លាញ

ដោយ អាំង ជូលាន    

«លាញ» ជាពាក្យឫសមួយ ដែលសព្វថ្ងៃនេះកម្រប្រទះឃើញទៀត។ ពាក្យនេះមានន័យថា «ខូចខាត»,
«ខ្ទេចខ្ទី», «រលាយ»។ល។ ពាក្យកម្លាយតពីនោះមកគឺ «ផ្លាញ» ហើយតមួយជាន់មកទៀត គឺ «បំផ្លាញ»
(ធ្វើឲ្យខូចខ្ទេចខ្ទី)។ សព្វថ្ងៃមនុស្សភាគច្រើនស្គាល់តែពាក្យក្រោយគេនេះឯង។តែពាក្យ «លាញ» ក៏ពុំ
ទាន់បាត់ឈឹងពីការប្រើប្រាស់ទាំងស្រុងដែរ ដូចមាន «បទពិចារណា» ដែលគេបិទនៅកុដិព្រះសង្ឃ
មួយកន្លែង ហើយដែលមានបង្ហាញនៅរូបលេខ១ ត្រង់បន្ទាត់ទី៣។ 

រូបលេខ១

បទពិចារណាទាំងមូលនេះ បើសរុបមកគឺថា វក់នឹងអ្វីមួយហើយ ភ្លេចគិតរឿងវែងឆ្ងាយដែលមាន
ជម្រៅជាងនោះ។ កំណាត់ឃ្លាទី១ នៅបន្ទាត់ទី៣នោះ និយាយថា «ស្រវឹងនឹងលោក ភ្លេចលាញ»។
«លោក» នៅត្រង់នេះសំដៅទៅអ្វីដែលជារឿងសើៗ សប្បាយធម្មតា ដូចពាក្យបារាំងសេសថា
mondanité ឬពាក្យអង់គ្លេស៍ថា mundanity ។ ដូច្នេះកំណាត់ឃ្លានោះប្រែថា «ឈ្លក់នឹងការសប្បាយ
ភ្លេចអន្តរាយនៅពេលក្រោយ»។

ពីមុនមកពាក្យ «លាញ» ច្បាស់ជាប្រើទូទៅ មិនដូចសព្វថ្ងៃនេះទេ។ នៅប្រាសាទអង្គរវត្តមានសិលា
ចារឹកមួយចារនៅស.វ.ទី១៧ និយាយពីការប្រោសខ្ញុំម្នាក់ ដែលធ្វើឡើងក្នុងឱកាសបុណ្យសព្វមួយ។
អ្នកគ្រូ ពៅ សាវរស បានសិក្សាសិលាចារឹកនេះល្អិតល្អន់ ផ្សព្វផ្សាយនៅឆ្នាំ១៩៧២រួចហើយ។ រឿង
នោះគឺថាស្រីម្នាក់ឈ្មោះនាងព្រះយស បានទុកបណ្តាំថា ពេលគាត់ស្លាប់ទៅសូមឲ្យគេប្រោស
«អាគង់» ដែលជាខ្ញុំបម្រើគាត់ ឲ្យជាអ្នកជានៅពេលធ្វើបុណ្យសព្វរបស់គាត់។ ខ្ញុំស្រង់យកឃ្លាខាង
ចុងបង្អស់មកបង្ហាញនៅទីនេះ ដើម្បីពន្យល់ពាក្យ «លាញ» ផង និងដើម្បីបង្ហាញពាក្យផ្ដាសាមួយផង
ព្រោះនាងព្រះយសនោះបារម្ភថា ក្រោយពីគាត់ស្លាប់ទៅក្រែងមាននរណាមកយកអាគង់ ដែលប្រោស
ឲ្យរួចជាអ្នកជាហើយ ទៅប្រើជាខ្ញុំទៀត (រូបលេខ២)។ ពាក្យចារឹកចុងក្រោយនេះ បើដាក់ជាអក្សរពុម្ព
ងាយអានគឺ ៖

[...] មូយនិ្យ សោត ថ ប្អេហ នន្និង ទិងហេម និក អំពិ្យ អាគង លេយ ឲ្យ វា លាញ តូចស្វាយគេរ័ហ ឲ្យវា លាញ តូចរ័ន្ទះគេប័ញ សោតហោង៕៚

បើដាក់ជាអក្ខរាវិរុទ្ធសព្វថ្ងៃគឺ ៖

[...] មួយនីសោត ថាបើនរណា នឹងដង្ហើមនឹកអំពីអាគង់ឡើយ ឲ្យវា លាញ ដូចស្វាយគេរះ ឲ្យវា លាញ ដូចរន្ទះគេបាញ់ សោតហោង៕៚

រូបលេខ៧

និយាយសម្រួលបន្តិចតាមសព្វថ្ងៃគឺ ៖ «មួយវិញទៀត បើនរណាម្នាក់ហ៊ាននឹកដើមអាគង់ក្នុងបំណង
យកទៅប្រើជាខ្ញុំ] សូមឲ្យវាអន្តរាយដូចស្វាយគេរះ ដូចរន្ទះគេបាញ់»។