាយ័ន្ត។ គេបោះពុម្ពផ្សព្វផ្សាយអត្ថបទសិក្សានោះនៅឆ្នាំ១៩៥៨។  

ភស្តុតាងសម័យបុរាណសំខាន់មួយ គឺសិលាចារឹកចុះលេខ K.485 ជាកាព្យសំស្ក្រឹតនៅប្រាសាទភិមានអាកាស ក្នុងព្រះបរមរាជវាំងអង្គរធំ ដែលព្រះនាងឥន្ទ្រទេវី ជាព្រះអគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧ រៀបរាប់ពីព្រះនាងសាងរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងជ័យរាជទេវី យកទៅតម្កល់នៅទីនានានៃអាណាចក្រខ្មែរជំនាន់នោះ។ ព្រះនាងជ័យរាជទេវី ជាព្រះមហេសីដំបូងរបស់ព្រះបាទជ័យវរ្ម័នទី៧ និងត្រូវជាប្អូនស្រីរបស់ព្រះនាងឥន្ទ្រទេវីផ្ទាល់ដែរ តែសុគតទៅក្នុងវ័យក្មេង។ បន្ទាប់មកទើបព្រះបាទ ជ័យវរ្ម័នទី៧យកព្រះនាងឥន្ទ្រទេវីធ្វើជាព្រះអគ្គមហេសីបន្ត។

នៅទីនេះយើងខ្ញុំពុំធ្វើការសិក្សាពិចារណាអ្វីពីរឿងរ៉ាវនោះទៀតទេ គឺគ្រាន់តែលើកយករូបចម្លាក់ទាំងឡាយដែលជាប្រតិមា ឬហៅថា «ព្រះបរមរូបនៃព្រះបាទជ័យវរ្ម័នទី៧» មកបង្ហាញ ដោយបូកផ្សំនឹងរូបខ្លះដែលគេរកឃើញថ្មីៗថែមទៀតផង។ ព្រះបរមរូបនោះ មានខ្លះជារូបទោល សាងឡើងពីថ្មមួយដុំ ដែលគេតម្កល់នៅតាមប្រាសាទផ្សេងៗ ឯខ្លះទៀតជារូបចម្លាក់នៅលើជញ្ជាំងប្រាសាទ។ រូបជាប្រតិមាទោល គឺគេរកឃើញនៅតំបន់នានាមួយចំនួន ដែលខ្លះនៅគង់វង្សស្ទើរតែទាំងមូល គ្រាន់តែបាត់បង់ផ្នែកខ្លះៗប៉ុណ្ណោះ។ មានរូបខ្លះ រកឃើញតែព្រះកាយ បាត់ព្រះសិរ (ពោលគឺក្បាល តែសព្វថ្ងៃច្រើនហៅច្រឡំថា «ព្រះកេស» ដែលសំដៅលើសក់) និងខ្លះទៀតឃើញតែព្រះសិរ បាត់ព្រះកាយ។ តទៅនេះសូមបង្ហាញព្រះបរមរូបទាំងនោះដូចខាងក្រោម ៖

១. ព្រះសិរ ដែលប្រហែលជាគេរកឃើញនៅក្នុងតំបន់អង្គរ ហើយលោក Frégate Coreil  យកទៅទុកនៅក្រុងម៉ាកសី ប្រទេសបារាំង បន្ទាប់មកក៏ប្រគល់ឲ្យទៅគ្រូពេទ្យឈ្មោះ Heckel ដែលជាក្រុមផ្នែកភូមិសាស្ត្រនៅទីនោះ។ ក្រោយមកទៀត លោក Alfred Foucher បានសរសេរអត្ថបទផ្សព្វផ្សាយអំពីរូបនេះនៅឆ្នាំ១៩១២ ដោយពុំទាន់ដឹងថាជារូបព្រះសិរព្រះបាទជ័យវរ្ម័នទី៧នៅឡើយទេ (រូបលេខ១-២)។ លុះដល់រវាងឆ្នាំ១៩៦៥ លោក Philippe Stern ក៏យកព្រះសិរនោះទៅរក្សាទុកនៅសារមន្ទីរ Guimet នៃប្រទេសបារាំងរហូតដល់បច្ចុប្បន្ន។ 

