បិតស្រា

ដោយ អាំង ជូលាន

ប្រទេសកម្ពុជាពុំទាន់មានច្បាប់ទាក់ទងនឹងការផលិតស្រាដែលគេតែងឃើញនៅតាមជាយក្រុង ជាពិសេសនៅតាមជនបទនៅឡើយទេ។ និយាយនេះមិនទាក់ទងនឹងស្រាឬគ្រឿងស្រវឹងក្នុងកម្រិតឧស្សាហកម្មឡើយ គឺនិយាយពីកាបិតស្រានៅតាមផ្ទះដែលហៅថាស្រា-ស។ ហេតុផលដែលនាំឲ្យរដ្ឋឬអាជ្ញាធរពាក់ព័ន្ធណាមួយហាក់ដូចជាព្រងើយកន្តើយក្នុងរឿងនេះ ប្រហែលមកពីគេចាត់ទុកថាជាការធ្វើនៅតាមផ្ទះ សម្រាប់តម្រូវការទំហំតូច ហើយពុំមែនជាសេដ្ឋកិច្ចធំដុំផង។ ជាពិសេសទៅទៀត បើកុំនិយាយពីព្រឹត្តិការណ៍ខ្លះដែលទើបនឹងចាប់ផ្តើមលេចឡើងក្នុងពេលប៉ុន្មានឆ្នាំមកនេះ គឺហាក់ដូចជាពុំដែលមានផ្ទុះបញ្ហាអ្វីមួយគួរឲ្យកត់សម្គាល់សោះ ក្រៅពីប្រការដែលដឹងគ្រប់គ្នាថាស្រាស ឬក៏គ្រឿងស្រវឹងអ្វីទៀតក៏ដោយច្រើនតែធ្វើឲ្យប៉ះពាល់តិចឬច្រើនដល់សុខភាព។ ដូច្នេះហើយបានជាទោះបីនៅចុងកាត់មាត់ញកដាច់ស្រយ៉ាលយ៉ាងណាក៏គេតែងឃើញមានការបិតស្រាលក់ដែរ។ បើនិយាយពីចំណូលថវិកាវិញ ពុំងាយមានការបិតស្រាណាមួយដែលគួរហៅថាជា «មុខរបរ» ពោលគឺរបរធំបង្អស់នៃគ្រួសារបានឡើយ បើមានខ្លះក៏ជាករណីលើកលែងដែរ។ នេះមានន័យថាចំណូលនោះច្រើនតែជាចំណូលបន្ទាប់បន្សំ។ បើពោលពីបច្ចុប្បន្ននេះផង ការបិតស្រាតាមផ្ទះហាក់ដូចជាថយចុះបន្តិចទៅទៀត ដោយសារមានកាប្រជែងពីទីផ្សារដែលកើតឡើងពីឧស្សាហកម្មដូចជាស្រាបៀរជាដើម។ 

រូបលេខ១បង្ហាញពីការបិតស្រាក្នុងកម្រិតតូចមួយនៅភូមិបាដើម ខេត្តស្ទឹងត្រែង។ រូបលេខ២ថតនៅភូមិកែវក្រសាំង ខេត្តកែប ជាកន្លែងបិតដែលហាក់ដូចជាធំជាងមុនបន្តិច តែក៏ពុំមែនចែកចាយហួសពីភូមិនោះនិងភូមិជិតខាងដែរ។ បើរូបលេខ៣ ដែលថតនៅភូមិលាជ ខេត្តពោធិសត្វ ទើបជាការរកស៊ីដែលធំជាងពីរកន្លែងមុននេះ ពោលគឺចែកចាយឆ្លងឃុំទៅទៀត (ប៉ុន្តែទំហំកម្រិតនេះមិនសូវប្រទះញឹកញាប់ឡើយ)។ 

