[ អ្នកម្តាយ ]

ដោយ អាំង ជូលាន    

ពាក្យកាព្យខ្លីដែលមានតែ១៥ល្បះដូចខ្ញុំនឹងបង្ហាញខាងក្រោមនេះពុំមានអ្វីប្លែកណាស់ណាទេ ព្រោះគ្រាន់តែជាពាក្យកូនដែលថ្លែងសម្តែងការដឹងគុណចំពោះឪពុកម្តាយជាធម្មតា ដូចមាននៅក្នុងកាព្យផ្សេងៗទៀតជាច្រើនដែរ។ បំណងរបស់ខ្ញុំគឺចង់ឆ្លៀតយកពាក្យពេចន៍ខ្លីនេះមកពិចារណាថា ការដែលមនុស្សនឹកទៅដល់ «អ្នកមានគុណ» នោះ តើនឹកទៅនរណាជាពិសេស។ 

កាព្យដែលខ្ញុំបានឃើញសរសេរអក្សរដៃនេះពុំឃើញមានចំណងជើងទេ ដូច្នេះហើយបានជាខ្ញុំយក «ក្នៀប» មកដាក់នៅសងខាងចំណងជើងថា «អ្នកម្តាយ» ដែលខ្ញុំបង្កើតឡើងដោយខ្លួនឯង។ ហេតុផលមានដូចតទៅ ៖
          - គេសម្តៅទៅអ្នកមានគុណទាំងពីរដោយប្រើពាក្យ «មាតាបិតា» នៅល្បះទី២, ៥ និង៧។
          - ឯពាក្យថា «មាតា» មានប្រទះពីរដងនៅល្បះទី៣ និងម្តងនៅល្បះទី១០។
          - នៅល្បះទី១០ដដែលនេះមានពាក្យថា «អ្នកម្តាយ» ទៀតផង។
         - មិនតែប៉ុណ្ណោះនៅល្បះទី៤មានពាក្យថា «ព្រះមេ» ។
         - ក្រៅអំពីនេះ នៅក្នុងកាព្យទាំងមូលមាពាក្យថា «អ្នក», «ម្ចាស់», «ព្រះសោភ័ណ» ដែលមើលតាម
           បរិបទទូទៅអាចឲ្យយល់ថាសម្តៅទៅម្តាយ។

និយាយមកនេះ ខ្ញុំគ្មានបំណងបញ្ឆិតបញ្ឆៀងឬក៏អះអាងថាខ្មែរយល់ថាម្តាយមានគុណលើសឪពុកទាល់តែសោះ គឺគ្រាន់តែវិភាគលើពាក្យដែលប្រើនៅក្នុងកាព្យនេះតែប៉ុណ្ណោះ។ តែយ៉ាងណាក៏ខ្ញុំមានយោបល់បន្តិចដែរ គឺថាពាក្យកាព្យរបៀបនេះ (ជួនកាលគេហៅថា «ល្បា») ច្រើនតែសង្កត់ទៅការដែលម្តាយពពោះកូននៅក្នុងផ្ទៃហើយមានការលំបាកគ្រប់បែបយ៉ាង។ មើលទៅតែល្បះទី៣ក៏ឃើញដែរត្រង់ពាក្យថា «កាលពីកូននៅក្នុងឧទរ»។ មួយវិញទៀត ពាក្យថា «រកម៉ែ» ក៏ប្រើជោកជាំក្នុងភាសាខ្មែរដែរ ដូចយើងដឹងស្រាប់គ្រប់គ្នា គឺថាតែមានការអ្វីភិតភ័យរកគេជួយឬក៏ឈឺអ្វីខ្លាំងក៏ដោយ ក្មេងតែងតែទ្រហ៊ោយំរត់ទៅ «រកម៉ែ»។

​​​      ​​​      ​​​      ​​​      ១. អហំនាមាសិរោរាប​​​      ​​​                        ឱនកាយបន្ទាបក្រាបវន្ទា
​​​      ​​​      ​​​      ​​​          សូមពោលសម្តែងថ្លែងពណ៌នា​​​      ​​​          វន្ទាគោរពព្រះគុណថ្លៃ។

      ​​​      ​​​      ​​​      ២. មាតាបិតាបង្កើតកាយ​​​      ​​​                    មានគុណជ្រៅឆ្ងាយហួសនិស័្សយ
      ​​​      ​​​      ​​​          ធ្ងន់លើសប្រថពីឥតឧបមី​​​      ​​​                ខ្ពស់ផុតនិស្ស័យព្រះសុមេរា។

​​​      ​​​      ​​​      ​​​      ៣. កាលពីកូននៅក្នុងឧទរ​​​      ​​​                   មាតាថ្នមទ្រគ្រងរក្សា
                             ប្រសូត្រចេញរួចមកកាលណា​​​      ​​​          មាតាប្រទានទឹកព្រះក្សេរ។

