សូរភី

ដោយ  ព្រាប ចាន់ម៉ារ៉ា

ទីកន្លែងខ្លះ ដូចជាភូមិស្រុក, វត្តអារាម, ទួល, បឹង, ត្រពាំង ឬឈ្មោះមនុស្សជាដើម ជួនកាលយើង
ឃើញមានឈ្មោះថា «សូរភី» (សុរភិ > សុរភី > សូរភី គឺជាពាក្យសំស្ក្រឹតមានន័ថា ដែលមានក្លិន
ក្រអូប) ហើយជួនកាលយកមកសរសេរកាត់ថា «សូភី» ក៏មាន។ សូរភី គឺជាដើមឈើម្យ៉ាង ទំហំធំ
ខ្ពស់ និងមានឈ្មោះជាវិទ្យាសាស្ត្ររុក្ខជាតិថា  Ochrocarpus siamensis Guttiferae  (រូបលេខ១)។
ដើមសូរភីមានស្លឹកទំហំប៉ុន៣-៤ធ្នាប់ដៃ ប្រវែងប្រហែលមួយចំអាម (រូបលេខ២-៣)។ដើមនេះនៅ
ពេលមានផ្កា គឺផ្កានោះដុះចេញតាំងពីគល់រហូតដល់ចុង និងនៅលើមែកនានាផង (រូបលេខ៤-៥)។
ផ្កាសូរភីមានទងដុះជុំគ្នាចេញពីពកនៅលើដើម មើលទៅរាងកញ្ចុំដូចជាគេយកម្ជុលបារាំងទៅដោត
នៅត្រង់ចំណុចតែមួយជុំគ្នាដូច្នោះ (រូបលេខ៦)។ ផ្កាក្រពុំនីមួយៗមានត្របកតូចៗក្ដោបជារាងមូល
ល្អិតៗ ពណ៌ស (រូបលេខ៧) ហើយនៅពេលរីក ត្របកផ្កាទាំងឡាយបើកឡើងចេញសរសៃឆ្មារៗ
និងមានលម្អងពណ៌លឿងនៅខាងចុងសរសៃផ្កានានា (រូបលេខ៨-៩)។ 

ផ្កាសូរភីមានក្លិនក្រអូប គួរឲ្យយើងចង់ស្រង់យកគន្ធពិដោរនោះណាស់។ យ៉ាងដូច្នេះហើយមើលទៅ
បានជាមានបទចម្រៀង ឬកំណាព្យកាព្យឃ្លោងខ្លះនិយាយទាក់ទងនឹងផ្កាសូរភីនេះ ហើយសូម្បីតែ
មនុស្សស្រីប្រុសមួយចំនួនក៏មានឈ្មោះថា «សុរភី» ឬ «សូរភី» ឬមួយសរសេរកាត់ទៅជា «សូភី»
ទៀតផងក៏មាន។ រីឯទីកន្លែងនានាដែលមានឈ្មោះថា ភូមិសូរភី, ឃុំសូរភី, ទួលសូរភី, វត្តសូរភី...
គឺប្រហែលពីមុនមកនៅទីនោះមានដើមសូរភីដូច្នោះឯង។ នេះមិនខុសអ្វីពីតំបន់ទាំងឡាយជាច្រើន
ដែលតែងតែដាក់ឈ្មោះតាមដើមឈើ ឬរុក្ខជាតិផ្សេងៗ។

រូបលេខ១

រូបលេខ២

រូបលេខ៣

រូបលេខ៤

រូបលេខ៥

រូបលេខ៦

រូបលេខ៧

រូបលេខ៨

រូបលេខ៩