ផ្ចាញ់មារ

ដោយ ព្រាប ចាន់ម៉ារ៉ា

ខ្ញុំធ្លាប់និយាយខ្លះៗដែរពីពិធីទាក់ទងនឹងការអភិសេកព្រះ ក្នុងអត្ថបទដែលមានចំណងជើងថា «មធុបាយាស» ផ្សព្វផ្សាយក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះ នៅជំពូកទី២ លេខរៀងទី១៣។ ពិធីអភិសេកព្រះពុទ្ធរូបដែលទើបសាងថ្មីនោះ មានកិច្ចច្រើនត្រូវធ្វើបន្តបន្ទាប់គ្នាតាមលំដាប់លំដោយ តាំងពីពេលរសៀលទល់គ្នានឹងពេលព្រឹកស្អែកឡើង ពោលគឺអស់រយៈពេលមួយថ្ងៃមួយយប់។ បើរាប់តែកិច្ចសំខាន់ៗខ្លះឃើញមាន ៖ 

រូបលេខ១

កិច្ចបញ្ចុះល័ក្ខណ៍ (សូត្រលក្ខណៈផ្សេងៗរបស់ព្រះពុទ្ធអង្គក្នុងប្រតិមាដែលទើបសាងថ្មី), កិច្ចសូត្រធម៌យោគ, កិច្ចថ្វាយមធុបាយាស, បឋមត្រាស់, ផ្ចាញ់មារ, បើកព្រះនេត្រ, បង្វិលពពិល។ល។ កិច្ចទាំងឡាយនេះសុទ្ធមានព្រះសង្ឃ ឬតាអាចារ្យបើកក្រាំងសូត្រធម៌ដែលជាប្រវត្តិរៀបរាប់ពីព្រឹត្តិការណ៍ត្រង់ចំណុចនានានោះ (រូបលេខ១) ហើយនៅតំបន់ខ្លះគេថែមទាំងសម្តែងជាឈុតឆាក មានអ្នកដើរតួតាមដំណើររឿងផ្សេងៗផង។ ដើម្បីយល់ន័យទូទៅនៃការសម្តែងក្នុងកិច្ចពិធី សូមអានបន្ថែមអំពីអត្ថបទដែលមានចំណងជើងថា «សម្តែង» ផ្សព្វផ្សាយក្នុងបណ្តាញពត៌មានវប្បធម៌ខ្មែរនេះដែរ នៅជំពូកទី៣ លេខរៀងទី៤១។

នៅទីនេះខ្ញុំមិនបរិយាយអំពីពិធីអភិសេកព្រះទាំងមូលនោះទេ គឺខ្ញុំសូមលើកយកតែពីកិច្ចផ្ចាញ់មារប៉ុណ្ណោះមកនិយាយយ៉ាងសង្ខេបខ្លី ដោយមានបង្ហាញរូបថតខ្លះដែលលោក ស៊ុន ចាន់ដឹប ថតក្នុងពិធីអភិសេកព្រះនៅវត្តតាំងក្រសាំង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ 