២. រូបគង់ពែនភ្នែន តែបាក់បាត់ព្រះហស្តទាំងពីរ គឺគេរកឃើញក្នុងសំណង់មួយនៅទិសអាគ្នេយ៍នៃតួប៉មកណ្តាលប្រាសាទភិម៉ាយ (ក្នុងខេត្តនគររាជ ប្រទេសថៃឡងដ៍បច្ចុប្បន្ន) ហើយសព្វថ្ងៃគេយកទៅរក្សាទុកនៅសារមន្ទីរជាតិភិម៉ាយនៃប្រទេសថៃឡងដ៍ (រូបលេខ៣ ថតដោយលោក Christophe Pottier)។

រូបលេខ១

រូបលេខ២

រូបលេខ៣

៣. ព្រះកាយ គង់ពែនភ្នែន គេរកឃើញនៅចន្លោះកំពែងខាងជើងនៃអង្គរធំនិងក្រោលរមាស ក្នុងខេត្តសៀមរាប កាលពីឆ្នាំ១៩២៤។ រីឯព្រះសិរ គេរកឃើញនៅក្នុងបរិវេណអង្គរធំ ជិតទ្វារខ្មោចដែលនៅខាងកើតប្រាសាទបាយ័ន្ត។ គេយករូបនេះទៅរក្សាទុកក្នុងសារមន្ទីរជាតិ ភ្នំពេញ តាំងពីខែវិច្ឆិកា ឆ្នាំ១៩៣៤ ហើយតភ្ជាប់ព្រះកាយនិងព្រះសិរ រួចដាក់តាំងបង្ហាញរហូតដល់សព្វថ្ងៃ។ រូបនេះបាក់បាត់ព្រះហស្តទាំងសងខាង និងឆែបបាត់ថ្មមួយដុំត្រង់ភ្នួងព្រះកេស (រូបលេខ៤-៥)។ ព្រះបរមរូបនេះល្បីល្បាញខ្លាំងណាស់ ហើយមានការថែទាំជួសជុលយ៉ាងយកចិត្តទុកដាក់ពីអ្នកបច្ចេកទេសខាងអភិរក្សបុរាណវត្ថុនានា។ ក្នុងឱកាសទិវាវប្បធម៌ ថ្ងៃទី៣ ខែមេសា ឆ្នាំ១៩៩៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ យាងមកសម្ពោធព្រះបរមរូបព្រះបាទ ជ័យវរ្ម័នទី៧នេះ នៅក្នុងសារមន្ទីរជាតិ ភ្នំពេញ ក្រោយពីធ្វើការជួសជុល បន្ទាប់ពីនាំត្រឡប់មកពីការតាំងពិព័រណ៍អស់រយៈពេលជាច្រើនខែនៅប្រទេសប្រទេសបារាំង អាមេរិក និងប្រទេសជប៉ុនរួច (រូបលេខ៦-៧)។

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

៤. ព្រះសិរ ដែលព្រះសង្ឃមួយអង្គប្រទះឃើញក្នុងគំនរដីនៅកៀនខាងកើតតួប៉មកណ្តាលនៃបន្ទាយបាកាន្ត (ពីមុនហៅច្រឡំតាមបារាំងថា «ព្រះខ័នកំពង់ស្វាយ») ដែលពីមុនមកជាទឹកដីខេត្តកំពង់ធំ តែសព្វថ្ងៃជាទឹកដីខេត្តព្រះវិហារ ហើយលោក Jean Filliozat ជាចាងហ្វាងសាលាបារាំងចុងបូព៌ា និងលោក Laur ជាអ្នកនៅមន្ទីរអភិរក្សអង្គរ បានទៅពិនិត្យនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៥៩។ ព្រះសិរនេះគេយក មករក្សាទុកនៅសារមន្ទីរជាតិ ភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៥៩ (រូបលេខ៨-៩)។