រូបលេខ១

រូបលេខ២

រូបលេខ៣

ស្រាសដែលបិតត្រឹមត្រូវតាមប្រពៃណីដែលមានពីមុនមកពុំដែល
មានឲ្យទុក្ខទោសអ្វីលើសពីគ្រឿងស្រវឹងដទៃទៀតឡើយ។ ទើប
តែប៉ុន្មានឆ្នាំក្រោយមកនេះទេដែលបញ្ហាគ្រោះថ្នាក់ដល់សុខភាព
កម្រិតខ្ពស់លេចធ្លោឡើងនៅទីនេះឬទីនោះ រហូតដល់មានស្លាប់
មនុស្សភ្លាមៗយ៉ាងស្តែងផង។ មូលហេតុគឺមកពីការធ្វើដំបែជា
មេត្រឹមត្រូវដែលធ្លាប់មានពីមុនមក សព្វថ្ងៃគេបោះបង់ចោលស្ទើរ

រូបលេខ៤

នៅគ្រប់ទិសទី ហើយបែជានាំគ្នាប្រើដំបែគីមី ឬមិនតែប៉ុណ្ណោះក្នុងករណីខ្លះមានដាក់គីមីសម្រាប់បំពុលសត្វទៀតផង។

តទៅនេះខ្ញុំសូមបង្ហាញពីការបិតស្រានៅផ្ទះមួយដែលខ្ញុំយល់ថាជាប្រភេទធម្មតាដែលគេអាចឃើញទូទៅនៅទីដទៃទៀត ៖

 នៅផ្ទះនេះគេចំហុយស្រាម្តងៗបាន១៥លីត្រ ដែលជាចំណុះទំហំល្មម ព្រោះនៅកន្លែងខ្លះ ដោយសារទំហំឆ្នាំងតូចជាង ចំហុយម្តងបានតែ១០លីត្រប៉ុណ្ណោះ ហើយផ្ទុយទៅវិញកម្រិតនៅទីខ្លះផ្សេងទៀតអាចបានរហូតដល់២០លីត្រ ឬលើសពីនោះទៀតផង។ 