យើងដឹងហើយពីពុទ្ធប្រវត្តិដែលនិយាយត្រង់ព្រះអង្គបានត្រាស់ដឹង គឺក្រោយពីព្រះអង្គទទួលបានស្បូវភ្លាំង៨ក្ដាប់ពីសោត្ថិយពាហ្មណ៍ (រូបលេខ២-៣) ព្រះអង្គយក៏យកមកក្រាលគង់ស្មឹងស្មាធិ៍ក្រោមដើមពោធិ៍ ហើយផុសចេញជាបល្ល័ង្ករត្នទ្រព្រះអង្គឡើង (រូបលេខ៤-៥)។ គ្រានោះមានកូនមារស្រីៗ៣នាក់ ចូលមកលួងលោមព្រះអង្គកុំឲ្យរកធម៌ត្រាស់ដឹង (រូបលេខ៦) តែដោយសេចក្តីតាំងព្រះទ័យមុតមាំមិន រវីរវល់នឹងរឿងសៅហ្មងនេះ កូនមារទាំងនោះក៏ទទួលបាបកម្មរបស់ខ្លួន បែរទៅជាចាស់ទ្រុឌទ្រោមគ្រាំ គ្រាដើរកាន់ឈើច្រត់ (រូបលេខ៦៖ នៅផ្នែកខាងឆ្វេង ខាងក្រោយរូបព្រះពុទ្ធអង្គ មានកូនមារទាំង៣ ក្លាយជាចាស់ៗដើរកាន់ឈើច្រត់ ) ហើយអន្តរធានអស់ទៅ។ ក្នុងកិច្ចពិធីវិញក៏គេសម្តែងដូចឈុតត្រង់នោះដែរ គឺមានក្មេងស្រី៣នាក់តែងខ្លួនស្អាតៗ (រូបលេខ៧) ធ្វើជាចូលមកនិយាយលួងលោមព្រះអង្គ (រូបលេខ៨) ហើយបន្តិចក្រោយមកក៏ធ្វើអាការដូចជាមនុស្សចាស់គ្រាំគ្រាដើរចេញទៅវិញ (រូប លេខ៩)។ បន្ទាប់មកទៀត ពួកមារលើកពលរេសេនាគគ្រឹកគគ្រេងមកសម្លុតគំរាមកំហែងព្រះពុទ្ធអង្គ ដើម្បីដណ្តើមយកបល្ល័ង្ករត្ននោះទុកជារបស់ពួកខ្លួន (រូបលេខ១០-១១)។​ ប៉ុន្តែពេលនោះ ព្រះពុទ្ធអង្គតម្កល់ព្រះទ័យស្ងប់មិនងាករេ តាំងស៊ប់ឆ្ពោះទៅរកធម៌ត្រាស់ដឹងជាពេជ្រញាណ ស្រាប់តែមាននាង គង្ហីងព្រះធរណីផុសចេញពីក្រោមបល្ល័ង្កមកធ្វើជាសាក្សីនៃការសន្សំបុណ្យបារមីរបស់ព្រះតថាគតអស់រយៈកាលបួនអសង្ខេយ្យកម្រៃមួយសែនកប្ប រហូតកើតបល្ល័ង្ករត្ននេះទ្រព្រះអង្គឡើងដើម្បីទទួលនូវការត្រាស់ដឹងជាប្រាកដក្នុងភពត្រៃ។ នាងហ៊ីងព្រះធរណីក៏ច្បូតសក់បញ្ចេញទឹកដែលព្រះអង្គតែងច្រូចដាក់ធរណីក្នុងការសន្សំបារមីអស់កាលអនេកអនន្តនោះ។ ទឹកដ៏ច្រើននោះក៏ហូរចេញមកជន់លិច លង់ ហើយមានពពួកសត្វឆ្លាម, មករ, ពិន្ទង, ក្រពើ, ក្រពត និងត្រីផ្សេងៗ ដេញខាំត្របាក់កំចាត់ពួក មារមានចិត្តបាបទាំងអម្បាលឲ្យបាក់បបខ្លបខ្លាច ចុះចាញ់ព្រះសម្មាសម្ពុទ្ធដែលទ្រង់ធម៌បរិសុទ្ធក្នុងគ្រានោះទៅ (រូបលេខ១២)។ នៅក្នុងកិច្ចត្រង់នេះ គេសម្តែងឲ្យមានស្រីម្នាក់កាន់ផ្តិលចេញមករលាស់ទឹកដាក់តួអង្គក្រុងមារនិងបរិវា (រូបលេខ១៣) ឯពួកមារទាំងនោះក៏ដួលដេកខ្ចាត់ខ្ចាយ ចុះចាញ់ព្រះពុទ្ធអង្គទៅ (រូបលេខ១៤)។