រូបលេខ៨

រូបលេខ៩

នៅឆ្នាំ២០០០ លោក Christophe Pottier រកឃើញព្រះកាយមួយកំណាត់ បាក់បាត់ព្រះហស្ត, ព្រះភ្នែន និងព្រះសិរ នៅក្នុងបន្ទាយបាកាន្តដូចពោលខាងលើ (រូបលេខ១០-១១) ហើយយកមករក្សាទុកក្នុងសារមន្ទីរជាតិ ភ្នំពេញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០០០។ នៅពេលគេយកព្រះសិរដែលរកឃើញកាលពីឆ្នាំ១៩៥៩នោះ មកផ្គុំនឹងព្រះកាយថ្មីនេះសាកល្បងមើលទៅ ឃើញថាត្រូវគ្នាតែម្តង (រូប លេខ១២) ហើយផ្នែកទាំងពីរនៃរូបនេះគឺរកឃើញក្នុងប្រាសាទតែមួយនោះដែរ។ ប៉ុន្តែមកដល់ពេលនេះពុំទាន់បានរកបំណែកផ្សេងៗទៀតដែលបាត់នោះ ឲ្យឃើញគ្រប់ចំនួនអាចយកមកផ្គុំគ្នាបានគ្រាន់បើនៅឡើយ។

រូបលេខ១០

រូបលេខ១១

រូបលេខ១២

៥. នៅឆ្នាំ២០០០ គេរកឃើញព្រះកាយមួយកំណាត់ត្រឹមទ្រូងចុះក្រោម បាក់បាត់ព្រះហស្តនិងព្រះសិរ នៅក្នុងបន្ទាយបាកាន្ត (រូបលេខ១៣) ហើយគេយកមករក្សាទុកក្នុងសារមន្ទីរជាតិ ភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០០០។ យើងសង្ឃឹមថានឹងរកឃើញបំណែកដែលបាត់នៅពេលណាមួយខាងមុខ។ ដូច្នេះឃើញថា នៅទីនេះមានព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ដល់ទៅពីរឯណោះដែលគេបានជួបប្រទះ។

៦. ព្រះកាយ គង់ពែនភ្នែន បាក់បាត់ព្រះសិរ ព្រះហស្តខាងស្តាំ និងផ្នែកខ្លះនៃព្រះភ្នែន (រូបលេខ១៤)។ រូបនេះគេរកឃើញនៅព្រៃខាងជើងអង្គរធំ ហើយយកមករក្សាទុកនៅមន្ទីរអភិរក្សអង្គរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៦៧។ រីឯព្រះសិរ គឺឃើញមានតែមួយផ្នែកខាងមុខ ហើយបែកបាត់មួយចំហៀងខាងក្រោយ (រូបលេខ១៥-១៦) ដែលបន្ទាប់មកគេយកមករក្សាទុកនៅសារមន្ទីរជាតិ ភ្នំពេញ។ នៅឆ្នាំ២០០៧ គេយកព្រះសិរដែលរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ត្រឡប់ទៅតាំងនៅសារមន្ទីរជាតិអង្គរ ដែលទើបនឹងកើតថ្មីនៅខេត្តសៀមរាប។ ក្រោយមកទៀត នៅឆ្នាំ២០០៩ ទើបគេយកព្រះកាយដែលទុកនៅមន្ទីរអភិរក្សអង្គរនោះ មកផ្គុំនឹងព្រះសិរនេះទៅក៏ត្រូវគ្នាតែម្តង (រូបលេខ១៧)។ ប៉ុន្តែប្រតិមាមួយអង្គនេះប្លែកបន្តិច ដ្បិតទ្រង់ទ្រាយទូទៅ ទាំងព្រះភក្ត្រ ទាំងព្រះកាយ ឥរិយាបថ និងព្រះភ្នែនជាដើម គឺមានលក្ខណៈជាព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ពិតមែនហើយ តែខុសត្រង់ថានៅលើព្រះសិរនោះមានផ្នួងព្រះកេសស្ថិតចំកណ្តាល ប្លែកពីរូបផ្សេងទៀតដែលផ្នួងនោះរាងខិតទៅក្រោយបន្តិច។ ដូច្នេះនាំឲ្យមានការគិតថា នេះទំនងជារូបព្រះលោកេសូរទៅវិញ។ ប៉ុន្តែក្នុងនោះក៏មានការគិតដែរថា ប្រសិនបើនេះជាប្រតិមាព្រះលោកេសូរក៏ដោយ ក៏ស្ថិតក្នុងរូបភាពជាព្រះបាទជ័យវរ្ម័នទី៧ដដែល។