បាយដែលគេយកមកប្រើអាចដាំនឹងអង្ករសម្រូបក៏បាន សម្រិតក៏បាន ធ្វើម្តេចឲ្យតែបាយនោះជាប្រភេទបាយរឹង ប៉ុន្តែនៅទីនេះគេប្រើអង្ករសម្រូបពពួកស្រូវវារ។ អង្ករមួយគីឡូកើតចេញជាស្រាបានមួយលីត្រ ឬក៏លើសនោះបន្តិច។ ពេលដាំបាយឆ្អិនហើយ គេយកបាយនោះទៅពង្រាយលើកន្ទេលសិន (រូបលេខ ៤)។ ធ្វើរបៀបនេះគឺដើម្បីយកមេដំបែដែលគេបុកបំបែកឲ្យម៉ត់ (រូបលេខ៥) មកច្របល់លាយជាមួយឲ្យសព្វ (រូបលេខ៦)។ សូមជូនជាឧទាហរណ៍ត្រង់នេះថា បើដំបែនោះមានទំហំដូចឃើញនៅរូបលេខ ៤០ គឺគេត្រូវការដំបែ៣០គ្រាប់សម្រាប់អង្ករ១៥គីឡូ។ គេយកបាយដែលលាយជាមួយមេហើយនោះមកចាក់ទុកក្នុងខាប់មួយ (រូបលេខ៧)។ ខាប់នោះត្រូវឲ្យស្ងួតចែស បើពុំដូច្នោះទេស្រានឹងកើតជាតិជូរ។ គេទុកបាយឲ្យកាច់ចោលក្នុងនោះ២យប់ ដោយប្រើពាក្យថា «បន្ទុំ»។ ក្នុងរយៈពេលនោះទឹកជោរចេញដោយខ្លួនឯង (រូបលេខ៨) ទើបបន្ទាប់មកគេចាក់ទឹកសាបថែមហើយទុកចោល២យប់តទៅទៀត មានន័យថារយៈពេលដែលទុកឲ្យកាច់មានទាំងអស់៤យប់។ ពេលនោះគេអាចចាប់ផ្តើមចំហុយហើយ។ គេយកបាយដែលកាច់ ហៅថា «បាយស្រា» នោះមកចាក់ក្នុងឆ្នាំងធំមួយដែលគេដាក់នៅលើចង្ក្រានប្រភេទហៅថា  «គុក» (រូបលេខ៩)។ ឆ្នាំងនោះត្រូវរៀបចំយ៉ាងណាឲ្យបំពង់ជ័រមួយចូលតាមគ្របបានដើម្បីចំហុយ (រូបលេខ១០) ហើយគេត្រូវធ្វើយ៉ាងណាបិតគ្របនោះឲ្យជិតពុំឲ្យខ្យល់ចូលបានទាល់តែសោះ។ ដើម្បីធ្វើដូច្នោះអ្នកខ្លះប្រើដីឥដ្ឋ តែនៅក្នុងឧទាហរណ៍នេះគឺគេរែងយកផេះម៉ត់ (រូបលេខ១១) មកលាយច្របល់ជាមួយបាយ បង្កើតបានទៅជាគ្រឿងស្អិតដែលធន់បាននឹងកម្តៅខ្លាំងដើម្បីយកទៅបិតមាត់គម្របឲ្យជាប់ទៅនឹងឆ្នាំងមិនឲ្យខ្យល់ចេញចូលបាន (រូបលេខ១២-១៣)។   ពាក្យថា    «បិត» ត្រង់នេះ គិតទៅសំខាន់ណាស់ ដ្បិតជាពាក្យដែលយកទៅប្រើក្នុងការផលិតស្រាទាំងមូល។ នៅរូបលេខ១២យើងឃើញថាបំពង់ជ័រដែលនិយាយអម្បាញ់មិញ គេបញ្ចូលទៅក្នុងឆ្នាំងនោះតាមបំពង់លោហៈដែលផ្សាភ្ជាប់តាមគម្របឆ្នាំងសម្រាប់ឲ្យចំហាយស្រារត់ចេញតាមនោះ។ ចុងម្ខាងទៀតនៃបំពង់នេះ គេយកមកតភ្ជាប់នឹងបំពង់លោហៈ (រូបលេខ១៤) ដែលជាផ្នែកនៃវត្ថុមួយហៅថា «ប៉ោល» ហើយដែលយកមកបង្ហាញខាងក្រៅនៅរូបលេខ១៥-១៦ឲ្យយល់។ ប៉ោលនោះប្រហោងក្នុងសុទ្ធ គ្មានអ្វីនៅក្នុងឡើយ ឯនាទីរបស់វាគឺសម្រាប់ឲ្យចំហាយស្រា ហៅថា «ញើស» ដែលចេញមកពីឆ្នាំងបាយស្រាកំពុងដាំក្តៅឆ្លងតាមនោះនៅកណ្តាលពាងធំមួយដែលមានទឹកត្រជាក់។ ទឹកនោះសោតក៏គេឧស្សាហ៍ដូរជារឿយៗដែរ ព្រោះតែកាលណាក្តៅញើសមិនអាចចេញមកទេ វានឹងខ្ពុលនៅក្នុងឆ្នាំងធ្វើឲ្យរបើកគ្រប។ នៅរូបលេខ១៦ យើងឃើញថានៅផ្នែកខាងក្រោមនៃប៉ោលមានបំពង់តូចមួយសម្រាប់បញ្ចេញញើសស្រាដែលក្លាយទៅជាដំណក់ពិតប្រាកដដើម្បីត្រង់យកនៅក្រៅពាង (រូបលេខ១៧-១៨)។ ស្រាដែលហូរចេញដំបូងមានកម្រិតដល់ទៅ៧០អង្សា ហើយបន្ទាប់មកចុះថយម្តងបន្តិចៗ។ ក្នុងឧទាហរណ៍ដែលនិយាយនេះគឺកន្លះលីត្រដំបូងមានកម្រិតដល់៧០អង្សា។ គេដឹងដោយប្រើកែវស្ទង់ គឺថាគេចាក់ស្រាបន្តិចដែលហូរចេញមកទៅក្នុងបំពង់មួយ ហើយយកកែងស្ទង់នោះទៅជ្រលក់ដើម្បីមើលលេខដែលចេញមក (រូបលេខ១៩)។ ក្រោយពីកន្លះលីត្រនោះកម្លាំងស្រាក៏ចេះតែចុះទៅម្តងបន្តិចៗ។ លុះចំណុះទាំងមូលដែលបញ្ចូលលាយគ្នាទៅ ធ្លាក់ចុះមកដល់៤០អង្សា គេបញ្ចប់ការចំហុយនៅពេលនោះ ព្រោះនេះជាកម្លាំងស្រាសដែលចាត់ទុកថាត្រឹមត្រូវ។