 រូបលេខ២

 រូបលេខ៣

រូបលេ៤

រូបលេ៥

 រូបលេខ៦

រូបលេខ៧

រូបលេខ៨

 រូបលេខ៩

រូបលេខ១០

រូបលេខ១១

 រូបលេខ១២

រូបលេខ១៣

សូមជ្រាបថា នៅស្រុកខ្មែរមានចម្លាក់បង្ហាញពីរឿងពុទ្ធប្រវត្តិត្រង់
ឈុតផ្ចាញ់មារនេះ ហើយដែលមានរូបនាងគង្ហីងច្បូតសក់ គឺ
យ៉ាងហោចណាស់ក៏តាំងពីរវាងស.វ.ទី១២ និងបន្តជាហូរហែមក
 ដូចឃើញនៅរូបលេខ១៥-១៦ ថតមកពីប្រាសាទតាព្រហ្ម ស.វ.
ទី១២ នៅតំបន់អង្គរ។ រូបលេខ១៧ ក៏ថតមកពីប្រាសាទតាព្រហ្ម
ដែរ, និងរូបលេខ១៨ ថតមកពីប្រាសាទតាព្រហ្មមួយទៀត
ស.វ.ទី១២ នៅទន្លេបាទី ខេត្តតាកែវ។

រូបលេខ១៤

 រីឯរូបលេខ១៩ ថតមកពីប្រាសាទវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលគេឆ្លាក់នៅស.វ.ទី១៦លើប្រាសាទដែលសាងតាំងពីស.វ.ទី១២។ 

កាលណាធ្វើកិច្ចពិធីបានត្រឹមត្រូវតាមសណ្តាប់ម៉ត់ចត់ដូច្នេះទៅ ទើបគេយល់ថាគ្រប់លក្ខណៈសមជាព្រះពុទ្ធរូបស្នងអង្គជាប្រធានលើពុទ្ធសាសនិកផងទាំងឡាយ ហើយគេសុខចិត្តសុខកាយថ្វាយបង្គំដោយសេចក្តីជ្រះថ្លា មិនមន្ទិលសៅហ្មងក្នុងចិត្ត (រូបលេខ២០៖ ព្រះពុទ្ធរូបដែលទើបនឹងអភិសេកហើយ ដោយឆ្លងកាត់កិច្ចពិធីតាមលំដាប់ និងមានព្រះសង្ឃរួមជាមួយពុទ្ធរិស័ទថ្វាយព្រះសព្ទសាធុការ បាចផ្កាភ្ញី វន្ទា នមស្ការ ទុកដូចជាព្រះពុទ្ធអង្គទើបនឹងបានត្រាស់ដឹងឡើង) ។ ការធ្វើអ្វីៗតាមបែបបទ តាមគន្លងធម៌ដែលមានក្នុងសង្គមជាហូរហែមកនោះ ទើបជាសណ្ដាប់ដែលនាំមកនូវសេចក្ដីសុខចម្រើនជាអង្វែងតទៅ។

 រូបលេខ១៥

 រូបលេខ១៦

រូបលេ១៧

រូបលេ១៨

 រូបលេខ១៩

រូបលេខ២០

សូមរំលឹកដែរថា ទំនៀមនេះមានមកជាយូរយារហើយ សូម្បីប្រទេសជិតខាងខ្មែរដែលគេកាន់ពុទ្ធសាសនាមាំទាំ ក៏គេនៅប្រារព្វកិច្ចពិធីខ្លះៗដូច្នេះដែរ គឺគ្មានទំនាស់អ្វីនឹងគម្ពីរពុទ្ធសាសនាឡើយ។ ទំនៀមនេះគឺដូនតាធ្លាប់ប្រតិបត្តិរៀងរហូតមក ដូចជាគ្មានផុលរមាស់អ្វីទាល់តែសោះ ហើយក្លាយទៅជាខ្លឹមសារក្នុងសង្គម និងជាឫសគល់នៃអារ្យធម៌ពុទ្ធសាសនាខ្មែរទៀតផង។