ប្លុងក្រឡាន

ដោយ ខៀវ ច័ន្ទ

ដូចយើងដឹងស្រាប់ហើយ ពាក្យថា «ប្លុង» សំដៅទៅលើការយកវត្ថុអ្វីមួយទៅទុកចោលនៅទីណាមួយ
ដោយម្ចាស់ខ្លួនមិនចេញមុខ។ ឧទាហរណ៍ បើគេនិយាយថា ប្លុងសំបុត្រ គឺមានន័យថា សំបុត្រនោះ
មានលក្ខណៈអនាមិក។ ក្នុងន័យនេះឯងដែលកិច្ចនៅក្នុងពិធីខ្លះមានវត្ថុដែលគេដាក់ប្លុង ហៅថា
«បន្លុង» ហើយដែលតែងឃើញនៅក្នុងបុណ្យសព និងបុណ្យចម្រើនអាយុ។ ប្រការដែលកិច្ចប្លុងនេះ
មាននៅក្នុងបុណ្យទាំងពីរ ដែលហាក់ដូចជាផ្សេងពីគ្នានោះ តាមពិតទៅមកពីក្នុងបុណ្យចម្រើនអាយុ
តែងមានការឧបកិច្ចថាសាមីពិធីនោះស្លាប់ម្តងសិន ហើយទើបកើតឡើងវិញ។ និមិត្តរូបនេះមាននៅក្នុង
កិច្ចដែលតែងហៅថា «ឆាក» ត្រង់ពេលដែលព្រះសង្ឃ ឬអាចារ្យទាញហូតក្រណាត់សដែលគ្រប
ដណ្តប់សាមីពិធីឲ្យចេញពីខ្លួនម្តងបន្តិចៗ។ បន្លុងនោះច្រើនជាវត្ថុនានាដែលជាគ្រឿងឧបភោគបរិភោគ
មានដូចជាមុង កន្ទេល ចាន ឆ្នាំងជាដើម ដែលគេយកទៅដាក់នៅទីណាមួយ សន្មតថាជាទីដាច់
សង្វែង។បន្ទាប់មកព្រះសង្ឃមួយអង្គធ្វើជានិមន្តកាត់តាមទីនោះហើយក៏ប្រទះឃើញវត្ថុទាំងនោះដោយ

 

ចៃដន្យ លុះរកមុខម្ចាស់មិនឃើញទីបញ្ចប់ទៅក៏ទស់យកសម្រាប់ប្រើ
ប្រាស់គេជឿថាធ្វើកិច្ចនេះទៅនឹងបានកុសលផលបុណ្យទៅដល់សព
ឬក៏សាមីពិធីនោះ។ ពោលមកនេះដើម្បីពិចារណាថាហេតុដូចម្តេច
បានជាគេប្លុងក្រឡាន ដែលហាក់ដូចជាពុំមែនទាក់ទងនឹងពិធីទាំងពីរ
នេះសោះ? 
ជាទូទៅនៅពេលថ្ងៃ ផ្ទះនីមួយៗដុតក្រឡានទាំងអស់គ្នា តិចឬច្រើនទៅ
តាមធនធាន (រូបលេខ១-៤)។

រូបលេខ១

 

រូបលេខ២

 

រូបលេខ៣

រូបលេខ៤

ជាដំបូងខ្ញុំសូមលើកយកឧទាហរណ៍បុណ្យប្លុងក្រឡានដែលឃើញនៅតំបន់អង្គរនាយប់ថ្ងៃទី១៤កើត
ខែបុស្សនៅវត្តអង្គក្រមោល (ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប) ៖