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

រូបលេខ១០

រូបលេខ១១

រូបលេខ១២

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៩

ជាទូទៅអ្នកដែលបិតស្រាច្រើនតែចិញ្ចឹមជ្រូក ដ្បិតបាយស្រាដែល
លែងប្រើប្រាស់ហើយសល់ពីការចំហុយ (រូបលេខ២០) តែងតែជា
ចំណីជ្រូក។ នៅរូបលេខ២១-២២ យើងឃើញថានៅក្បែរកន្លែង
បិតស្រានោះមានទ្រុងជ្រូក។ វត្ថុដែលគេយកមកលាយជាមួយបា
ស្រាឲ្យជ្រូកច្រើនតែជាកន្ទក់និងដើមចេកដែលគេយកមហាន់ (រូប
លេខ២៣) ហើយបុកលាយគ្នា។

 រូបលេខ២០

បន្តាប់ទៅនេះខ្ញុំសូមសង្ខេបយ៉ាងខ្លីអំពីបញ្ហាដែលទាក់ទងនឹងដំបែ (ហៅថា «មេ» ក៏បាន)។ ដូចបាននិយាយពីលើមកបន្តិចហើយ របៀបធ្វើមេដែលមានជាប្រពៃណីពីមុនមក សព្វថ្ងៃបែរទៅរកការបាត់ បង់យ៉ាងឆាប់រហ័ស។ ប្រការនេះគួរឲ្យសោកស្តាយ ដ្បិតមេជាគ្រឿងសំខាន់បំផុត ដោយសារសុខភាពមនុស្សដែលទទួលទានស្រាទាក់ទងផ្ទាល់ទៅនឹងរឿងនេះ។ ស្រាដែលមេគ្មានប្រើជាតិគីមី ទទួលទានទៅពុំបណ្ដាលឲ្យឈឺក្បាលឬកើតទុក្ខទោសអ្វីឡើយ ក្រៅអំពីផលវិបាកដែលកើតឡើងទូទៅជាធម្មតាជាមួយភេសជ្ជៈជាគ្រឿងស្រវឹង ជាពិសេសបើការទទួលទាននោះហួសកម្រិត។ ឧទាហរណ៍ល្អដែលបច្ចុប្បន្ននេះកម្រឃើញមាន ខ្ញុំធ្លាប់ប្រទះឃើញនៅភូមិកាប់ដៃក្នុងខេត្តសៀមរាប។ នៅភូមិនោះមានគ្រួសារមួយប្រកបរបរធ្វើមេស្រាដោយប្រើរុក្ខជាតិសុទ្ធសាធ ដ្បិតតំបន់នោះមានកូនភ្នំដែលសម្បូណ៌ទៅដោយរុក្ខជាតិរបៀបនោះ។ សូមជម្រាបថាមានរុក្ខជាតិតែមួយផ្នែកតូចទេដែលអាចយកមកដាំនៅតាមច្បារផ្ទះបាន ឯក្រៅអំពីនោះគឺត្រូវទៅរកក្នុងព្រៃ។ នៅរូបលេខ២៤គេឃើញថានៅមុខស្រ្តីជាម្ចាស់ផ្ទះនោះមានគំនរមែក ឬសឬមើមផ្សេងៗសម្រាប់យកមកធ្វើមេ។ រូបលេខ២៥បង្ហាញពីរុក្ខជាតិទាំងនោះដែលគេកាប់ចិញ្ច្រាំហើយមួយដំណាក់កាលសិន។ ទាំងអស់នេះបើរាយមកគឺ ៖ អង្កត់ខ្មៅ (រូបលេខ ២៦), បាតផ្តិល (រូបលេខ២៧), ដូនកាយ (រូបលេខ២៨), កន្ទ្រោក (រូបលេខ២៩), ក្តកំប្រុក (រូបលេខ ៣០), ក្រវាញ (រូបលេខ៣១), ម្ជុលមាស (រូបលេខ៣២), រំដេងមាស (រូបលេខ៣៣), ទ្រមូងសេក (រូបលេខ៣៤)។ រីឯមេដែលផលិតបានមក មាននៅរូបលេខ៣៥។ មានរុក្ខជាតិដទៃផ្សេងច្រើនទៅទៀត ដែលគេអាចប្រើប្រាស់ធ្វើមេដំបែបាន មានន័យថាពីតំបន់មួយទៅតំបន់មួយគ្រឿងផ្សំអាចខុសគ្នា អាស្រ័យទៅតាមបរិស្ថានរៀងៗខ្លួន។ រូបលេខ៣៦-៣៧ ថតមកពីភូមិមួយទៀតស្ថិតនៅឆ្ងាយស្រឡះពីនោះ តែក្នុងខេត្តសៀមរាបដែរ។ ខ្ញុំពុំច្បាស់ថាក្នុងឧទាហរណ៍ទីពីរនេះ គ្រឿងដែលប្រើសុទ្ធតែជារុក្ខជាតិទាំងស្រុងឬយ៉ាងណាឡើយ។ ឯនៅរូបលេខ៣៨-៤០ (ជាយក្រុងសៀមរាប) គឺគេផលិតមេដំបែក្នុងកម្រិតធំមួយ ហើយដែលអាចចាត់ទុកថាជាមុខរបរនៃគ្រួសារនោះ។ យើងឃើញថាដោយសារត្រូវផលិតច្រើន គេប្រើម៉ាស៊ីនឲ្យបុកត្បាល់ក្ដឿងជំនួសជើងមនុស្ស។ អ្នកផលិតនោះទិញគ្រឿងផ្សំដែលមកពីទីផ្សេងៗខុសៗគ្នា ពោលគឺពុំមែនទៅរកខ្លួនឯងឡើយ។ មានរុក្ខជាតិមួយចំនួនដែលដឹកមកពីភ្នំពេញហើយដែលឈ្មួញកណ្ដាលអះអាងថាមានប្រភពពីភ្នំក្រវាញ ឯមួយចំនួនទៀតគឺមកពីទីដទៃ។ ត្រង់នេះខ្ញុំក៏ពុំដឹងច្បាស់ថាគ្មានប្រើគីមីទាល់តែសោះឬយ៉ាងណាដែរ។  