​​​      ​​​      ​​​      ​​​      ៤. បីបមថ្នមពរលាង​​​      ​​​                          បញ្ចេញសូរសៀងច្រៀងបំពេ
                            បបោសអង្អែលអស់កាយ​​​      ​​​                ព្រះមេមានគុណធ្ងន់ជ្រៅឆ្ងាយ។

​​​      ​​​      ​​​      ​​​      ៥. បពិត្រអ្នកមាតាបិតា​​​      ​​​                      កូននឹកខ្លោចផ្សារពេកអម្បាយ
                            តាំងពីកូនកើតមានរូបកាយ​​​      ​​​              អ្នកតែងខ្វល់ខ្វាយថែរក្សា។

​​​      ​​​      ​​​      ​​​      ៦. ឱអ្នកម្ចាស់ថ្លៃវិសេសលន់​​​      ​​​                អ្នករងទុក្ខធ្ងន់ពន់ពេកណា
     ​​​      ​​​      ​​​          ព្រោះអ្នកបីបមថ្នមស្ងួនភ្ងា​​​      ​​​                ពុំអាចពណ៌នាឲ្យអស់បាន។

​​​      ​​​      ​​​      ​​​      ៧. ដូច្នេះកូនសូមផ្គងអញ្ជលី​​​      ​​​                លើកហត្ថទាំងពីរបន្ទន់ប្រាណ
     ​​​      ​​​      ​​​          បង្គំមាតាបិតាសូមក្សេមក្សាន្ត​​​      ​​​             ទោសខុសប៉ុន្មានសូមប្រណី។

​​​      ​​​      ​​​      ​​​      ៨. ម្ចាស់អើយកាលកូនទ្រហ៊ោយំ​​​      ​​​           អ្នកស្ទុះមកថ្នមត្រកងបី
     ​​​      ​​​      ​​​          ច្រៀងបំពេកូនដោយប្រិមប្រិយ​​​      ​​​           ដោយពាក្យមេត្រីផ្ដេកស្ងួនភ្ងា។

​​​      ​​​      ​​​      ​​​      ៩. ទឹកមាត់ទឹកមូត្រលាមកផង​​​      ​​​              ទាំងគ្រឿងសៅហ្មងផងនានា
     ​​​      ​​​      ​​​          អ្នកកាន់អ្នកចាប់អ្នកប្រវ៉ា​​​      ​​​                  លាងដោយហត្ថាឥតជិនឆ្អន់។

​​​      ​​​      ​​​      ​​​      ១០. បពិត្រអ្នកម្តាយមានករុណា​​​      ​​​            មាតាមានគុណវិសេសលន់
     ​​​      ​​​      ​​​          កូនសូមគោរពព្រះគុណធ្ងន់​​​      ​​​               សូមព្រះសោភ័ណបានក្សេមក្សាន្ត។

​​​      ​​​      ​​​      ​​​      ១១. ហេតុនេះកូនសូមឧទ្ទិសផល​​​      ​​​           តម្កល់ចេតនាដោយក្លាហាន
     ​​​      ​​​      ​​​          ទានសីលភាវនាដែលកូនបាន​​​      ​​​            សាងធ្វើប៉ុន្មានជូនទៅអ្នក។

​​​      ​​​      ​​​      ​​​      ១២. សូមអ្នកទទួលដោយសោមនស្ស​​​      ​​​      ចិត្តកូនត្រង់ស្មោះចំពោះជាក់
     ​​​      ​​​      ​​​          ដូចកូនបានពោលពាក្យសច្ចៈ​​​      ​​​              សូមជូនទៅអ្នកគ្រានេះហោង។

​​​      ​​​      ​​​      ​​​      ១៣. ដោយអានុភាពខ្ញុំគោរពគុណ​​​      ​​​          សូមព្រះមានបុណ្យជួយចម្លង
     ​​​      ​​​      ​​​          ឆ្លងផុតវាលបីដូចចិត្តប៉ង​​​      ​​​                   បានរួចរំលងដូចប្រាថ្នា។

​​​      ​​​      ​​​      ​​​      ១៤. ខ្ញុំសូមបានទាន់ព្រះដ៏មានបុណ្យ​​​      ​​​       ទ្រង់យាងមកលើកព្រះសាសនា
     ​​​      ​​​      ​​​          ខ្ញុំសូមបានទាន់ព្រះស្រីអារ្យ​​​      ​​​                បានស្តាប់ទេសនាដូចចិត្តប៉ង។

​​​      ​​​      ​​​      ​​​      ១៥. ប្រោសអស់មនុស្សសត្វផងទាំងឡាយ​​​      ​​​ជលធីវែងឆ្ងាយច្រើនណាស់ហោង
     ​​​      ​​​      ​​​          បានរួចរំដោះភពភ័យផង​​​      ​​​                   ជៀសចាករំលងដល់និព្វាន។