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៧

៧. ព្រះភ្នែនមានព្រះបាទទាំងពីរខ្លីជាប់នឹងព្រះទែន ដែលសព្វថ្ងៃគេទុកនៅផ្លូវចូលពីខាងកើតប្រាសាទតាព្រហ្ម ក្នុងតំបន់អង្គរ (រូបលេខ១៨)។ យើងខ្ញុំពុំមែនសន្និដ្ឋានដាច់ណាត់ថា នេះជាផ្នែកនៃព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧មួយរយភាគរយទេ តែគួរឲ្យសង្ស័យណាស់ ព្រោះព្រះភ្នែននោះស្ថិតលើព្រះទែនមានលក្ខណៈដូចគ្នានឹងរូបមួយចំនួនទៀតដែលបានរៀបរាប់មកពីខាងលើដែរ។ 

៨. ព្រះកាយ គង់ពែនភ្នែន បាក់បាត់ព្រះសិរនិងព្រះហស្ត ដែលសព្វថ្ងៃគេទុកនៅក្រោមដើមឈើខាងជើងក្បែរតួប៉មប្រាសាទចៅសាយ ក្នុងតំបន់អង្គរ (រូបលេខ១៩-២០)។ រូបមួយនេះក៏គួរឲ្យគិតថាជាព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧មួយទៀត ដ្បិតមានទ្រង់ទ្រាយទូទៅមិនខុសពីរូបនានាពីខាងលើឡើយ។

រូបលេខ១៨

រូបលេខ១៩

រូបលេខ២០

ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ពីសម័យបុរាណ គឺគេសាងឡើងពីថ្មភក់ប្រផេះមួយប្រភេទ មានលក្ខណៈពិសេសត្រង់សាច់ថ្មនោះមានពណ៌លាយគ្នារវាងប្រផេះស្រាលនិងប្រផេះក្រមៅដុំៗ (រូប លេខ២១) ដែលជាធាតុផ្សំតាមធម្មជាតិរបស់ថ្មតែម្តង។ នៅពេលគេយកថ្មនោះទៅសាងចេញជារូបចម្លាក់និងខាត់រំលីងរួចហើយ យើងឃើញផ្ទៃខាងក្រៅនៃសាច់ថ្មមានសម្បុរពពាលៗ (រូបលេខ២២)។ សូម្បីតែផ្ទៃព្រះភក្ត្រក៏យ៉ាងដូច្នោះដែរ (រូបលេខ២៣)។ រូបចម្លាក់ដែលប្រើថ្មពណ៌សម្បុររបៀបនេះ មានរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងជ័យរាជទេវី (ក្នុងរូបភាពជាប្រាជ្ញាបារមី) ជាព្រះអគ្គមហេសីព្រះអង្គប៉ុណ្ណោះ ឯប្រតិមាផ្សេងៗទៀតកម្រឃើញគេប្រើថ្មដូចគ្នានេះណាស់។ 

ដូច្នេះយើងឃើញថា ដើម្បីសាងព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ គឺគេត្រូវរកថ្មពិសេសដែលមានប្រភេទដូចគ្នាតែម្យ៉ាង។ នេះបញ្ជាក់ថាគេយកចិត្តទុកដាក់ មានការគិតគូរដិតដល់ ហើយមិនមែនឲ្យតែមានថ្មអ្វីក៏ចេះតែសាងរូបនេះបានដែរនោះទេ។ នៅសម័យបុរាណមានការជ្រើសរើសថ្ម សម្រិតសម្រាំង និងពិនិត្យពិច័យល្អិតល្អន់ណាស់ក្នុងការសាងរូបប្រតិមា ដ្បិតមានពាក្យក្នុងសិលាចារឹកខ្លះនិយាយពី «ពិចារណាថ្ម» និង «ស្វែងថ្ម» ពោលគឺរិះរកថ្មដែលត្រឹមត្រូវដោយយកចិត្តទុកដាក់។ 

