ការចងចាំស្នាដៃចាស់ព្រេងព្រឹទ្ធ

ដោយ អាំង ជូលាន

អ្នកសិក្សាសិលាចារឹកបុរាណដឹងថា នរណាដែលបានទុកស្នាដៃអ្វីខ្ពង់ខ្ពស់តែងតែមានអ្នកក្រោយមក
ទៀតចងចាំអ្នកនោះ ព្រមទាំងស្នាដៃនោះយូរអង្វែង។ ឧទាហរណ៍ជាក់ស្ដែងបំផុតគឺករណីព្រះបាទ
ជ័យវរ្ម័នទី២។កាលដើមស.វ.ទី៩ ព្រះអង្គយាងទៅតាំងរាជធានីលើភ្នំគូលែន ហើយធ្វើពិធីមួយ
ប្រកាសថា កម្ពុជាលែងចំណុះជ្វាទៀតហើយ ឯអំណើះតទៅព្រះអង្គគង់ជាស្តេចចក្រពត្តិ។ រវាង
ប្រមាណ២៥០ឆ្នាំក្រោយមក សិលាចារឹកនៅតែរំលឹកព្រឹត្តិការណ៍នោះ ហើយជាពិសេសចូលចិត្ត
និយាយពីព្រះអង្គថា «ព្រះរាជាដែលយាងទៅមហេន្ទ្របព៌ត» (ភ្នំគូលែន)។ យ៉ាងតិចក៏មានសិលា
ចារឹក២០ដែរ ចារនៅសម័យកាលខុសៗគ្នា ដែលរំលឹកអំពីព្រះអង្គ។

ឧទាហរណ៍ខ្លីដែលខ្ញុំនឹងបង្ហាញខាងក្រោមនេះ ក៏ឆ្លុះបញ្ចាំងពីការចងចាំយូរអង្វែងដែរ តែពុំទាក់ទង
ផ្ទាល់នឹងព្រះរាជាទេ គឺទាក់ទងនឹងអ្នកមានយសម្នាក់។ ដែលអាចជាបព្វជិតផងក៏មិនដឹង ហើយដែល
មានឈ្មោះថា ឝី្រសត្យវម៌ (ស្រីសត្យវម៌)។ ប្រហែលជាការចងចាំរឿងនេះមានជាពិសេសក្នុង
ចំណោមពុទ្ធសាសនិកមហាយាន។ 

សិលាចារឹកលេខ K. 111 ចារជាភាសាសំស្ក្រឹត នៅស.វ.ទី១០ បានមកពីវត្តស៊ីធរ ខេត្តព្រៃវែង។ មួយភាគ
ធំនៃសិលាចារឹកយ៉ាងវែង ដែលមាន២០០បន្ទាត់នេះ និយាយពីបណ្ឌិតម្នាក់ឈ្មោះ  កីរ្តិបណ្ឌិត (កេរ្តិ៍
បណ្ឌិត) ដែលបានសាងកុសលយ៉ាងច្រើនក្នុងព្រះពុទ្ធសាសនា។ ល្បះទី៤៥និយាយថា គាត់បាន
តម្កល់សម្អិតសម្អាងឡើងវិញនូវប្រតិមាជាង១០ ដែលក្នុងនោះមានព្រះលោកេសូរ ហើយដែលពីមុន
មកស្រីសត្យវម៌ បានសាងនៅលើភ្នំមួយ។

សិលាចារឹកលេខ K. 1158 ចារជាភាសាសំស្ក្រឹតផង ខ្មែរផង រវាង១០០ឆ្នាំក្រោយពីសិលាចារឹក K. 111
អម្បាញ់មិញ។ គេប្រទះឃើញប្រមាណ៣០ឆ្នាំមុននេះនៅជិតក្រុងនគររាជ (ប្រទេសថៃឡង់ដ៍
បច្ចុប្បន្ន)។បើគិតទៅសិលាចារឹកមុនឃើញថា ពេលចារខុសគ្នារវាង១០០ឆ្នាំ ឯទីកន្លែងវិញក៏នៅឆ្ងាយ
ពីគ្នាណាស់ព្រោះមួយនៅព្រៃវែង មួយទៀតនៅនគររាជ។ តែមើលសេចក្តីក្នុងសិលាចារឹកនគររាជនេះ
ទៅឃើញគេរំលឹកពីរឿងដូចគ្នា ដ្បិតក្នុងផ្នែកជាភាសាខ្មែរមាននិយាយថា ៖ 

ប្រែសម្រួលតាមសព្វថ្ងៃថា ៖

[...] ព្រះពុទ្ធលោកេសូរទាំងប្រាំបួន ដែលកំស្តែង ស្រីសត្យវម៌ ដ៏ខ្លាំងពូកែបានសាងមកពីព្រេងនាយ
នៅលើភ្នំអភ័យគិរី ដើម្បីកុំឲ្យជ្វាជិះជាន់ស្រុកខ្មែរ [...]

ក្រៅអំពីព្រះលោកេសូរដែលកសាងនៅលើភ្នំ សិលាចារឹកនគររាជរំលឹកពីការយកកិច្ចសាសនាជា
មធ្យោបាយធ្វើឲ្យខ្មែរឯករាជ្យពីជ្វាទៀតផង ដែលជាតម្រុយឲ្យយើងគិតថា ស្រីសត្យវម៌ ប្រហែលជា
កសាងព្រះទាំងនោះនៅដើមស.វ.ទី៩។ ប៉ុន្តែ នេះជារឿងមួយទៀត រីឯបំណងរបស់ខ្ញុំនៅក្នុងអត្ថបទខ្លី
នេះ គ្រាន់តែចង់ជូនឧទាហរណ៍ខ្លីថា អ្នកចារអក្សរថ្មពីរនាក់រស់នៅជំនាន់ខុសគ្នាមួយសតវត្ស ក្នុងតំបន់
ពីរដាច់ឆ្ងាយផ្សេងពីគ្នា រំលឹកអំពីមនុស្សចាស់ពីព្រេងព្រឹទ្ធតែមាក់ ព្រមទាំងស្នាដៃរបស់គាត់ដូចគ្នា។