ព្រះពាន់

ដោយ ញឹម សុធាវិន

នៅក្នុង បណ្តាញពត៌មានវប្បធម៌ខ្មែរ នេះ មានអត្ថបទជាច្រើនដែលនិយាយពីអង្គរវត្ត ហើយក្នុងនោះមានមួយចំនួនដែរដែលពាក់ព័ន្ធនឹងរួត «ព្រះពាន់» (បរទេសច្រើនហៅថា Cruci form Gallery) ដោយសារតាំងពីសម័យកណ្តាលមក ទាំងខ្មែរទាំងបរទេសតែងយកវត្ថុជាទីសក្ការៈ ជាពិសេសព្រះពុទ្ធរូបមកតម្កល់នៅទីនោះ។ យូរទៅប្រតិមាកើនឡើងច្រើនសន្ធឹកសន្ធាប់ រហូតទាល់តែនៅស.វ.ទី២០ គេយកមួយចំនួនធំមករក្សាទុកនៅអភិរក្សអង្គរ ហើយខ្លះទៀតយកមកតាំងនៅសារមន្ទីរជាតិផង។ សព្វថ្ងៃនៅសល់មួយចំនួនដែរដែលគេតែងឃើញមនុស្សទៅគោរពពុំដែលដាច់ (រូបលេខ១)។

រូបលេខ១

ក្រៅពីបុរាណវត្ថុ រួតព្រះពាន់ផ្ទុកនូវសិលាចារឹកយ៉ាងច្រើនជាភាសាខ្មែរ (រូបលេខ២) ហើយមិនតែប៉ុណ្ណោះមានចារឹកជាភាសាផ្សេងៗទៀតផងដូចជា ចិន, ជប៉ុន, ភូមាជាដើម។ បើនិយាយតែពីភាសាជប៉ុន គឺគេប្រទះឃើញ១៤កន្លែង ដែលសរសេរដោយទឹកខ្មៅនៅពេលផ្សេងៗគ្នា ពោលគឺពីឆ្នាំ១៦១២ រហូតដល់១៦៣២។ ក្នុងនោះ ខ្លះពុំមានកាលបរិច្ឆេទច្បាស់លាស់ទេ ឯន័យក៏ពិបាកយល់ទៀតផង ដ្បិតជួនកាលមានមនុស្សចង្រៃទៅគូសវាសលេងលើនោះ។ អក្សរថ្មជប៉ុនដែលល្បីជាងគេនៅអង្គរវត្តនេះចារដោយលោក ម៉ូរីម៉ូតូ អ៊ុកុងដាយុ កាស្សីហ្វុសា (រូបលេខ៣-៤ ដែលមានលម្អិតហើយសម្អាតដោយកុំព្យូទ័រនៅរូបលេខ៥)។ សេចក្តីជាភាសាជប៉ុននោះទើបនឹងប្រែមកជាភាសាអង់គ្លេស៍ដោយលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីស្សាវ៉ា (សូមអាន Yoshiaki Ishizawa, “The World’s Oldest Plan of Angkor Vat: The Japanese so-called Jetavana, an Illustrated Plan of the Seventeenth Century”, Udaya 13, Phnom Penh 2015: 47-60)។ ខ្ញុំសូមប្រែសេចក្តីជាភាសាអង់គ្លេស៍នោះមកជាខ្មែរដូចតទៅ ៖

ខ្ញុំបានមកដល់ទីនេះនៅពេលចូលឆ្នាំថ្មីក្នុងឆ្នាំ១៦៣២ (ឆ្នាំទី៩នៃឆ្នាំជប៉ុនហៅថា កានេ) ជាលើកទី១។ ខ្ញុំឈ្មោះ ម៉ូរីម៉ូតូ អ៊ុកុងដាយុ កាស្សីហ្វុសា មកពីជប៉ុន មានទីលំនៅនៅហ៊ិស៊ុ (សព្វថ្ងៃហៅថាតំបន់ក្យុស៊ុ) បម្រើត្រកូលហ្វុជីវ៉ារ៉ាក្នុងឋានៈខ្ពង់ខ្ពស់មួយ។ ខ្ញុំបានធ្វើដំណើរដ៏វែងឆ្ងាយដើម្បីមកដល់ទីនេះ ក្នុងបំណងយកព្រះពុទ្ធរូបបួនអង្គមកតម្កល់ថ្វាយក្នុងពិធីដើម្បីឲ្យវិញ្ញាណខន្ធនៃអ្នករស់ព្រមទាំងអ្នកស្លាប់ទាំងឡាយបានបរិសុទ្ធថ្លា។

ខ្ញុំចារអក្សរថ្មនេះឧទ្ទិសទៅលោកឪពុកឈ្មោះ ម៉ូរីម៉ូតូ ហ្គីដាយុ ដែលកំពុងរស់នៅភូមិអ៊ីកេដា (សព្វថ្ងៃប៉ះលើទឹកដីខេត្ត អូសាកា និងខេត្ត ហ៊ីយ៉ូហ្គោ) នៅភាគខាងជើងសេស៊ី ។

ខ្ញុំចារអក្សរថ្មនេះឧទ្ទិសទៅដល់វិញ្ញាណខន្ធអ្នកម្តាយឈ្មោះ មីយ៉ូស៊ីន ដៃស៊ិ (មរណនាមព្រះពុទ្ធសាសនា) ដែលបានចែកស្ថានទៅនៅអូវ៉ារី (សព្វថ្ងៃនៅខេត្ត ហ្គិហ៊្វុ)។

ថ្ងៃទី២០ ចូលឆ្នាំថ្មី ឆ្នាំ៩កានេ (ត្រូវនឹងថ្ងៃ២៨ខែកុម្ភៈ គ.ស.១៦៣២)។

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