រូបលេខ២១

រូបលេខ២២

រូបលេខ២៣

ចំពោះអ្នកសិក្សាអំពីបដិមាសាស្ត្រ គឺតាមរយៈប្រភេទថ្មដូចរបៀបខាងលើនេះ ក៏ជាមធ្យោបាយមួយសម្រាប់វិនិច្ឆ័យលក្ខណៈរូបចម្លាក់បុរាណបានមួយផ្នែកដែរ។ ក្រៅពីរូបជាប្រតិមាទោលដូចពោលមកពីខាងលើនេះ នៅមានចម្លាក់លើជញ្ជាំងប្រាសាទពីរដែលសំខាន់ គឺប្រាសាទបាយ័ន្ត និងបន្ទាយឆ្មារ (សាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ចុងស.វ.ទី១២និងដើមស.វ.ទី១៣) មានរូបមួយចំនួនក្នុងលក្ខណៈដែលគួរឲ្យសង្ស័យថាជាព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ហើយចម្លាក់នោះនិយាយពីរឿងរ៉ាវក្នុងរាជ្យរបស់ព្រះអង្គនេះឯង។ ប្រាសាទទាំងពីរនោះមានចម្លាក់ជញ្ជាំងទាក់ទងនឹងព្រះអង្គនៅច្រើនកន្លែង ហើយស្ថិតក្នុងព្រឹត្តិការណ៍ផ្សេងៗ ដែលជួនកាលរូបភាពសាច់រឿងនោះមានដូចគ្នារវាងប្រាសាទបាយ័ន្តនិងបន្ទាយឆ្មារទៀតផង។ នៅទីនេះយើងខ្ញុំសូមបង្ហាញរូបចម្លាក់ខ្លះៗប៉ុណ្ណោះ។ រូបលេខ២៤ ជាចម្លាក់នៅប្រាសាទបាយ័ន្ត រោងទងខាងក្រៅ ទិសខាងត្បូង ផ្នែកខាងកើត។ រីឯរូបលេខ២៥-២៧ ជាចម្លាក់ខ្លះៗនៅប្រាសាទបន្ទាយឆ្មារ។

រូបលេខ២៤

រូបលេខ២៥

រូបលេខ២៦

រូបលេខ២៧

ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ (រូបទោល) តាំងបង្ហាញនៅសារមន្ទីរជាតិ ភ្នំពេញនោះល្បីល្បាញខ្លាំងណាស់ ហើយគេចូលចិត្តចម្លងតាម យកទៅតម្កល់នៅទីផ្សេងៗ ដែលដំបូងគេគឺនៅក្នុងសាលារចនា (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) តាំងពីចុងទសវត្ស១៩៨០ (រូបលេខ២៨)។ រូបចម្លងតម្កល់នៅសាលារចនានេះ មានការគោរពបូជាខ្លាំងណាស់ពីសំណាក់មន្ត្រីរាជការ, សាស្រ្តាចារ្យ, និស្សិត និងអ្នកផងទូទៅ។ មិនតែប៉ុណ្ណោះ រហូតដល់មានអ្នកខ្លះមានទុក្ខមានភ័យផ្សេងៗ ក៏ចូលទៅបន់ស្រន់នៅចំពោះព្រះបរមរូបនេះ និងរហូតដល់មានអ្នកចូលទៅលាបំណន់ ថ្វាយគ្រឿងបូជា ថ្វាយភ្លេងជាដើម ផង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីម្តងៗ យើងតែងឃើញគេនាំគ្នាស្រង់ព្រះសុគន្ធវារីថ្វាយព្រះបរមរូបនេះ (រូបលេខ២៩)។ ដូច្នេះឃើញថា គេចាត់ទុកប្រតិមាព្រះបាទជ័យវរ្ម័នទី៧ជាវត្ថុសក្ការៈ និងមានជំនឿមុតមាំទៀតផង។

រូបលេខ២៨

រូបលេខ២៩