លុះដល់ពេលល្ងាច ពុទ្ធបរិស័ទនាំគ្នាជញ្ជូនទេយ្យទានមានដូចជា អង្ករ, ផ្លែឈើ, ត្រីងៀត, ត្រីឆ្អើរ,
ប្រហុក, ផ្អក, អន្សមផ្អាវ, នំនែកផ្សេងៗទៀត ព្រមទាំងក្រឡាន។ គេយកវត្ថុទាំងនេះមកដាក់ជុំគ្នា
មួយដុំ ហើយកាច់ស្លឹកឈើគ្របចោលនៅក្បែរកុដិព្រះសង្ឃ ដោយដុតធូបនិងទៀនពាត់ជុំវិញ រួច
ហើយទើបគេនាំគ្នាទៅគោះកុដិលោកជាសញ្ញា ហើយក៏នាំគ្នាមកអង្គុយដំកង់ជុំវិញគំនរវត្ថុទាំងនោះ
ដោយស្ងៀមស្ងាត់ ពុំចេញស្ដីអ្វីទាំងអស់។ បន្ទាប់មកក្មេងប្រុសៗមួយក្រុមនាំគ្នាក្រាបធ្វើជា​ស្ពាន
សម្រាប់ឲ្យលោកនិមន្តពីលើដើម្បីឆ្​លងចូលបរិវេណទេយ្យទាននោះ។ នៅពេលនោះព្រះសង្ឃ៣អង្គ
និមន្តចុះពីកុដិមកដោយកាន់ចង្ក្រត់ និងកំសៀវទឹកគ្រប់អង្គ និមន្តលើស្ពានមនុស្សដេកក្រាប។
ព្រះសង្ឃនិមន្ត៣ជុំតាមឧត្តរព័ទ្ធ (រូបលេខ៥) ហើយឈប់ទ្រឹងនៅតាមទិសធំៗទាំង៤ ដោយយក
ចង្ក្រត់ឆ្កើះស្លឹកឈើដែលគ្របពីលើទេយ្យវត្ថុនោះ និងពិចារណាដើម្បីទស់យក (រូបលេខ៦)។ កិច្ចនេះ
មានសូត្រធម៌បង្សុកូល៣ចប់ ទើបព្រះសង្ឃនិមន្តលើស្ពានមនុស្ស  (រូបេលខ៧) សំដៅទៅកុដិវិញ
ដោយមិនកាន់យួរអ្វីឡើយ។ ផុតទៅទើបអ្នកស្រុកនាំគ្នាសូត្រធម៌ «យំកិញ្ចិ» ដើម្បីឧទ្ទិសចែកបុណ្យ
ទៅដល់សត្វដទៃ រួចហើយទើបនិយាយស្តីរកគ្នាវិញធម្មតា និងនាំគ្នាជញ្ជូនទេយ្យទានទាំងនោះទុកក្នុង
ឃ្លាំងព្រះសង្ឃ។ 

 

រូបលេខ៥

 

រូបលេខ៦

រូបលេខ៧

ជាដំបូងខ្ញុំសូមលើកយកឧទាហរណ៍បុណ្យប្លុងក្រឡានដែលឃើញនៅតំបន់អង្គរនាយប់ថ្ងៃទី១៤កើត
ខែបុស្សនៅវត្តអង្គក្រមោល (ភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប) ៖ ពិធីប្លុងក្រឡាន
អាចធ្វើខុសគ្នាបន្តិចបន្តួចដែរ។ បើយកឧទាហរណ៍ដែលឃើញនៅវត្តថ្មី (ភូមិនគរក្រៅសង្កាត់គោកចក
ក្នុងតំបន់អង្គរដដែល) គឺក្រោយពីរៀបទេយ្យទានរួចហើយ អាចារ្យនិមន្តព្រះសង្ឃនមស្សការសុំសីល
សិន (រូបលេខ៨) ទើបឲ្យប្រុសៗក្រាបយកក្បាលទៅទល់ជុំវិញវត្ថុជាបន្លុងនោះ មើលទៅហាក់ដូចជា
កងចក្រមួយយ៉ាងដូច្នោះ ដើម្បីឲ្យព្រះសង្ឃនិមន្តពីលើ (រូបលេខ៩-១០) ទស់យកទេយ្យវត្ថុតាមទិស
ឧត្តរព័ទ្ធដូចគ្នាដែរ តែព្រះសង្ឃមានតែមួយអង្គប៉ុណ្ណោះ។ 

 

រូបលេខ៨

 

រូបលេខ៩

រូបលេខ១០

បើគិតតែកិច្ចសុទ្ធសាធដែលពោលអម្បាញ់មិញមើលទៅហាក់ដូចជាពិធីប្លុងក្រឡានទាក់ទងនឹងពុទ្ធ
សាសនាទាំងស្រុង ជាពិសេសពាក់ព័ន្ធនឹងការឧទ្ទិសមគ្គផល។ ម្យ៉ាងទៀតទេយ្យទានទាំងអម្បាល
ម៉ានបានទៅព្រះសង្ឃទាំងអស់។ ប៉ុន្តែបើមើលទៅរដូវកាលដែលគេប្រារព្ធនោះ ទើបឃើញថាទាក់
ទងនឹងភោគផលកសិកម្ម ដ្បិតធម្មតានៅខែបុស្សគេតែងច្រូតកាត់រួចរាល់អស់ហើយ ហើយមាន
បុណ្យផ្សេងៗទៀតដែលទាក់ទងនឹងដំណាំស្រូវ ជាពិសេសដូចជាបុណ្យពូនភ្នំស្រូវជាដើមដែលទី
បំផុត​ទៅគេយកស្រូវនោះទៅប្រគេនព្រះសង្ឃដូចគ្នា។ និយាយមួយមាត់ខ្លីមកគឺថា នេះជាបុណ្យ
សង្គមកសិករនៅជនបទ ដែលចាក់ឫសជ្រៅទៅក្នុងព្រះពុទ្ធសាសនា។