រូបលេខ២១

រូបលេខ២២

រូបលេខ២៣

រូបលេខ២៤

រូបលេខ២៥

រូបលេខ២៦

រូបលេខ២៧

រូបលេខ២៨

រូបលេខ២៩

រូបលេខ៣០

រូបលេខ៣១

រូបលេខ៣២

រូបលេខ៣៣

រូបលេខ៣៤

រូបលេខ៣៥

រូបលេខ៣៦

រូបលេខ៣៧

រូបលេខ៣៨

រូបលេខ៣៩

រូបលេខ៤០

រូបលេខ៤១

ជាការគួរឲ្យសោកស្តាយក្រៃលែង ដោយសង្កេតឃើញថាទំនោរសព្វថ្ងៃនេះរត់ទៅរកគ្រឿងគីមីដែលដាក់កញ្ចប់លក់ស្រាប់ៗ ហើយដែលគ្មាននរណាម្នាក់ដឹងថាសារធាតុដើមជាអ្វីទាល់តែសោះ (រូបលេខ ៤១)។ ហេតុដែលនាំឲ្យទៅជាដូច្នេះ ព្រោះកញ្ចប់មេលក់ស្រាប់ៗរបៀបនេះមានតម្លៃថោក។ ដែលខ្ញុំថាស្តាយនេះគឺទីមួយខ្ញុំយល់ថាគួរឲ្យបារម្ភខ្លាំងអំពីផលវិបាកទៅលើសុខភាពមនុស្ស ឯទីពីរគឺស្រាសដែលជាផ្នែកមួយនៃវប្បធម៌ប្រពៃណីខ្មែរដែលគួរតែនាំគ្នាលើកតម្លៃដោយស្រាវជ្រាវពិសោធធ្វើឲ្យកាន់តែប្រសើរឡើងទៅ (ដូចជាជប៉ុនគេធ្លាប់ធ្វើស្រា Saké ដែលពីមុនមកមានតែនៅតាមគ្រួសារឲ្យឡើងដល់កម្រិតឧស្សាហកម្មធំ) នឹងក្លាយទៅជាអន់ថយទុកគ្រាន់សម្រាប់តែអ្នកខ្សត់ខ្សោយថវិកាខ្លាំងទទួលទានប៉ុណ្ណោះ។