កូនក្លឹង

ដោយ ហេង សុផាឌី

កូនក្លឹងដែលលើកមកនិយាយនៅទីនេះ ជាឧបករណ៍មួយដែលជា
ដៃគូនឹង «ទ្រនះ» (អ្នកស្រុកខ្លះទៀតហៅថា «ល្ក») សម្រាប់ប្រើ
ក្នុងការធ្វើក្អមឆ្នាំង។ បើមើលរូបលេខ១ យើងឃើញថា ដៃស្ដាំរបស់
ស្មូនកាន់​ទ្រនះដើម្បីវាយទះថ្នមៗលើផ្ទៃក្រៅនៃភាជន៍ឲ្យស្មើល្អ រីឯ
ដៃឆ្វេងវិញកាន់កូក្លឹងទប់ពីខាងក្នុង ដើម្បីកុំឲ្យការវាយនោះបណ្តាល
ឲ្យបែកដី។ បានជាប្រើពាក្យថា «ក្លឹង» គឺមកអំពីគេទប់ពីក្នុងនោះ
ធ្វើចលនា​ក្រឡឹងជុំវិញផ្ទៃក្នុងមួយជុំហើយមួយជុំទៀត លុះត្រាតែ
សាច់ភាជន៍ទាំង​មូលម៉ដ្ឋហើយមានកម្រាស់ស្មើគ្នា។ បច្ចេកទេស
នេះមានបង្ហាញម្ដងមកហើយដែរ នៅជំពូកទី១ លេខរៀងទី៥០
ប៉ុន្តែនៅទីនេះខ្ញុំចង់បង្ហាញថា គេប្រើបច្ចេកទេសនេះតាំងពីសម័យ
បុរេប្រវត្តិមកម៉្លេះ។ 

រូបលេខ១

នៅជំនាន់ជាយូរមកហើយនោះ កូនក្លឹងភាគច្រើនដែលប្រទះឃើញសុទ្ធសឹងធ្វើពីដីដុត ហើយមាន
តិចតួចណាស់ដែលផលិតពីថ្មភក់ ដូចមានឧទាហរណ៍នៅស្ថានីយម្លូព្រៃ។ កូនក្លឹងភាគច្រើនមានរូប
រាងស្រដៀងផ្សិត (រូបលេខ២) ខ្លះទៀតរាងដូចកូនជញ្ជីង (រូបលេខ៣ បានមកពីស្ថានីយបន្ទាយគូ
នៅក្រែក ខេត្តកំពង់ចាម)។ ជាទូទៅ នៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រ មិនថានៅកម្ពុជាបច្ចុប្បន្ន
ឬប្រទេសណាទៀតនៃអាស៊ីអាគ្នេយ៍ឡើយ គេតែងប្រទះឃើញកូនក្លឹងនៅលាយឡំជាមួយបំណែក
ភាជន៍និងឧបករណ៍ប្រើប្រាស់ដទៃទៀត។ រូបលេខ៤ បានមកពីស្ថានីយសំរោងសែន, រូបលេខ៥
ជាគំនូរចម្លងពីវត្ថុបានមកពីស្ថានីយម្លូព្រៃ ខេត្តព្រះវិហារ, រូបលេខ៦ បានមកពីអង្គរបុរី ខេត្តតាកែវ,
រូបលេខ៧ បានមកពីភូមិសុរភី ខេត្តបន្ទាយមានជ័យ។ 

នាបច្ចុប្បន្ននេះ ស្មូននៅតាមតំបន់ផ្សេងៗប្រើបច្ចេកទេសដែលវិវឌ្ឍហួសពីការប្រើកូនក្លឹងនិងទ្រនះ
នេះដែរ មានការប្រើអន្ទោកឬឈ្នាន់បង្វិលជាដើម ដែលធ្វើឲ្យការផលិតនោះលឿងឆាប់រហ័ស។
ប៉ុន្តែនៅអត្ថបទខ្លីនេះ គោលបំណងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការប្រើកូនក្លឹងមានជាយូរអង្វែងមក
ហើយ រីឯសព្វថ្ងៃសោតក៏មិនទាន់បាត់បង់រលត់ទៅដែរ។

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