កោរជុកនៅអង្គរវត្ត

ពាក្យថា «ជុក» នេះគឺនិយាយតាមពាក្យថាជាទូទៅ ឯអ្នកស្រុកនៅតំបន់ខាងជើងនិងពាយព្យនៃប្រទេស កម្ពុជា ច្រើនហៅថា «កំប៉ោយ» ឬ «កំប៉ោច» ហើយបើគេចង់និយាយពីកិច្ចពិធីកាត់កំប៉ោចជាស្ថាពរនោះ គេច្រើននិយាយសាមញ្ញថា «កោរសក់»។ ពិធីនេះមាននិយាយម្តងហើយនៅជំពូក២ អត្ថបទលេខរៀង ទី៥ តែកាលនោះនិយាយពីទំនៀមអ្នកស្រុកអង្គរ ដែលតែងប្រារព្វកិច្ចនេះនៅក្នុងភូមិខ្លួនផ្ទាល់។ ឯនៅទីនេះវិញយើងខ្ញុំរៀបអត្ថបទយ៉ាងខ្លីនេះមកបង្ហាញដោយចង់សង្កត់ធ្ងន់លើការគោរពអង្គរវត្ត គឺអ្នកស្រុកឆ្ងាយពីអតីតរាជធានីអង្គរដែលខំធ្វើដំណើរផ្លូវឆ្ងាយទម្រាំដល់អង្គរវត្ត ដើម្បីយកកូនមកកោរជុក។ បើត្រឡប់ថយក្រោយប្រមាណ៥០ឆ្នាំមុន ទំនៀមនេះគេនៅថែរក្សាខ្ជាប់ខ្ជួនល្អណាស់ ជាពិសេសបើពោលពីអ្នកស្រុកដែលរស់នៅតំបន់ពាយព្យ។ នៅជំនាន់នោះធ្វើដំណើរជាទូទៅដោយរទេះគោទាំង ជួរៗបរកាត់ព្រៃខ្លះៗ ហើយសុទ្ធតែមានដេកផ្លូវផង។ សព្វថ្ងៃនេះមិនលំបាកកាយដូច្នោះទៀតទេ តែទំនៀមបែរជាប្រឈមខ្លាំងនឹងការបាត់បង់។ ដូច្នេះឧទាហរណ៍ដែលយើងខ្ញុំបានឃើញកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥កន្លងមកនេះ ជាករណីដែលមានដោយកម្រ។ អ្នកស្រុកនោះមកពីភូមិបុសស្បូវ ស្រុកស្រីសោភ័ណ រីឯសាមីកិច្ចពិធីនោះជាក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ដែលគេចាត់ទុកថាជាអាយុកាលល្អសមនឹងធ្វើកិច្ច ដ្បិតដែលគេហៅថាល្អនោះគឺទីមួយ គួរឲ្យចំលេខសេស ទីពីរ ត្រូវតែធ្វើឲ្យបានមុន «ពេញក្រមុំ» (គឺមុនពេលមានរដូវដំបូង) ហើយចាប់ពីអាយុ១០ឆ្នាំឡើងទៅ។ 

កិច្ចពិធីសុទ្ធនោះពុំធំដុំអ្វីទេ បើប្រៀបទៅអ្នកស្រុកអង្គរ ដ្បិតប្រការដែលសំខាន់គឺការពុះពារធ្វើដំណើរផ្លូវឆ្ងាយយ៉ាងណាឲ្យបានមកធ្វើនៅ «ព្រះនគរ»។ គេនិមន្តព្រះសង្ឃ៥អង្គពីវត្តដែលនៅក្នុងអង្គរវត្តតែម្តង ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត (រូបលេខ១-៣) មុននឹងកោរសក់ ហើយប្រោះព្រំជាកិច្ចបង្ហើយ។

ដូចបានជម្រាបពីខាងលើមកហើយ គោលបំណងយើងខ្ញុំពុំមែនចង់បរិយាយអំពីកិច្ចនានាទេ គឺថាយក មកនិយាយនេះដើម្បីបង្ហាញអំពីសារសំខាន់នៃអង្គរវត្ត ដែលពីមុនមកធ្លាប់ជាទីមនុស្សម្នាមកបូជាពីទីជិតទីឆ្ងាយ ហើយដែលសព្វថ្ងៃនេះពុំទាន់បាត់បង់សូន្យនៅឡើយទេ។

 រូបលេខ១

 រូបលេខ២

 រូបលេខ៣