ក្មេង, បរិស្ថាន, ម្ហូបអាហារ

ដោយ  អាំង ជូលាន

បរិស្ថាននិងរបៀបរស់នៅតែងខុសគ្នារវាងក្រុងនិងជនបទ។ ប្រការនេះងាយយល់ទេ មិនបាច់បកស្រាយឲ្យវែងឆ្ងាយនៅទីនេះឡើយ។ រឿងដែលខ្ញុំនឹងលើកយ៉ាងខ្លីមកនិយាយក្នុងអត្ថបទនេះចេញមកពីការសង្កេតទៅលើក្មេងនៅជនបទ ព្រមទាំងការរួមចំណែករបស់វាក្នុងម្ហូបអាហារ។ ទោះជាក្នុងជនបទក្តី ក៏ខ្ញុំសូមចែកស្រុកផ្សារនិងស្រុកស្រែឲ្យដាច់ពីគ្នាបន្តិច។

តាមធ្លាប់សង្កេតមកហាក់ដូចជាឃើញថានៅជនបទ ក្មេងច្រើនចាប់អារម្មណ៍លើសកម្មភាពរាល់ថ្ងៃរបស់មនុស្សចាស់។ ដូច្នេះហើយបានជាពីមុនមកតែងឃើញក្មេងលេង «បាយឡុកបាយឡ» នៅតំបន់ប្រភេទនោះញឹកញាប់គ្រប់ទីកន្លែង សូម្បីតែសព្វថ្ងៃក៏គង់នៅមានឃើញលេងខ្លះៗដែរ មិនទាន់បាត់សូន្យឈឹងដូចនៅទីក្រុងឡើយ។ នេះគឺមកពីវាតែងសង្កេតមើលសកម្មភាពមនុស្សចាស់ទាក់ទងនឹងការងារផ្ទះរាល់ថ្ងៃ។ នៅរូបលេខ១ គេឃើញថាក្មេងស្រីម្នាក់កំពុងលេងដាំបាយ ដែលជាល្បែងសុទ្ធសាធ។ នៅរូបលេខ២-៣ គេឃើញក្មេងកំពុងជីកចង្រិត ឯជីកនោះពុំមែនបានច្រើនរហូតដល់យកទៅចម្អិនបានទៅជាម្ហូបពេញលេញទេ តែក៏គង់យកទៅលីងទទួលទានលេងបានដែរ។ នៅរូបលេខ ៤-៦ក៏ដូចគ្នាដែរ គឺថាក្មេងពីរនាក់ដែលទៅខ្វារក្តាមនោះបានលទ្ធផលមកមែន ថ្វីដ្បិតតែបន្តិចបន្តួចពុំបានយកមកស្លបានមួយឆ្នាំងជាដើម។ ម្យ៉ាងទៀតកង្វារនោះក៏វាធ្វើខ្លួនឯងដែរ ព្រោះវាធ្លាប់សង្កេតមនុស្សចាស់ធ្វើ។ នៅរូបលេខ៧-៨ គឺសុទ្ធតែក្មេងដែលអូសត្រីនៅថ្លុករាក់មួយមុខផ្ទះ ហើយមួយក្រុមៗបានកូនត្រីបន្តិចបន្តួចដែរយកទៅផ្ទះរៀងៗខ្លួន ចំណែកឯនៅរូប៩-១០វិញ ក្មេងបីនាក់បាចត្រីនៅមាត់ផ្លូវមួយ ហើយបានត្រីធំៗយកទៅផ្ទះ ប្រហែលធ្វើម្ហូបបានច្រើនពេលទៀតផង។

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩

អំពីម្ហូបអាហាររាល់ថ្ងៃនៅជនបទ ខ្ញុំយល់ថាស្រុកផ្សារឬទីដែលនៅជិតផ្សារប្រហែលជាខុសគ្នាខ្លះនឹងស្រុកស្រែសុទ្ធសាធ។ រូបលេខ១១-១៦ បង្ហាញពីទិដ្ឋភាពមួយនៅភូមិដូនទាវ មិនឆ្ងាយប៉ុន្មានពីផ្សាររលួស ៖ ក្មេងៗច្រើននាក់ដែលទើបនឹងចេញពីរៀនមុនថ្ងៃត្រង់ ពេលមកដល់ផ្ទះភ្លាម ចាស់ៗប្រើឲ្យទៅបេះស្លឹកស្តៅដែលនៅមុខផ្ទះនោះ ហើយបន្ទាប់មកវាក៏ជួយធ្វើម្ហូបតាមដែលចាស់ប្រើ រហូតដល់បានទទួលទានគ្រប់គ្នា។ បើនៅរូប១៧-២០វិញ ការរួមចំណែកនោះកាន់តែខ្លាំងទៅទៀត គឺថាប្តីប្រពន្ធពីរនាក់គ្រោងនឹងធ្វើ

រូបលេខ១០

សម្លប្រហើរត្នោត ម្ល៉ោះហើយប្តីក៏ឡើងបេះត្នោតហើយយកមកចិតទុកឲ្យហើយ។ មុននោះបន្តិច គេប្រើក្មេងស្រីតូចៗបីនាក់ឲ្យទៅជញ្ជាត់ត្រីនៅប្រឡាយមួយមិនឆ្ងាយពីផ្ទះដែលស្ទើរតែខះទឹកទៅហើយ។ នេះមានន័យថាគេដឹងមុនថាច្បាស់ជានឹងបានត្រីនិងអ្វីផ្សេងទៀតជាពុំខាន ហើយលទ្ធផលក៏ដូច្នោះ មែន ពេលដែលក្មេងត្រឡប់មកវិញឃើញថាបានកូនត្រីនិងកន្ទេះឡង់មួយចំនួនផង។ ក្មេងទាំងបីនាក់នោះថែមទាំងជួយធ្វើម្ហូបនាងជាប្រពន្ធនោះទៀតផង។ ជួនកាលទៅទៀតមិនមែនជាម្ហូបអាហារពេលបាយពិតប្រាកដទេ តែក្មេងវារពិសដៃធ្វើចំណីចំណុកបន្តិចបន្តួចហូបលេងជាការកំសាន្តតែក្នុងរង្វង់គ្នាវាប៉ុណ្ណោះ ដូចជានៅរូបលេខ២១-២៤។ នៅមុខផ្ទះនោះមានអំពិលមួយដើមដែលកំពុងតែពេញផ្លែ។ ក្មេងពីបីនាក់ក៏នាំគ្នាអង្រួនមែកផងបេះផងលុះត្រាតែបានចំនួនផ្លែអំពិលតាមចិត្តវាចង់ ហើយវាយកមកស្ងោររួចបកសម្បក ទើបបុកអំបិលម្ទេសយកមកប្រឡាក់ហូប។

រូបលេខ១១

រូបលេខ១២

រូបលេខ១៣

រូបលេខ១៤

រូបលេខ១៥

រូបលេខ១៦

រូបលេខ១៧

រូបលេខ១៨

រូបលេខ១៩

រូបលេខ២០

រូបលេខ២១

រូបលេខ២២

រូបលេខ២៣

រូបលេខ២៤

ទាំងអស់នេះ យើងមិនងាយដែលប្រទះនៅទីក្រុងឡើយ ឯហេតុនោះមានច្រើនយ៉ាង តែប្រការដែលសំខាន់ដែរនោះគឺបរិស្ថានព្រមទាំងរបៀបរស់នៅរាល់ថ្ងៃដែលធ្វើឲ្យក្មេងមានការសង្កេតសកម្មភាពមនុស្សចាស់ ហើយយកតម្រាប់តាមដោយមិនដឹងខ្លួន។ បើយើងគិតថាការធ្វើម្ហូបអាហារជាមរតកអរូបិយ ឧទាហរណ៍ទាំងប៉ុន្មានខាងលើនេះសឲ្យឃើញថាមរតកនេះជ្រួតជ្រាបពីជំនាន់មួយទៅជំនាន់មួយតាមរយៈរបៀបរស់នៅច្រើនជាងតាមរយៈការរៀននៅសាលា។